ខេត្តសៀមរាប ៖ ជារឿយៗគេតែងតែឃើញរថយន្ដ ម៉ាកខុសគ្នាជាច្រើនគ្រឿងបានដឹកមកពីភ្នំពេញ មកដល់ចំណុចកំណាត់ផ្លូវកៅស៊ូខាងក្រោយផ្សារលើ ក្នុងភូមិ តាវៀន ឃុំសាលាកំរើក ស្រុកនិងខេត្តសៀមរាប ដូចដាក់វេនគ្នាដើម្បីទម្លាក់ទំនិញឲ្យម៉ូយ ។ តែចម្លែក តែរថយន្ដមួយនេះ មានស្លាកលេខ២ ខុសគ្នា ខាងមុខរថយន្ដផ្លាកលេខផ្សេង និងខាងក្រោយស្លាកលេខផ្សឹង ធ្វើឲ្យមហាជន មានមន្ទឹលសង្ស័យថា ជារថយន្ដដឹកទំនិញលោតឆ័ត្រគិចពន្ធ ។
រថយន្ដមួយគ្រឿងនេះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ២ខុសគ្នាខាងមុខ ពាក់ស្លាកលេខភ្នំពេញ3D-9841 និងខាងក្រោយ ពាក់ស្លាកលេខព្រះសីហនុ4A-3326 កំពុងទម្លាក់ទំនិញជាច្រើនសាងរ៉ឺម៉កម៉ូតូដឹកចូលទៅផ្សារលើធំថ្មី ។
ពាក់ព័ន្ធនឹងមន្ទិលសង្ស័យខាងលើនេះយើងបានសម្ភាសន៍ម្ចាស់ទំនិញម្នាក់បាន ឆ្លើយប្រាប់ថា ខ្លួនបានដឹកទំនិញទាំងនេះមកពីភ្នំពេញ ហើយបានបង់លុយ ឲ្យមន្រ្ដីគយ នៅស្វាយធំ និង គយនៅទឹកវិល រួចអស់ហើយ។
បើតាមប្រភពព័ត៌មានពីមន្រ្ដីរាជការ បានឲ្យដឹងថា សព្វថ្ងៃមានរថយន្ដដឹកទំនិញគេចពន្ធជាច្រើនគ្រឿងកំពុងចរាចរណ៍ដឹកទំនិញចូលមកខេត្តសៀមរាប ដោយមានមានការឃុបឃឹតពីមន្រ្ដីគយមួយចំនួន ដែលខ្សឹបខ្សៀវគ្នាតាមរូបមន្ដ (ឯងស្គាល់អញ អាញស្គាល់ឯង) ដោយសារតែរូបមន្ដនេះធ្វើឲ្យមន្ដ្រីមួយចំនួន សំបូរទ្រព្យធនហូរហៀរ និងធ្វើឲ្យបាត់ចំណួលរដ្នយ៉ាងក្រាស់ក្រែល ។
លោក កែវ រិទ្ធី អនុប្រធានសាខាគយខេត្តសៀមរាប មិនបានបំភ្លឺជុំវិញករណីពាក់ព័ន្ធខាងលើនេះទេ បើទោះបី អ្នកសារព័ត៏មានយើង ខំប្រឹងភ្ជាប់ទំនាក់ទំនងតាមទូស័ព្ទជាច្រើនដងក៏ដោយពុំដឹងថា លោកជាប់រវល់ ឬគិចវែសមិនហ៊ានឆ្លើយតប។
ពលរដ្នស្នើសុំឲ្យ លោក អភិបាលខេត្តសៀមរាប គួរពិនិត្យមើល ភាពមិនប្រក្រតីមួយ ចំនួនពាក់ព័ន្ធនិងមន្រ្ដីគយក្នុងខេត្តសៀមរាបនេះផង ដើម្បីជៀសវាងការបាត់បងចំណូល ពន្ធចូលរដ្ឋកាន់តែច្រើន ៕ ប៊ុន រិទ្ធី