ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ រថយន្តដឹកខ្លឹមខ្នុរបើកគៀម៉ូតូ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា ក្រឡាប់ផ្ងាជើង បណ្ដាលឱ្យស្លាប់ ២នាក់ របួសធ្ងន់ស្រាល ៨នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២២.២០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៣.១៤៤ ស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរៈសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរ បានឱ្យដឹងថា ជនរងគ្រោះខាងរថយន្តទី១-ឈ្មោះ ងួន យ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ (ស្លាប់) ទី២-ឈ្មោះ សាយ សាន ភេទប្រុស អាយុ ៥៣ឆ្នាំ (ស្លាប់) ទី៣-ឈ្មោះ រស់ ថុន ភេទប្រុស អាយុ ៣១ឆ្នាំ (ធ្ងន់) ទី៤-ឈ្មោះ ភី ភេទប្រុស អាយុ ២៩ឆ្នាំ (ធ្ងន់) ទី៥-ឈ្មោះ ដ មន ភេទប្រុស អាយុ ៤១ឆ្នាំ (ស្រាល) ទី៦-ឈ្មោះ ពួច ផល្លា ភេទប្រុស អាយុ ៣១ឆ្នាំ (ស្រាល) ទី៧-ឈ្មោះ ដ ម៉ាត់ ភេទប្រុស អាយុ ២៥ឆ្នាំ (ស្រាល) ជនរងគ្រោះទាំង ៧នាក់មានទីលំនៅភូមិព្រៃរនាត ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកភាគីខាងម៉ូតូ ត្រូវបានគេស្គាល់ឈ្មោះ ខឿន លឹម ភេទប្រុស អាយុ ២០ឆ្នាំ (ស្រាល) និងអ្នករួមដំណើរទី១-ឈ្មោះ ត ក្ដឹប ភេទប្រុស អាយុ ២៤ឆ្នាំ (ធ្ងន់) និងទី២-ឈ្មោះ ថា ហេង ភេទប្រុស អាយុ ២២ឆ្នាំ (ធ្ងន់) អ្នកទាំង ៣នាក់មានទីលំនៅភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកអធិការបន្ដថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1025 ដឹកខ្លឹមខ្នុរពេញរថយន្តធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើត លុះទៅដល់ចំណុចខាងលើ កៀនឹងម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ បណ្ដាលឱ្យរថយន្តក្រឡាប់ច្រើនត្រឡប់ ចាក់ឈើខ្នុររាយប៉ាយ បណ្ដាលឱ្យស្លាប់ និងរបួសធ្ងន់ស្រាល រដូករណេលពេញផ្លូវជាតិតែម្តង ។
លោកអធិការនគរបាលស្រុកក្រគរ បន្ដតទៀតថា ជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចចាត់ចែងយករថយន្តសាមុយដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី ។
ដោយ៖ ប៉ឹម ពិន