ភ្នំពេញ៖ នៅវេលាម៉ោង០០និង៣០នាទីរំលលអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនសង្ស័យមួយក្រុមមានគ្នា១០ទៅ១៥នាក់ ប្រដាប់ដោយដាវស៊ាំមូរ៉ៃកាប់ប្លន់យកម៉ូតូ MSX ពីរយុវជនមួយក្រុមមានគ្នា៦ទៅ៧នាក់ដែលទើបតែចេញពីររត់តុការ បណ្ដាលឲ្យរងរបួសស្រាលបីនាក់ រួចជនសង្ស័យបានយកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។
ករណីប្លន់យកម៉ូតូបានសម្រេចខាងលើនេះ កើតឡើងនៅចំណុចមុខក្បែរធានាគារ ANZ រ៉ូយ៉ាល់តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលជាម្ចាស់ម៉ូតូឈ្មោះភិម សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាអ្នករត់តុនៅភោជនីដ្ឋានឡាក់គីស្ទារ នៅម្ដុំផ្សារដើមគរ និងមានស្រុកកំណើតក្នុងភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
បើតាមសម្ដីជនរងគ្រោះ និងបក្ខពួករបស់គេបានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួគគេ(ជនរងគ្រោះ)មានគ្នា៧នាក់ជិះម៉ូតូ៣គ្រឿង ទី១ ម៉ាកហុងដាឌ្រីម ទី២ម៉ាកហុងដាគុបជ្រុង និងទី៣ម៉ាកហង់ដា MSX (ជនសង្ស័យយកទៅ)បានចេញពីររត់តុនៅម្ដុំផ្សារដើមគ ហើយនៅវេលាម៉ោង១២ជាង ពួគគេបាននាំគ្នាមកបើកលុយពីរថៅកែនៅម្ដុំផ្សារទួលទំពូង ។
ពេលបើកលុយរួចហើយពួកគេបានជិះម៉ូតូចេញពីរផ្ទះថៅកែ មកតាមផ្លូវ២៧១ ទិសដៅពីជើងទៅត្បូងបំណងទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យជិះម៉ូតូ៥ទៅ៦គ្រឿង មានគ្នា១០ទៅ១៥នាក់ ប្រដាប់ដោយដាវស៊ាំមូរ៉ៃ មកស្ទាក់កាប់បណ្ដាលឲ្យរងរបួសរយះដៃ និងខ្នង ចំនួនបីនាក់ តែរងរបួសស្រាលនោះទេ។
ដោយឡែកក្រុមជនសង្ស័យឃើញម៉ូតូម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FE.8908 របស់ជនរងគ្រោះដែលដួលនៅឆ្ងាយពីជនរងគ្រោះ ហើយជាឱកាសល្អ ក៏លើកម៉ូតូជិះគេចខ្លូនបាត់ស្រមោលអស់ភ្លាមៗពីកន្លែងកើតហេតុតែម្ដង។
ក្រោយពេលកើតហេតុជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីឲ្យសមត្ថកិច្ចងាយស្រួលស្វែងរកមុខសញ្ញាតាមចាប់ជនសង្ស័យ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕
ដោយ៖ ភារ៉ា