ខេត្តកំពង់ឆ្នាំង៖ បទល្មើសនេសាទចំនួន២កន្លែងជ្រកក្រោមស្លាកសហគមន៍នេសាទ ដែលក្រុមជនខិលខូចបានដាក់របាំងផ្ជិតព្រែកត្រូវបានធ្វើការរុះរើនិងដុតកំទេចចោល ដោយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលសេដ្ឋខេត្តកំពង់ឆ្នាំង ។
លោកប៉ុន ស្នេហា ជាមន្ត្រីនគរបាលនាយកដ្ឋាននៃក្រសួងមហាផ្ទៃ ស្ថិតក្នុងប្រតិបត្តិការនេះបានអោយដឹងថា នៅពេលដែលកំលាំនគរបាលសេដ្ឋកិច្ចចុះទៅដល់បានរុះរើរបាំងសាច់អួនក្រឡាញឹក ដែលមានប្រវែងរាប់រយម៉ែត្រ បានដាក់ផ្ជិតមាត់ព្រែក ធ្វើអោយស្ទះការចរាចរណ៍ធ្វើដំណើររបស់ត្រី ។ របាំងទាំងពីរកន្លែងនេះស្ថិតនៅក្នុងព្រែកយួន ព្រែករុំលិច ព្រែកភ្លង ស្ថិតក្នុងស្រុកជលើគីរី ។
ជាមួយនេះក្រុមជនខិលខូចបានបំភ័ណ្ឌភ្នែករបស់សមត្ថកិច្ច ដោយអះអាងថា របាំងសង់ផ្ជិតព្រែកចាប់យកត្រីនេះគឺជារបស់សហគមន៍នេសាទ ថាដើម្បីយកផលនេសាទដែលបានពីបទល្មើសនេសាទនេះយកទៅអភិវឌ្ឍន៍សហមន៍របស់ខ្លួន ។
មន្ត្រីនគរបាលរូបនោះបានអោយដឹងទៀតថា ប្រសិនបើមិនការទប់ស្កាត់មិនបានោះទេ ក្រុមជនខិលខូចនិងប្រើវិធីដើម្បីចាប់យកត្រី បំផ្លាញធនធានធម្មជាតិ ហើយផលប្រយោជន៍ មិនបានដល់ប្រជានេសាទពិតប្រាកដនោះ គឺពួកជនខិលខូចនឹងយកផលនេះដាក់ក្នុងហោប៉ៅរៀងៗខ្លួនតែម្តង ។
ប្រភពមួយបានបង្ហើបអោយដឹងថា បទល្មើសនេសាទដែលមានទ្រង់ទ្រាយធំរបៀបនេះហើយក្រុមជនខិលខូចអាចដំណើរការដាក់បាននោះគឺដោយសារតែ មន្ត្រីជំនាញ និង អាជ្ញាធរមូលដ្ឋាន ត្រូវរូវគ្នាជាប្រព័ន្ធបើមិនបង់លុយអោយជំនាញ និង អាជ្ញាធរមូលដ្ឋាននោះទេ កុំស្មានថានៅសុខអោយសោះ ។
ប្រភពបានទម្លាយអោយដឹងថា បទល្មើសនេសាទនៅតាមដងទន្លេចាប់តាំងពីរដូវបើកនេសាទមកគឺ មានជាច្រើនកន្លែង ហើយមានបទល្មើសផ្សេងៗគ្នាទាំងធំនិងតួច ដែលឈ្មួញល្មើសនេសាទបានប្រើគ្រប់វិធីសាស្ត្រដើម្បីចាប់ត្រី ទោះជាខុសច្បាប់ហាមឃាត់ក៍ដោយ ។ តែដោយឈ្មួញទាំងនេះបានរត់ការបង់លុយទៅអោយជំនាញ អាជ្ញាធរ កម្លាំងសមត្ថកិច្ច គ្រប់ច្រកល្ហក ហើយតាមប្រភពក្នុងមួយអង្គភាពៗចំណាយមិនតិចជាង១០០០ដូល្លានោះទេ ៕
ដោយ៖ ចន្ថា