ក្រុមខ្មាន់កាំភ្លើងសង្ស័យថា ជាក្រុមឧទ្ទាមបានវាយប្រហារចូលកាន់សណ្ឋាគារយ៉ាងប្រណីតមួយស្ថិតនៅក្នុងរដ្ឋធានីប្រទេសម៉ាលីកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយប្រើកាំភ្លើងស្វ័យប្រវត្តិចាប់ចំណាប់ខ្មាំងភ្ញៀវនៅទីនោះជាង១០០នាក់ និងបាញ់ប្រហារសម្លាប់មនុស្សយ៉ាងតិច២៧នាក់ ។
បណ្តាញទូរទស្សន៍ក្នុងស្រុកបានផ្សព្វផ្សាយថា កងកម្លាំងពិសេសរបស់រដ្ឋាភិបាលបានធ្វើប្រតិបត្តិការពីជាន់មួយទៅជាន់មួយទៀតនៃសណ្ឋាគារ Radisson Blu ក្នុងរដ្ឋធានី Bamako ដើម្បីរំដោះជនរងគ្រោះ ។ ប្រតិបត្តិការនេះបានបញ្ចប់ទៅវិញក្នុងរយៈពេល៩ម៉ោង ។
សកម្មភាពវាយប្រហារខាងលើនេះ បានធ្វើឲ្យប្រទេសបារាំងដាក់ការសង្ស័យថា ហាក់ដូចជាស្ថិតក្រោមការបញ្ជារបស់មេឧទ្ទាមនៅក្នុងប្រទេសនីហ្សេរីយ៉ាឈ្មោះ Mokhtar Belmokhtar ។ ពិភពលោកទាំងមូលមានការព្រួយបារម្ភជាខ្លាំងអំពីការគំរាមកំហែងរបស់ក្រុមឧទ្ទាម បន្ទាប់ពីមួយសប្តាហ៍ក្រោយការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងប៉ារីស បណ្តាលឲ្យមនុស្ស១៣០នាក់បាត់បង់ជីវិតនោះ ។
បណ្តាញទូរទស្សន៍ម៉ាលីបានផ្សព្វផ្សាយឲ្យឃើញទិដ្ឋភាពចលាចលនៅកន្លែងកើតហេតុ ខាងក្នុងសណ្ឋាគារនោះ ខណៈដែលកងកម្លាំងប៉ូលិសកំពុងអមខ្លួនការពាររំដោះជនរងគ្រោះចាកចេញពីទីតាំងកើតហេតុ ។
កម្លាំងសន្តិសុខទីក្រុងម៉ាលីបានអះអាងថា យ៉ាងហោចណាស់ចំណាប់ខ្មាំង២៧នាក់ត្រូវបានសម្លាប់ និងបានបញ្ជាក់ថា កងកម្លាំងពិសេសរបស់ប្រទេសបារាំងបានចូលរួមធ្វើប្រតិបត្តិការនេះជាមួយកងកម្លាំងរបស់ម៉ាលីផងដែរ ។
ប្រភពពីយោធាម៉ាលីបានថ្លែងថា ការចាប់ជាចំណាប់ខ្មាំងត្រូវបានបញ្ចប់ យើងបាននិងកំពុងរៀបចំដំណើរការឲ្យមានសន្តិសុខឡើងវិញនៅក្នុងសណ្ឋាគារនេះ ។ កងកម្លាំងពិសេសអាមេរិកបានអះអាងថា បានជួយសង្គ្រោះជនអាមេរិក៦នាក់ផងដែរ ។
លោក Jean-Yves Le Drian រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសបារាំងបានបញ្ជាក់ថា ប្រទេសជាច្រើនបាននិងកំពុងស្វែងរកចាប់ខ្លួនឈ្មោះ Belmokhtar មេដឹកនាំរបស់ក្រុម Al-Murabitoun ។ មេឧទ្ទាមដែលមានភ្នែកម្ខាងនេះត្រូវបានគេជឿជាក់ថា ជាអ្នករៀបចំគម្រោងការចាប់ចំណាប់ខ្មាំងនៅរោងចក្រថាមពលនៅប្រទេសអាល់ហ្សេរីក្នុងឆ្នាំ២០១៣ ដែលជនរងគ្រោះរាប់សិបនាក់ ភាគច្រើនជាបុគ្គលិកបរទេសនោះត្រូវបានសម្លាប់ ។
លោក Le Drian បានប្រាប់បណ្តាញទូរទស្សន៍ TF1«គាត់ទំនងជានៅពីក្រោយខ្នងការវាយប្រហារនេះ ប៉ុន្តែទោះបីយ៉ាងណា យើងមិនទាន់ច្បាស់ជាក់លាក់នៅឡើយទេ» ។
ក្រុមឧទ្ទាម Al-Murabitoun បានប្រកាសថា ក្រុមខ្មាន់កាំភ្លើងរបស់ខ្លួនជាអ្នកវាយប្រហារទៅលើសណ្ឋាគារខាងលើ នេះ។ ខ្សែអាត់សំឡេងថតចម្លង និងផ្សព្វផ្សាយបន្តនៅលើទូរទស្សន៍ Al-Jazeera មានមូលដ្ឋាននៅប្រទេសកាតា បញ្ជាក់ថា «យើងជា Murabitoun ដោយរួមជាមួយបងប្អូនរបស់យើងមកពីអាល់កៃដា និង Islam Maghreb ផង បានធ្វើការរួមគ្នាចាប់ចំណាប់ខ្មាំងនៅសណ្ឋាគារ Radisson នោះ» ។
សណ្ឋាគារ Radisson មាន១៩០បន្ទាប់ ត្រូវគេចាត់ទុកថាជាសណ្ឋាគារដែលល្អបំផុតនៅតំបន់អាហ្វ្រិកភាគខាងលិច ទាក់ទាញ់ភ្ញៀវជាតិ និងអន្តរជាតិ អ្នកទេសចរណ៍ និងមន្ត្រីរដ្ឋាភិបាលជុំវិញពិភពលោកទៅសម្រាក និងកម្សាន្ត សោយសេចក្តីសុខនៅទីនោះ ។
សាក្សីបានអះអាងថា ក្រុមខ្មាន់កាំភ្លើងមានគ្នាជាង១០នាក់ ប៉ុន្តែយោធាម៉ាលីអះអាងថា ក្រុមភេរវកម្មមាន៣នាក់ប៉ុណ្ណោះ ដែលបាញ់សម្លាប់ខ្លួនឯង ឬបំផ្ទុះសម្លាប់ខ្លួនឯងនោះ ។ ប្រភពអះអាងថា ខ្មាន់កាំភ្លើងមានគ្នាមិនលើសពី៤នាក់នោះឡើយ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត