ក្រុម​ឧទ្ទាម​វាយលុក​ចូល​សណ្ឋាគារ​នៅ​ម៉ា​លី​ ស្លាប់​២៧​នាក់​ និង​ចាប់​ចំណាប់ខ្មាំង​ជាង​១០០​នាក់

ចែករំលែក៖

​ក្រុម​ខ្មាន់កាំភ្លើង​សង្ស័យ​ថា​ ជា​ក្រុម​ឧទ្ទាម​បាន​វាយប្រហារ​ចូល​កាន់​សណ្ឋាគារ​យ៉ាង​ប្រណីត​មួយ​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​ប្រទេស​ម៉ា​លី​កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដោយ​ប្រើ​កាំភ្លើងស្វ័យប្រវត្តិ​ចាប់​ចំណាប់ខ្មាំង​ភ្ញៀវ​នៅ​ទីនោះ​ជាង​១០០​នាក់​ និង​បាញ់ប្រហារ​សម្លាប់​មនុស្ស​យ៉ាងតិច​២៧​នាក់​ ។

mali-rescue

​បណ្តាញ​ទូរទស្សន៍​ក្នុងស្រុក​បាន​ផ្សព្វផ្សាយ​ថា​ កងកម្លាំង​ពិសេស​របស់​រដ្ឋាភិបាល​បាន​ធ្វើ​ប្រតិបត្តិការ​ពី​ជាន់​មួយ​ទៅ​ជាន់​មួយទៀត​នៃ​សណ្ឋាគារ​ Radisson​ Blu​ ក្នុង​រដ្ឋធានី​ Bamako​ ដើម្បី​រំដោះ​ជន​រង​គ្រោះ​ ។​ ប្រតិបត្តិការ​នេះ​បាន​បញ្ចប់​ទៅ​វិញ​ក្នុង​រយៈពេល​៩​ម៉ោង​ ។​

​សកម្មភាព​វាយប្រហារ​ខាងលើ​នេះ​ បាន​ធ្វើ​ឲ្យ​ប្រទេស​បារាំង​ដាក់​ការ​សង្ស័យ​ថា​ ហាក់ដូចជា​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​មេ​ឧទ្ទាម​នៅ​ក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា​ឈ្មោះ​ Mokhtar​ Belmokhtar​ ។​ ពិភពលោក​ទាំងមូល​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​ការ​គំរាមកំហែង​របស់​ក្រុម​ឧទ្ទាម​ បន្ទាប់​ពី​មួ​យស​ប្តា​ហ៍​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្នុង​ទី​ក្រុងប៉ារីស​ បណ្តាល​ឲ្យ​មនុស្ស​១៣០​នាក់​បាត់បង់​ជីវិត​នោះ​ ។​

​បណ្តាញ​ទូរទស្សន៍​ម៉ា​លី​បាន​ផ្សព្វផ្សាយ​ឲ្យ​ឃើញ​ទិដ្ឋភាព​ចលាចល​នៅ​កន្លែង​កើតហេតុ​ ខាងក្នុង​សណ្ឋាគារ​នោះ​ ខណៈ​ដែល​កងកម្លាំង​ប៉ូលិស​កំពុង​អម​ខ្លួន​ការពារ​រំដោះ​ជន​រង​គ្រោះ​ចាក​ចេញពី​ទីតាំង​កើតហេតុ​ ។​

​កម្លាំង​សន្តិសុខ​ទីក្រុង​ម៉ា​លី​បាន​អះអាង​ថា​ យ៉ាង​ហោច​ណាស់​ចំណាប់ខ្មាំង​២៧​នាក់​ត្រូវ​បាន​សម្លាប់​ និង​បាន​បញ្ជាក់​ថា​ កងកម្លាំង​ពិសេស​របស់​ប្រទេស​បារាំង​បាន​ចូលរួម​ធ្វើ​ប្រតិបត្តិការ​នេះ​ជាមួយ​កងកម្លាំង​របស់​ម៉ា​លី​ផង​ដែរ​ ។​

​ប្រភព​ពី​យោធា​ម៉ា​លី​បាន​ថ្លែង​ថា​ ការ​ចាប់​ជា​ចំណាប់ខ្មាំង​ត្រូវ​បាន​បញ្ចប់​ យើង​បាន​និង​កំពុង​រៀបចំ​ដំណើរការ​ឲ្យ​មាន​សន្តិសុខ​ឡើង​វិញ​នៅ​ក្នុង​សណ្ឋាគារ​នេះ​ ។​ កងកម្លាំង​ពិសេស​អា​មេ​រិ​កបាន​អះអាង​ថា​ បាន​ជួយ​សង្គ្រោះ​ជន​អា​មេ​រិ​ក​៦​នាក់​ផង​ដែរ​ ។​

​លោក​ Jean-Yves​ Le​ Drian​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រទេស​បារាំង​បាន​បញ្ជាក់​ថា​ ប្រទេស​ជា​ច្រើន​បាន​និង​កំពុង​ស្វែងរក​ចាប់ខ្លួន​ឈ្មោះ​ Belmokhtar​ មេដឹកនាំ​របស់​ក្រុម​ Al-Murabitoun​ ។​ មេ​ឧទ្ទាម​ដែល​មាន​ភ្នែក​ម្ខាង​នេះ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ ជា​អ្នក​រៀបចំ​គម្រោងការ​ចាប់​ចំណាប់ខ្មាំង​នៅ​រោងចក្រ​ថាមពល​នៅ​ប្រទេស​អាល់​ហ្សេ​រី​ក្នុង​ឆ្នាំ​២០១៣​ ដែល​ជន​រង​គ្រោះ​រាប់​សិប​នាក់​ ភាគច្រើន​ជា​បុគ្គលិក​បរទេស​នោះ​ត្រូវ​បាន​សម្លាប់​ ។​

​លោក​ Le​ Drian​ បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​ TF1«​គាត់​ទំនងជា​នៅ​ពីក្រោយ​ខ្នង​ការ​វាយប្រហារ​នេះ​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ យើង​មិន​ទាន់​ច្បាស់​ជាក់លាក់​នៅឡើយ​ទេ​»​ ។​

​ក្រុម​ឧទ្ទាម​ Al-Murabitoun​ បាន​ប្រកាស​ថា​ ក្រុម​ខ្មាន់កាំភ្លើង​របស់​ខ្លួន​ជា​អ្នក​វាយប្រហារ​ទៅ​លើ​សណ្ឋាគារ​ខាងលើ​ នេះ​។​ ខ្សែអាត់​សំឡេង​ថតចម្លង​ និង​ផ្សព្វផ្សាយ​បន្ត​នៅ​លើ​ទូរទស្សន៍​ Al-Jazeera​ មាន​មូលដ្ឋាន​នៅ​ប្រទេស​កា​តា​ បញ្ជាក់​ថា​ «​យើង​ជា​ Murabitoun​ ដោយ​រួម​ជាមួយ​បងប្អូន​របស់​យើង​មក​ពី​អាល់​កៃ​ដា​ និង​ Islam​ Maghreb​ ផង​ បាន​ធ្វើការ​រួម​គ្នា​ចាប់​ចំណាប់ខ្មាំង​នៅ​សណ្ឋាគារ​ Radisson​ នោះ​»​ ។​

​សណ្ឋាគារ​ Radisson​ មាន​១៩០​បន្ទាប់​ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​សណ្ឋាគារ​ដែល​ល្អ​បំផុត​នៅ​តំបន់​អាហ្វ្រិក​ភាគ​ខាងលិច​ ទាក់ទាញ់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ អ្នក​ទេសចរណ៍​ និង​មន្ត្រី​រដ្ឋាភិបាល​ជុំវិញ​ពិភពលោក​ទៅ​សម្រាក​ និង​កម្សាន្ត​ សោយ​សេចក្តីសុខ​នៅ​ទីនោះ​ ។​

​សាក្សី​បាន​អះអាង​ថា​ ក្រុម​ខ្មាន់កាំភ្លើង​មាន​គ្នា​ជាង​១០​នាក់​ ប៉ុន្តែ​យោធា​ម៉ា​លី​អះអាង​ថា​ ក្រុម​ភេរវកម្ម​មាន​៣​នាក់​ប៉ុណ្ណោះ​ ដែល​បាញ់​សម្លាប់​ខ្លួនឯង​ ឬ​បំផ្ទុះ​សម្លាប់​ខ្លួនឯង​នោះ​ ។​ ប្រភព​អះអាង​ថា​ ខ្មាន់កាំភ្លើង​មាន​គ្នា​មិន​លើស​ពី​៤​នាក់​នោះ​ឡើយ​ ៕​

semali-window

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print