ខេត្តកំពត៖ យុវតីម្នាក់បានបាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវរថយន្តបុកពីក្រោយ ខណៈដែលនាងកំពុងជិះម៉ូតូលើដងផ្លូវជាតិលេខ៤១ ក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះរឿន ចន្ថា អាយុ ១៧ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្ដថា មុនពេលហេតុការណ៍កើតឡើង គេឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ៤១ ខណៈនោះស្រាប់តែមានរថយន្តកាមរីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2B-3330 បើកមកពីក្រោយក្នុងលឿនយ៉ាងលឿន។ លុះមកដល់ចំណុងកើតហេតុ នារីរងគ្រោះក៏បានបត់ម៉ូតូឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្ដបុកពេញទំហឹង បណ្ដាលឲ្យនារីរងគ្រោះដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។ ពេលនោះអ្នកបើកបរបានឈប់រថយន្ត រួចរត់គេចខ្លួនបាត់តែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ច បានទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ តែជាអកុលសជនរងគ្រោះបានបាត់បង់ ជីវិតបន្ទាប់ពីចូលដល់មន្ទីរពេទ្យក្នុងរយៈពេលខ្លី ៕
ដោយ៖ សហការី