ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ខណៈកំពុងបើកម៉ូតូជូបប្រពន្ឋទៅធ្វើការរោងចក្រ តែជាអកុសលមានរថយន្តដឹកស្រូវមួយគ្រឿងបើកមកបុកចំពីមុខយ៉ាងពេញទំហឹង និងអូសជិត៥០ម៉ែត្រ ហើយរថយន្តបង្កនោះមិនបានឈប់ទេ ក៏បន្ថែមល្បឿនទៅបុករថយន្ត២គ្រឿងទៀត បណ្តាលឱ្យរថយន្តបង្កនោះក្រឡាប់ធ្លាក់បាវស្រូវពេញផ្លូវ តែទោះបីជាយ៉ាងណា អ្នកបើកបរបង្ក ត្រូវនគរបាលចរាចរណ៍ឃាត់ខ្លួនបានភ្លាមៗផងដែរ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹក ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចចន្លោះគីឡូលេខ៣១-៣២ ក្នុងភូមិបឹងព័ទ្ធ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចនគរបាលស្រុកគងពិសីបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះម៉ម សម អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិទួលខ្មៀស ឃុំផុង ស្រុកបរសេដ្ឋ ជិះម៉ូតូធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ1AV-1430 ។ ចំណែកឯជនបង្កឈ្មោះរឿង តារា អាយុ៤៤ឆ្នាំ ជាអ្នកបើករថយន្តដឹកស្រូវពាក់ស្លាកលេខតាកែវ3A-2120 ។
ប្រភពពីសាក្សីនៅជិតកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកចំណុចកើតហេតុ ក៏ជ្រុលទៅម៉ូតូរងគ្រោះដេលកំពុងជិះឌុបប្រពន្ឋចំពីមយខពេញមួយទំហឹងនិងអូសចម្ងាយជិត៥០ម៉ែត្រ បណ្តាលឱ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង ។ មិនតែប៉ុណ្ណោះ រថយន្តបង្កមិនព្រមឈប់ដោះស្រាយទេ បានបន្ថែមល្បឿនប្រុងគេចខ្លួន តែជ្រុលទៅរថយន្ត២គ្រឿងទៀតដែលកំពុងឈប់ចាំដឹកកម្មករនិងមួយគ្រឿងទៀតបញ្ច្រាសទិសគ្នាបណ្តាលអោយក្រឡាប់ចាក់ស្រូវរាយប៉ាយទីបំផុតអ្នកបើករថយន្តបង្កត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចតែម្តង។
មជ្ឈដ្ឋានប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា មុនដំបូងគេឃើញរថយន្តបង្កបើកម្តងរេទៅឆ្វេងម្តងរេទៅស្តាំដែលមើលទៅតៃកុងឡានហាក់បីដូចជាងងុយដេក ។ លុះមកដល់ចំណុចកើតហេតុ ក៏បុកម៉ូតុហើយរេទៅបុកឡានជាច្រើនគ្រឿងទៀតបណ្តាលអោយកម្មករ កម្មការិនីមួយចំនួនរងបួសធ្ងន់ និងស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ និងបានបញ្ជូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យ ចំណែកសព សមត្ថកិច្ចយកទៅដំកល់ទុកនៅមណ្ឌលសុខភាពស្រុកគងពិសី រង់ចាំសាច់ញាតិមកទទួលទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតតាងទាំងអស់ សមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុករង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕
ដោយ៖ សេនាស័ក្តិ