លោកប៉ា សុជាតិវង្ស សម្ដែងការខកចិត្ដយ៉ាងខ្លាំងចំពោះក្រុមហ៊ុន លឹម ហេងគ្រុប ដែលគ្រប់គ្រង ផ្សារអូឬស្សីមិនបានល្អ

ចែករំលែក៖

ភ្នំពេញ៖ អភិបាល​រាជធានី​ភ្នំពេញ​លោកប៉ា សុជាតិ​វង្ស​បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះក្រុម​ហ៊ុន​ ដែល​គ្រប់គ្រង​ផ្សារ​អូរឫស្សី ដោយហេតុថា​ ផ្សារ​នេះ​ទាំង​សោ​ភណ្ឌ​ភាព​ខាងក្នុង​ខាងក្រៅ ការរៀបចំ​សណ្ដាប់ធ្នាប់​មិន​សមជា​ផ្សារ ​នៅ​កណ្តាល​ក្រុង​នោះ​ទេ វា​អន់​ជាង​ផ្សារ​នៅ​តាម​ជនបទ​ថែម​ទៀត​ផង ដែល​បញ្ហា​នេះ​ក្រុម​ហ៊ុន ​គួរតែ​កែសម្រួល​ឡើងវិញ មិន​អាច​ធ្វើ​ដូច្នេះ​បន្ត​ទៀត​ទេ ។

ការ​សម្តែង​ការ​ខកចិត្ត ចំពោះ​ក្រុម​ហ៊ុន​គ្រប់គ្រង​ផ្សារ​អូរឫស្សី​នេះ លោកប៉ា សុជាតិ​វង្ស​បាន​សម្ដែង​ឲ្យ​ឃើញ គឺ​ក្នុង​ខណៈ​ដែល​លោក​អភិបាល អភិបាលរង រួម​និង​មន្ត្រី​មួយ​ចំនួនទៀត ចុះ​មក​ពិនិត្យ​ការរៀបចំ​សណ្ដាប់ធ្នាប់​នៅក្នុង​ផ្សារ​អូរឫស្សី កាលពី​ព្រឹក​ថ្ងៃទី​២១ វិច្ឆិកា ហើយ​តំណាង​ក្រុម​ហ៊ុន គ្រប់គ្រង​ផ្សារ​មួយ​នេះ​ក៏បាន​អម​ដំណើរ​ផង​ដែរ ។

លោកប៉ា សុជាតិ​វង្ស​ បាន​មានប្រសាសន៍​លើក​ឡើង​ថា បើ​យើង​មើល​ពី​សោ​ភណ្ឌ​ភាព​ទាំងស្រុង​នៃ​ផ្សារ​ទាំងមូល គឺ​មិន​សមជា​ផ្សារ​នៅ​កណ្ដាល​ក្រុង​នោះ​ទេ វា​អន់​ជាង​ផ្សារ​នៅ​តាម​ជនបទ​ថែម​ទៀត​ផង។ ក្រុម​ហ៊ុន​គិតតែ​ពី​យក​លុយ មិន​គិត​ពី​ការអភិវឌ្ឍន៍​ផ្សារ​អោយ​សមជា​ផ្សារ​នៅ​កណ្ដាល​ក្រុង​សោះ ។​ លើ​បញ្ហា​នេះ​លោកប៉ា សុជាតិ​វង្ស​ បាន​ណែនាំ​អោយ​ក្រុម​ហ៊ុន​ ធ្វើការ​កែសម្រួល​ឡើងវិញ ទាំង​ការរៀបចំ​សោ​ភណ្ឌ​ភាព​ផ្សារ ការរៀបចំ​សណ្ដាប់ធ្នាប់ បរិស្ថាន​និង​កា​រៀបចំ​ចំណត​ជាដើម។លើ​ការរៀបចំ​ចំណត​នេះ​ជា​ការ​ងារ​ ដែល​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ស្អាត ជា​ចំណត​បង់​ប្រាក់ ។

លោកប៉ា សុជាតិ​វង្ស​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ការ​ចុះ​មក​ពិនិត្យ​នេះ មាន​ចំណុច​២ ដែល​លោក​ចាប់អារម្មណ៍​ខ្លាំង និង​តម្រូវ​ឲ្យ​កែប្រែ ទី​១.​ត្រូវ​រៀបចំ​ទីស្នាក់ការ​ផ្សារ​ឡើងវិញ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​បំពេញការងារ​ទាំង​ការ​ថែរក្សា​សន្តិសុខ និង​ការរៀបចំ​សណ្ដាប់ធ្នាប់​ជាដើម ព្រោះ​មាន​លក្ខណៈ​តូច​ចង្អៀត​ពិបាកធ្វើ​ការ ទី​២.​ឲ្យ​មានការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សណ្ដាប់ធ្នាប់​សាធារណៈ​ទាំង​ខាងលើ ខាងក្រោយ​និង​ខាងក្រៅ​ឲ្យ​បាន​ល្អ ដោយ​បច្ចុប្បន្ននេះ ​ឃើញ​ថា ​សណ្ដាប់ធ្នាប់​មិនទាន់​រៀបរយ​នៅឡើយ​ទេ ។

លោកប៉ា សុជាតិ​វង្ស​មានប្រសាសន៍​បន្ត​ទៀត​ថា នៅ​ពេល​ខាងមុខនេះ ជា​ទិសដៅ​របស់​សាលា​រាជធានី​ភ្នំពេញ ផ្សារ​អូរឫស្សី​ត្រូវតែ​ធ្វើការ​កែសម្រួល​ជា​ចាំបាច់ ដូច្នេះ​ក្រុម​ហ៊ុន​លឹម ហេង គ្រុម​ដែល​ជា​ក្រុម​ហ៊ុន​ទទួល​សិទ្ធិ​គ្រប់គ្រង​ផ្សារ​អូរឫស្សី​ត្រូវតែ​គូរ​ប្លង់​ជាថ្មី ហើយ​យក​មក​ឆ្លង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​និង​សម្រេច​ជា​ក្រោយ ។ ជាង​នេះ​ទៅទៀត​សាលា​រាជ​ធានី​ភ្នំពេញ​នឹង​បង្កើត​ជា​អង្គប្រជុំ​មួយ មុននឹង​ឈាន​ទៅ​ដល់​ការ​រៀប​ឧបសម្ពន្ធ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ផ្សារ​អូរឫស្សី សមជា​ផ្សារ​នៅ​កណ្ដាល​ក្រុង ។

សូមបញ្ជាក់ថា៖ ផ្សារ​អូរឫស្សី ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​ឯកជន លឹម ហេង​គ្រុបចំនួន​៧០​ឆ្នាំ ដោយ​ចាប់​ផ្តើម​កាលពី​ឆ្នាំ​២០០០ តែ​មកដល់ពេលនេះ​បាន​រយៈពេល​ត្រឹមតែ​១៥​ឆ្នាំ​ប៉ុណ្ណោះ ពិ​ដាន​នៃ​តួ​ផ្សារ​មួយ​ចំនួន ​ត្រូវ​បាន​ពុក​ផុយ​ចេញ​សរសៃ​ដែក​ទៅ​ហើយ ហើយ​ជុំវិញ​បញ្ហា​នេះ​លោកប៉ា សុជាតិ​វង្ស​ក៏បាន​ណែនាំ​អោយ​ក្រុម​ហ៊ុន​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​ផង​ដែរ ៕



IMG_3095.JPG

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print