ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបរងការគម្រាមកំហែងវាយប្រហារភេរវកម្ម ពីក្រុមអិស្លាមបង្កើតរដ្ឋដោយសារតែប្រទេសទាំងនោះបានគាំទ្រដល់ការវាយប្រហារទៅលើក្រុមភេរវកម្មនៅក្នុងប្រទេស៊ីរី។ប្រទេសនៅក្នុងតំបន់អឺរ៉ុបដែលរងការគម្រាមខ្លាំងជាគេនោះគឺប្រទេសដែលមានព្រំប្រទល់ ជាប់បារាំងដូចជា ប៊ែលហ្ស៊ិក បានកំពុងតែគំរាមកំហែងខ្លាំង ខាងភេរវកម្ម ក្រោយពីមានការវាយប្រហារ នៅទីក្រុងប៉ារីស ដែលបណ្តាលឲ្យស្លាប់ ១៣២នាក់ និងរបួសជាច្រើនរយនាក់កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ យោងតាម Reuters ចេញផ្សាយព្រឹក ថ្ងៃសៅរ៍ ទី២១ វិច្ឆិកានេះ ។
កងកម្លាំងសន្តិសុខ ប៊ែលហ្ស៊ិក បានកំពុងតែប្រុងប្រយ័ត្នខ្ពស់ ក្រោយពីហេតុការណ៍ ដែលបានកើតឡើងនៅប៉ារីស ដែលភេរវកម្ម អាចនឹងកើតឡើង គ្រប់ពេលវេលា ដោយសារតែភេរវករមួយភាគធំ បានចេញពីប្រទេសនេះ និងមេធំលោក Saleh Abdeslam ដែលត្រូវបានចាប់ខ្លួន ក្នុងចំណោមបក្ខពួក៦នាក់ ដោយការវាយឆ្មក់ចូលចាប់ពីសំណាក់ប៉ូលិសបារាំង សហការជាមួយនឹងប៉ូលិសប៊ែលហ្ស៊ិក ។
ភ្លាមៗនោះដែរ ការប្រកួតបាល់ទាត់មិត្តភាព អន្តរជាតិ រវាងក្រុមជម្រើសជាតិប៊ែលហ្ស៊ិក និងអេស្ប៉ាញ ក៏ត្រូវបានលុបចោលជាបន្ទាន់ផងដែរក្រោយពេលប៉ូលិសទទួលបានដំណឹង គំរាមវាយប្រហារពី ISIS នោះ ។
ប្រទេសតំបន់អឺរ៉ុបបានបង្កើនការយាមល្បាតខ្លាចរងការវាយប្រហារជាបន្តទៀតដូចនៅបារាំង ស្របពេលដែលមេដឹកនាំក្រុមអិស្លាមបង្កើតរដ្ឋគម្រាមវាយប្រហារនៅគ្រប់ទិសទីនៅអឺរ៉ុបនិងអាមរិក ។
ជំនួប ប្រជុំវិសាមញ្ញ ថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងយុត្តិធម៌របស់សមាជិកអឺរ៉ុបទាំង២៨ប្រទេស ត្រូវបានស្នើនិងផ្តួចផ្តើមរៀបចំឡើង ដោយប្រទេសបារាំង ក្រោយភេរវកម្មនៅប៉ារីសថ្ងៃទី១៣វិច្ឆិកា ក្នុងកម្មវត្ថុសំខាន់តែមួយគត់ គឺការពង្រឹងមធ្យោបាយប្រយុទ្ធប្រឆាំងនឹងភេរវនិយម។
ថ្លែង ទៅកាន់សមភាគី លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Bernard Cazeneuve បានបន្ទោសអឺរ៉ុបដែលចំណាយពេលច្រើនជ្រុលគិតលើបញ្ហាបន្ទាន់ៗ ថាត្រូវតែ នៅថ្ងៃនេះ ចេះសម្រេចចិត្ត និងចេះដាក់កំហិតឱ្យគេគោរព ។
ការទាមទាររបស់បារាំងគ្មានអ្វីថ្មីទេ ! សំណុំរឿង ដែលថ្នាក់ដឹកនាំសហភាពអឺរ៉ុបទាំងមូលយល់ថាជាការចាំបាច់សម្រាប់ ប្រយុទ្ធប្រឆាំងនឹងពួកភេរវនិយម ត្រូវជាប់គាំង ដោយហេតុតែសភាអឺរ៉ុបធ្វើមិនដឹងមិនឮ ព្រោះសំអាងខ្លាចប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសេរីភាព។ ប៉ុន្តែនៅថ្ងៃនេះ ក្រោយពីមានការវាយប្រហារភេរវកម្មដ៏ធ្ងន់ធ្ងរមិនធ្លាប់មាននៅ បារាំង បារាំងចង់ឃើញអឺរ៉ុបភ្ញាក់ខ្លួន ធ្វើការលឿនជាងមុន សើរើសំណុំរឿងចាស់តែបន្ទាន់ៗនិងចេញជាសេចក្តីអនុម័ត ៕
បារាំងសង្ឃឹមថា ជំនួបប្រជុំវិសាមញ្ញថ្ងៃនេះ នឹងអាចនាំអឺរ៉ុបដល់ការបង្កើតឱ្យចេញបញ្ជីទិន្នន័យព័ត៌មានរបស់ គ្រប់អ្នកដំណើរចេញចូលតាមផ្លូវអាកាសថ្នាក់អឺរ៉ុបSchengen មានខ្លឹមសារអាចបើបានប្រកបដោយប្រសិទ្ធិភាព – ការចែករំលែកទិន្នន័យព័ត៌មានរវាងភ្នាក់ងារចារកិច្ចថ្នាក់អឺរ៉ុប រវាងប្រទេសជាសមាជិក - សើររើមើលច្បាប់Schengen ដើម្បីពង្រឹងព្រំដែនខាងក្រៅរបស់អឺរ៉ុបដោយត្រូវតែមានត្រួត ពិនិត្យជាស្វ័យប្រវត្តិ – ព្រមទាំងច្បាប់ត្រួតពិនិត្យការជួញអាវុធឱ្យបានប្រសើរជាមុន ៕
ប្រែសម្រួល៖ ម៉ែវ សាធី