ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ដោយដកស្រង់ប្រភពពីកម្លាំងយោធាអាមេរិកអះអាងថា យន្តហោះចម្បាំងអាមេរិកមួយគ្រឿងដែលបើកយុទ្ធនាការវាយប្រហារពីលើដែនអាកាសទៅលើទីតាំងប៉ុស្តិ៍ត្រួតពិនិត្យរបស់ក្រុមរដ្ឋអិស្លាម (IS) នោះទំនងជាបានសម្លាប់រួមទាំងជនស៊ីវិល៤នាក់ ក្នុងនោះមានកុមារផងដែរ ។
កាលពីថ្ងៃទី២០ ខែវិច្ឆិកា យោធាអាមេរិកបានចាប់ផ្តើមស៊ើបអង្កេតទៅលើករណីនេះ ដែលបានកើតឡើងកាលពីខែមីនា ឆ្នាំ២០១៥កន្លងមកនោះ ។ ការស៊ើបអង្កេតនេះធ្វើឡើងដើម្បីឲ្យដឹងថា តើការវាយប្រហារនោះ ស្របទៅតាមច្បាប់អន្តរជាតិដែរឬទេ និងថា តើការគោលដៅទៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនោះ ជាគោលដៅត្រឹមត្រូវដែរឬទេ ។
កម្លាំងយោធាអាមេរិកកម្រទទួលស្គាល់ណាស់ថា សកម្មភាពរបស់ខ្លួនតាមដែនអាកាសប្រឆាំងទៅលើក្រុមរដ្ឋអិស្លាមនោះបណ្តាលឲ្យជនស៊ីវិលបាត់បង់ជីវិត ។ គេបានអះអាងថា ការវាយប្រហារនៅពេលនោះបណ្តាលឲ្យមនុស្ស៦នាក់បានបាត់បង់ជីវិត ។
លោក Patrick Ryder អ្នកនាំពាក្យកម្លាំងយោធាអាមេរិកអះអាងថា រាល់វិធានការសមហេតុសមផលនឹងត្រូវអនុវត្តឡើងដើម្បីការចៀសវាងការបាត់បង់ជីវិត ឬរងរបួសអ្នកដែលគ្មានទោសកំហុស ។ លោកបន្តថា ជនស៊ីវិល៤នាក់ដែលស្ថិតនៅក្នុងរថយន្តចតស្ងៀមនៅក្បែរទីតាំងត្រួតពិនិត្យសន្តិសុខ ភាគខាងជើងទីក្រុង Al Hatra បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះចម្បាំង A-10 មួយគ្រឿងបាញ់មីស៊ីលចូលទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខរបស់ក្រុមរដ្ឋអ៊ិស្លាមនៅទីនោះ ។
លោកបញ្ជាក់ថា អាកាសយានិកមិនបានដឹងថា ជនស៊ីវិលមានវត្តមាននៅទីនោះឡើយអំឡុងពេលដែលមានការបើកការបាញ់ប្រហារពីលើដែនអាកាស ។
ស្ត្រីម្នាក់បានជូនព័ត៌មានស្តីអំពីគ្រោះថ្នាក់នេះដល់កម្លាំងយោធាអាមេរិក ដោយអះអាងថា ស្ត្រី២នាក់ និងកុមារ៣នាក់ស្ថិតនៅក្នុងចំណោមអ្នកដែលបាត់បង់ជីវិតដោយសារតែការបាញ់ប្រហារពីដែនអាកាសនៅអំឡុងពេលនោះ ។
សេចក្តីថ្លែងការរបស់កម្លាំងយោធាអាមេរិកបានសម្តែងការសោកស្តាយចំពោះអ្វីដែលគេបានហៅថា ជាការបាត់បង់ជីវិតជនស៊ីវិលដោយពុំបានចេតនានោះឡើយ ។
អាមេរិកកម្រនឹងប្រកាសទទួលស្គាល់ចំពោះការបាត់បង់ជីវិតជនស៊ីវិលទាក់ទងការវាយប្រហារតាមដែនអាកាសរបស់ខ្លួនប្រឆាំងទៅលើក្រុមរដ្ឋអ៊ិស្លាមនៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់នោះខ្លាំងណាស់ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត