យុទ្ធនាការ​ប្រហារ​ក្រុម​រដ្ឋ​អិ​ស្លា​ម​តាម​ដែនអាកាស​របស់​អា​មេ​រិ​ក​ស្លាប់​ជន​ស៊ី​វិល

ចែករំលែក៖

​ទីភ្នាក់ងារ​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ដោយ​ដកស្រង់​ប្រភព​ពី​កម្លាំងយោធា​អា​មេ​រិ​ក​អះអាង​ថា​ យន្តហោះ​ចម្បាំង​អា​មេ​រិ​កមួយ​គ្រឿង​ដែល​បើក​យុទ្ធនាការ​វាយប្រហារ​ពីលើ​ដែនអាកាស​ទៅ​លើ​ទីតាំង​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ (IS)​ នោះ​ទំនងជា​បាន​សម្លាប់​រួម​ទាំង​ជន​ស៊ី​វិល​៤​នាក់​ ក្នុង​នោះ​មាន​កុមារ​ផង​ដែរ​ ។​

arss (1)

​កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ យោធា​អា​មេ​រិ​កបាន​ចាប់ផ្តើម​ស៊ើបអង្កេត​ទៅ​លើ​ករណី​នេះ​ ដែល​បាន​កើតឡើង​កាលពី​ខែមីនា​ ឆ្នាំ​២០១៥​កន្លង​មក​នោះ​ ។​ ការ​ស៊ើបអង្កេត​នេះ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ដឹង​ថា​ តើ​ការ​វាយប្រហារ​នោះ​ ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ​ដែរ​ឬទេ​ និង​ថា​ តើ​ការ​គោលដៅ​ទៅ​លើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​នោះ​ ជា​គោលដៅ​ត្រឹមត្រូវ​ដែរ​ឬទេ​ ។​

​កម្លាំងយោធា​អា​មេ​រិ​ក​កម្រ​ទទួលស្គាល់​ណាស់​ថា​ សកម្មភាព​របស់​ខ្លួន​តាម​ដែនអាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​នោះ​បណ្តាល​ឲ្យ​ជន​ស៊ី​វិល​បាត់​បង់ជីវិត​ ។​ គេ​បាន​អះអាង​ថា​ ការ​វាយប្រហារ​នៅ​ពេល​នោះ​បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​បាន​បាត់បង់​ជីវិត​ ។​

​លោក​ Patrick​ Ryder​ អ្នកនាំពាក្យ​កម្លាំងយោធា​អា​មេ​រិ​ក​អះអាង​ថា​ រាល់​វិធានការ​សម​ហេតុ​សម​ផល​នឹង​ត្រូវ​អនុវត្ត​ឡើង​ដើម្បី​ការ​ចៀសវាង​ការ​បាត់​បង់ជីវិត​ ឬ​រង​របួស​អ្នក​ដែល​គ្មាន​ទោស​កំហុស​ ។​ លោក​បន្ត​ថា​ ជន​ស៊ី​វិល​៤​នាក់​ដែល​ស្ថិត​នៅ​ក្នុង​រថយន្ត​ចត​ស្ងៀម​នៅ​ក្បែរ​ទីតាំង​ត្រួតពិនិត្យ​សន្តិសុខ​ ភាគ​ខាងជើង​ទីក្រុង​ Al​ Hatra​ បាន​បាត់បង់​ជីវិត​ បន្ទាប់​ពី​យន្តហោះ​ចម្បាំង​ A-10​ មួយ​គ្រឿង​បាញ់​មី​ស៊ី​ល​ចូល​ទៅ​កាន់​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ទីនោះ​ ។​

​លោក​បញ្ជាក់​ថា​ អាកាសយានិក​មិន​បានដឹង​ថា​ ជន​ស៊ី​វិល​មាន​វត្ត​មាននៅ​ទីនោះ​ឡើយ​អំឡុង​ពេល​ដែល​មានការ​បើក​ការ​បាញ់ប្រហារ​ពីលើ​ដែនអាកាស​ ។​

​ស្ត្រី​ម្នាក់​បាន​ជូន​ព័ត៌មាន​ស្តី​អំពី​គ្រោះថ្នាក់​នេះ​ដល់​កម្លាំងយោធា​អា​មេ​រិ​ក​ ដោយ​អះអាង​ថា​ ស្ត្រី​២​នាក់​ និង​កុមារ​៣​នាក់​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាត់​បង់ជីវិត​ដោយសារ​តែ​ការ​បាញ់ប្រហារ​ពី​ដែនអាកាស​នៅ​អំឡុង​ពេល​នោះ​ ។​

​សេចក្តី​ថ្លែង​ការ​របស់​កម្លាំងយោធា​អា​មេ​រិ​កបាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​អ្វី​ដែល​គេ​បាន​ហៅ​ថា​ ជា​ការ​បាត់​បង់ជីវិត​ជន​ស៊ី​វិល​ដោយ​ពុំ​បាន​ចេតនា​នោះ​ឡើយ​ ។​

​អា​មេ​រិ​ក​កម្រ​នឹង​ប្រកាស​ទទួលស្គាល់​ចំពោះ​ការ​បាត់​បង់ជីវិត​ជន​ស៊ី​វិល​ទាក់ទង​ការ​វាយប្រហារ​តាម​ដែនអាកាស​របស់​ខ្លួន​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ក្នុង​ទឹកដី​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​នោះ​ខ្លាំង​ណាស់​ ៕​

arss

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print