គ.ជ.ប.ថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈទាំង១២៥ក្នុងរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ ៖ លោក សោម សូរីដា អគ្គ លេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងឲ្យដឹងថា គណ បក្សប្រជាជនកម្ពុជាទទួលបានអាសនៈ ទាំង១២៥នៅក្នុងរដ្ឋសភាសម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៦នេះ ។

លោកអគ្គលេខាធិការរង គ.ជ.ប.បាន បន្តថា តាមការសម្រេចរបស់ គ.ជ.ប.នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦ នៅម៉ោង៧យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៨ ។

លោកបានបញ្ជាក់ថា ការប្រកាសលទ្ធ ផលផ្លូវការ គ.ជ.ប. នឹងប្រកាសលទ្ធផល ចំនួន៣ជាមួយគ្នាតែម្តងក្នុងពេលតែមួយ។ ក្នុងនោះមាន ទី១-លទ្ធផលនៃការទទួល បានសំឡេងឆ្នោតរបស់គណបក្សនយោ បាយនីមួយៗ ទី២-ចំនួនអាសនៈរបស់គណ បក្សនីមួយៗទទួលបាន និងទី៣-ប្រកាសពីបេក្ខជនជាប់ឆ្នោតជ្រើសតាំងតំណាង រាស្ត្រ ។

លោក សោម សូរីដា បានបន្ថែមថា សម្រាប់អាណត្តិទី៦នៃរដ្ឋសភានេះមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះទទួលបានអាសនៈ ឬកៅអី។ ចំណែកគណ បក្សនយោបាយចំនួន១៩ទៀតមិនបានទទួលអាសនៈនៅក្នុងសភានោះទេ ។

លោក សោម សូរីដា បានថ្លែងយ៉ាង ដូច្នេះថា «តាមអ្វីដែល គ.ជ.ប.សម្រេច កាលពីព្រឹកថ្ងៃទី១៤ ខែសីហាមានតែគណ បក្សប្រជាជនកម្ពុជាទេទទួលបានអាសនៈ១២៥នៅក្នុងរដ្ឋសភា។ ចំណែកគណបក្ស ផ្សេងមិនបានទទួលទេ » ។

ចំពោះអាសនៈនៅក្នុងរដ្ឋសភានេះដែរ ត្រូវបានលោកអគ្គលេខាធិការរងគ.ជ.ប.អះអាងថា គណបក្សនយោបាយមិនអាចបែងចែកទៅឲ្យគណបក្សនយោបាយ ផ្សេងទៀតដែលមិនទទួលបានទេ។ ករណី នេះមិនអាចធ្វើបានទេចំពោះការបែងចែងអាសនៈទៅឲ្យបក្សដទៃតែអាចធ្វើទៅបានក្នុងករណីតែគណបក្សប្រជាជនកម្ពុជាខ្វះបេក្ខជនដែលទទួលយកអាសនៈនៅក្នុង រដ្ឋសភា តែចំណុចនេះមិនមែនខ្វះទេ ។

លោក សោម សូរីដា បានលើកឡើងថា នៅក្នុងច្បាប់ជ្រើសតាំងអ្នកតំណាងរាស្ត្រ បានចែងថា គណបក្សនយោបាយណាមួយទទួលបានអាសនៈត្រូវតែទទួលយកអាសនៈ គាត់គ្មានសិទ្ធិរំលែកអាសនៈដែលកើតចេញពីឆន្ទៈរាស្ត្រឲ្យគណបក្សណាផ្សេងទេ។ លុះត្រាតែមានករណីខ្លះនៅត្រង់ចំណុច «ឃ» ឬ «ង» នៃមាត្រា១៣៥ច្បាប់ស្តីពីការជ្រើសតាំងអ្នកតំណាងរាស្ត្រ ឬស្ថិតនៅក្នុង មាត្រា៣៨ ឬមាត្រា៣៨ផ្ទួននៃច្បាប់ស្តីពីការជ្រើសតាំងអ្នកតំណាងរាស្ត្រ ឬច្បាប់ ស្តីពីការធ្វើវិសោធនកម្មនៃច្បាប់ជ្រើសតាំងអ្នកតំណាងរាស្ត្រ ។

យ៉ាងណាក្តីលោកអគ្គលេខាធិការរង គ.ជ.ប.បានឲ្យដឹងទៀតថា គណបក្សនយោ បាយអាចចែកបាន លុះត្រាតែខ្វះបេក្ខជនក្នុងការបំពេញបន្ថែមដើម្បីទទួលបាន អាសនៈ ហើយគាត់មិនអាចបំពេញបន្ថែម បានទើបចែងឲ្យបក្សផ្សេងបាន ។

លោកបានបញ្ជាក់ថា គ.ជ.ប.អាចធ្វើ ការបែងចែកអាសនៈបានលុះត្រាតែគណបក្សនយោបាយណាដែលមិនប្រកាស ទទួលយកអាសនៈ ឬមិនចូលប្រជុំសភា ដើម្បីប្រកាសសុពលភាពតាមការកោះ អញ្ជើញរបស់ព្រះមហាក្សត្រនៅសម័យប្រជុំ លើកដំបូង ឬចូលស្បថចូលកាន់តំណែង៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print