រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ ពិនិត្យ​ស្ថានភាព​ទឹក​និង​ការងារ​បង្ក​បង្កើត​ផល​របស់​ប្រជា​កសិករ​

ចែករំលែក៖

ពោធិ៍សាត់​៖ រសៀលថ្ងៃទី១៤ ខែសីហា នេះ​ លោក​ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងក្រុមការងារ បានចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ព្រមទាំងការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ​មួយចំនួននៅក្នុងខេត្តពោធិ៍សាត់ ។​ នេះ​បើ​យោង​តាម​ហ្វេសប៊ុក​ផេក​ផ្លូវការ​របស់​ក្រសួង​ធនធាន​ទឹក​ ។

ក្នុងពេលចុះពិនិត្យការសាងសង់គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់ទំនប់លេខ ៣ និងទំនប់លេខ ៥ ជំហានទី ២ និងប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល-វត្តលួង
ឯកឧត្តមរដ្ឋមន្ត្រី បានទទួលយកនូវសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាប្រឈមមួយចំនួន នោះគឺការខ្វះខាតទឹកសម្រាប់ស្រោចស្រពនៅក្នុងក្រុងពោធិ៍សាត់ ។

ការខ្វះខាតទឹកនេះ មូលហេតុគឺដោយសារគម្រោង កំពុងតែដំណើរការសាងសង់ ដូចនេះ ទើបមានការរអាក់រអួលក្នុងការបញ្ជូនទឹកទៅកាន់ស្រែរបស់បងប្អូនប្រជាពលរដ្ឋ ។ ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រី បានឧបត្ថម្ភនូវម៉ាស៊ីនបូមទឹកខ្នាតតូច ចំនួន ០៦ គ្រឿង ដើម្បីបូមទឹកពីប្រឡាយមេ បញ្ចូលទៅប្រឡាយរង សម្រាប់ស្រោចស្រពស្រែរបស់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ជូនថា គម្រោងអភិវឌ្ឍន៍ស្ទឺងពោធិ៍សាត់ ទំនប់លេខ ៣ និងលេខ ៥ ជំហានទី ២ ស្ថិតក្នុងខេត្តពោធិ៍សាត់ គ្របដណ្តប់លើស្រុកភ្នំក្រវាញ និងស្រុកបាកាន ។ គម្រោងនេះមានការងារសំខាន់ៗដូចជា ៖

– ប្រឡាយមេបេតុង ចំនួន ០១ ខ្សែ មានប្រវែងសរុប ២០,៥ គម (ទទឹងមាត់លើពី ២០,៥ – ២១,៥ ម និងទទឹងបាតក្រោម ១៤ ម៉ែត្រ ជម្រៅពី ៣-៣,៥ ម) ។
– ប្រឡាយរង ចំនួន ០៧ ខ្សែ មានប្រវែរងសរុប ៥០,៨ គម (ទទឹងមាត់លើពី ៦-៨ ម និងទទឹងបាតក្រោមពី ១,៥-២,៥ ម ជម្រៅ ១,៥៨-២,២ ម) ក្នុងនោះប្រឡាយរងលេខ ១ ក្រាលបេតុងទាំងអស់ ប្រវែង ១១.០៥១ ម ដោយឡែកប្រឡាយរង ០៦ ខ្សែទៀត ក្រាលបេតុងតែផ្នែកខ្លះ គឺលេខ ១-១ ប្រវែង ២.០០០ ម, លេខ ២ ប្រវែង ២៣៦ ម, លេខ ៣ ប្រវែង ២៣៦ ម, លេខ ៤ ប្រវែង ២៣៦ ម, លេខ ៥ ប្រវែង ២៣៦ ម និងលេខ ៦ ប្រវែង ២៣៦ ម ។

ប្រឡាយស្រោចស្រព ចំនួន ៧៧ ខ្សែ មានប្រវែងសរុប ១៣៨,១៩ គម (ទទឹងមាត់លើពី ៤,០៥-៤,៧៥ ម និងទទឹងបាតក្រោមពី ០,៨-១ ម, ជម្រៅពី ១,៣-១,៥ ម) ។

ប្រឡាយដោះទឹក ចំនួន ០៨ ខ្សែ មានប្រវែងសរុប ៤៨,៨៨ គម (ទទឹងមាត់លើពី ៥,៧-៨,៥ ម និងទទឹងបាតក្រោមពី ១,៥-២,៥ ម, ជម្រៅពី ១,៥-២ ម) ។
– ស្តារស្ទឹងប្រវែង ៥ គម ។
– សំណង់យកទឹក ចំនួន ០១ កន្លែង សំណង់សម្រួលចរន្តទឹកចំនួន ៣៦ កន្លែង សំណង់បង្វែរចរន្តទឹក ចំនួន ៨៨ កន្លែង និងសំណង់ស្ទាក់ទឹក ចំនួន ០២ កន្លែង ។
– លូក្រោមប្រឡាយទឹក ចំនួន ០៣ កន្លែង សំណង់ប្រឡាយបេតុងចម្លងទឹក ចំនួន ០២ កន្លែង និងសំណង់លូទឹក ចំនួន ០៦ កន្លែង ។

គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់ ទំនប់លេខ ៣ និងលេខ ៥ ជំហានទី ២ នឹងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មបានទំហំប្រមាណ ១៩.៧០០ ហិកតា នៅរដូវវស្សា និង ១០.៥០០ ហិកតា នៅរដូវប្រាំង ហើយក៏រួមចំណែកផងដែរក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ។ ជារួមការអភិវឌ្ឍស្ទឹងពោធិ៍សាត់ ទំនប់លេខ ៣ និងលេខ ៥ ជំហានទី ២ នេះ នឹងធ្វើឲ្យរាជរដ្ឋាភិបាលសម្រេចបាននូវប្រព័ន្ធធារាសាស្ត្រពេញលេញមួយ ដែលអាចឲ្យប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញ និងស្រុកបាកាន ខេត្តពោធិ៍សាត់ អាចធ្វើការដោះស្រាយបញ្ហាទឹកបានមួយកម្រិតធំ ដែលពីមុនយើងពឹងផ្អែកភាគច្រើនទៅលើប្រភពទឹកពីភ្លៀងនៅរដូវវស្សា ។

បន្ទាប់មកលោករដ្ឋមន្ត្រី និងក្រុមការងារ បានបន្តដំណើរចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ ។ សូមជម្រាបជូនថា ការសាងសង់ប្រព័ន្ធធារាសាស្ត្រ ដំណាក់ឈើក្រំ ត្រូវបានបែងចែកជា ០៣ កញ្ចប់ រួមមាន ៖

កញ្ចប់ទី ១ (Package I) ៖ សាងសង់សំណង់មេកាត់ស្ទឹងពោធិ៍សាត់ ចំនួន ០១ កន្លែង ត្រង់ចំណុចភូមិដំណាក់ឈើក្រំ ឃុំសំរោង ស្រុកភ្នំក្រវាញ ។

កញ្ចប់ទី ២ (Package II) ៖ ជីកប្រឡាយមេ ០១ ខ្សែ ប្រវែង ១៦.០០០ ម៉ែត្រ និងសាងសង់សំណង់សិល្បការ សរុបចំនួន ២៨ កន្លែង ។

កញ្ចប់ទី ៣ (Package III) ៖ ជីកប្រឡាយរង ០៤ ខ្សែ សរុបប្រវែង ៦៨.៩៨១ ម៉ែត្រ និងសាងសង់សំណង់សិល្បការ សរុបចំនួន ២១៥ កន្លែង ។

នៅក្នុងការសាងសង់ជំហានដំបូង ក្រសួង បានចាប់អនុវត្តនូវកញ្ចប់ទី ២ (Package II) នោះគឺការជីកប្រឡាយមេ ០១ ខ្សែ ប្រវែង ១៦ គម លាតសន្ធឹងលើឃុំផ្ទះរ៉ុង ឃុំសំរោង ឃុំបាក់ចិញ្ចៀន នៃស្រុកភ្នំក្រវាញ និងឃុំតាលោ ឃុំខ្នារទទឹង នៃស្រុកបាកាន ។ ប្រឡាយមេ ០១ ខ្សែនេះ នឹងមានបំពាក់នូវសំណង់សិល្បការតូច ធំ សរុបចំនួន ២៨ កន្លែង ។

នៅក្នុងការពិនិត្យនោះដែរ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមហ៊ុន Guangdong Foreign Construction Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងសាងសង់គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់ ជំហានទី ២ ក៏ដូចជាក្រុមហ៊ុនជប៉ុន ដែលកំពុងសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល-វត្តលួង និងក្រុមហ៊ុនដែលកំពុងសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតលើបញ្ហាបច្ចេកទេស ដើម្បីសំណង់មានគុណភាព ធានានូវការប្រើប្រាស់យូរអង្វែង ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print