ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលក្រុងច្បារមននៅថ្ងៃចន្ទ ២កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បានចេញលិខិតចំនួន៣ច្បាប់ ជម្រាបមកម្ចាស់ទីតាំងរៀបផ្ញើម៉ូតូ៣នាក់ ទី១-លោកស្រី ជន ស្រីនិច ម្ចាស់ទីតាំងផ្ញើម៉ូតូ (ខាងត្បូងផ្សារកំពង់ស្ពឺ) , ទី២- លោក ថូ ធា ម្ចាស់ទីតាំងផ្ញើម៉ូតូ (ខាងជើងផ្សារកំពង់ស្ពឺ) និងទី៣-លោក ស្រ៊ិន សំអឿន ម្ចាស់ទីតាំងផ្ញើម៉ូតូ (ខាងត្បូងផ្សារកំពង់ស្ពឺ) ដោយបញ្ជាក់ថា ឲ្យបញ្ឈប់ការរៀបម៉ូតូផ្ញើយកលុយ នៅលើផ្លូវសាធារណៈ និងការ យកថ្លៃផ្ញើម៉ូតូលើសពីការកំណត់ក្នុងសៀវភៅបន្ទុកតទៅទៀត ។
ក្នុងលិខិតបញ្ជាក់ឲ្យដឹងបន្ថែមថា «កន្លងមកសង្កេតឃើញថា ម្ចាស់ទីតាំងទាំងបីខាងលើនេះ បានដាក់រៀប ម៉ូតូយកលុយនៅលើផ្លូវសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ បង្កឲ្យមានការកកស្ទះ បាត់បង់ សណ្តាប់ធ្នាប់ និងសោភ័ណភាពក្រុង ព្រមទាំងបានយកកម្រៃលើសពីការកំណត់ក្នុងសៀវភៅបន្ទុក ។ ទង្វើ នេះជាហេតុធ្វើឲ្យមានការរិះគន់ពីសាធារណជន» ។
រដ្ឋបាលក្រុងច្បារមនបញ្ជាក់សង្កត់ធ្ងន់ថា «សូមឲ្យម្ចាស់ទីតាំងបញ្ឈប់ការរៀបម៉ូតូផ្ញើយកលុយនៅលើដងផ្លូវ សាធារណៈ និងការយកថ្លៃផ្ញើម៉ូតូលើសពីការកំណត់ក្នុងសៀវភៅបន្ទុក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ ក្នុង ករណីម្ចាស់ទីតាំងខាងលើមិនព្រមអនុវត្ត រដ្ឋបាលក្រុងនឹងចាត់វិធានការតាមនីតិវិធីជាធរមាន» ៕ សុខខេមរា