ក្រុមហ៊ុនប្រេងអាល្លឺម៉ង់ និងអ៊ីរ៉ង់ ចុះហត្ថលេខលើកិច្ចព្រមព្រៀង មិនខ្វល់ពីការព្រមានរបស់អាមេរិក

ចែករំលែក៖

សម្តីដែលធ្លាប់តែមានប្រសិទ្ធភាព របស់អាមេរិក នៅពេលនេះ បានបាត់បង់ស្ទើរតែទាំងស្រុង ដោយគ្មានប្រទេសសម្ព័ន្ធមិត្តណាមួយ ស្តាប់តាម ធ្វើតាមអាមេរិក ដូចកាលពីមុនទៀតឡើយ ដោយសារតែអាមេរិក គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន អាត្មានិយម មិនខ្វល់ពីផលប៉ះពាល់ដល់ប្រទេសជាមិត្តធ្លាប់កៀកស្មានឹងគ្នា ។ ទាំងនោះហើយ បានធ្វើឲ្យប្រទេសជុំវិញពិភពលោក ធ្វើព្រងើយចំពោះការព្រមាន និងដាក់ទណ្ឌកម្មពីអាមេរិក ។

បើទោះបីរងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិកទៅលើអ៊ីរ៉ង់ និងហាមប្រាមក្រុមហ៊ុនបរទេសបន្តរកស៊ី ជាមួយអ៊ីរ៉ង់ ប៉ុន្តែកាលពីយប់ថ្ងៃទី១៥ ខែសីហា ក្រុមហ៊ុនប្រេង អ៊ីរ៉ង់ Sepahan (SOC)និងក្រុមហ៊ុន ប្រេង ADL របស់អាល្លឺម៉ង់ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលប្រេង។

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានផ្សាយថា អគ្គនាយកក្រុមហ៊ុន SOC លោក Mohammad Ebrahimi និងអគ្គនាយកក្រុមហ៊ុន ADL លោក Michael Hyde បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យប្រេង ។ មានប្រសាសន៍បន្ទាប់ពីចុះហត្ថលេខា លោក Ebrahimi បានបញ្ជាក់ថា បណ្តាអគ្គរដ្ឋទូតអឺរ៉ុប បានខិតខំដើម្បីបើកផ្លូវដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងវិស័យថាមពលប្រេង។ លោក បន្តទៀតថា ក្រុមហ៊ុន ADL របស់អាល្លឺម៉ង់ និងអនុវត្តន៍គម្រោងប្រេង ជាមួយដៃគូ អូទ្រិស្ត និង ស៊្វីស។

ការចុះហត្ថលេខាខាងលើធ្វើឡើងក្រោយពេលដែល ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានអនុម័តដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ ជាថ្មី។ ទនឹ្ទមនោះ លោកត្រាំ បានព្រមានថា បើប្រទេសណា រកស៊ីជាមួយអ៊ីរ៉ង់ គឺត្រូវតែឈប់រកស៊ីជាមួយអាមេរិក ។ សកម្មភាពរបស់លោកត្រាំ រងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ និងប្រទេសជាសម្ព័ន្ធមិត្តនៅអឺរ៉ុប ដែលជាប្រទេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥ ។

ជាមួយគ្នានេះ បណ្តាមេដឹកនាំអឺរ៉ុបបានសម្រេចរួមគ្នាការពារក្រុមហ៊ុនរបស់ខ្លួន ដែលកំពុងដាក់ទុនរកស៊ីនៅក្នុងប្រទេសអ៊ីរ៉ង់ ចៀសផុតពីហានិភ័យ ដោយការដាក់ទណ្ឌកម្មរបស់អាមេរិក ។ ជាមួយគ្នានោះ រដ្ឋាភិបាលអាល្លឺម៉ង់ បន្តសកម្មភាព ការពារ និងវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសអ៊ីរ៉ង់។

ក្រុមអ្នកឯកទេសសេដ្ឋកិច្ចបានលើកឡើងថា តម្រូវការប្រើប្រាស់ថាមពលប្រេងនៅលើពិភពលោកនឹងកើនឡើង រហូតដល់១,៤៣លានបារ៉ែល ក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ ២០១៩ខាងមុខ ។ ចំណុចទាំងនោះហើយបានធ្វើឲ្យប្រទេសជាច្រើន បានសម្រេចបន្តទំនាក់ទំនងទិញប្រេងពីអ៊ីរ៉ង់ដដែល ។

ប្រទេសនាំប្រេងចេញ OPEC បានព្យាករណ៍ថា តម្រូវការប្រេងនឹងកើនឡើងខ្ពស់នៅឆ្នាំ២០១៩ ដូច្នេះប្រទេស OPEC នឹងត្រូវបង្កើន ការបូបប្រេងបន្ថែមលក់ទៅលើទីផ្សារ ខណៈដែលប្រទេស សាឌីអារ៉ាប៊ី ជាប្រទេសនាំប្រេងចេញលំដាប់ទី១ លើពិភពលោក បានសម្រេចកាត់បន្ថយ ការខួងយកប្រេង ។ តាមរបាយការណ៍របស់ OPEC បានបញ្ជាក់ថា ពិភពលោកនឹងត្រូវការប្រេង៣២,០៥លានបារ៉ែលក្នុងមួយថ្ងៃ ។

ចំណុចទាំងនោះហើយបានជាប្រទេស នៅតំបន់អឺរ៉ុប អាស៊ី នៅតែបន្តសហការទិញប្រេងពីអ៊ីរ៉ង់ ដដែល ក្នុងនោះមាន ចិន រុស្ស៊ី ទួរគី ស្វ៊ីស អាល្លឺម៉ង់…។

កន្លងមក អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបនៅ បានបង្ហាញការសោកស្ដាយចំពោះគំរោងដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ ប្រឆាំងនឹង អ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក ហើយថា ប្រទេសជាហត្ថលេខីដទៃទៀត នឹងធ្វើការរួមគ្នាដើម្បីរក្សាបណ្ដាញទំនាក់ទំនងហិរញ្ញវត្ថុ ជាមួយទីក្រុង តេហេរ៉ង់។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ការិយាល័យកិច្ចការបរទេសសហភាពអឺរ៉ុប បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «ប្រទេស ដែលនៅបន្តតែជាភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ ២០១៥ (JCPOA) បានប្ដេជ្ញាចិត្តធ្វើការងាររួមគ្នា សំដៅរក្សា បណ្ដាញទំនាក់ទំនងហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់ ក៏ដូចជាបន្តគាំទ្រដល់ការនាំចេញប្រេង និងឧស្ម័នរបស់អ៊ីរ៉ង់ផងដែរ» ។

គួរបញ្ជាក់ថា ប្រតិកម្មរបស់សហភាពអឺរ៉ុប ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃក៍ ប៉ុមប៉េអូ បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ឡើងវិញ នៅក្នុងសប្ដាហ៍នេះ។

ចំណែកចិន អាចនិយាយបានថា ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីរ៉ង់ បានសន្យា បន្តរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ដដែល ក្រោយពេលអាមេរិកដាក់ទណ្ឌកម្ម សេដ្ឋកិច្ចជាថ្មីទៅលើប្រទេសអ៊ីរ៉ង់ ក៏បានហាមកុំឲ្យប្រទេសផ្សេងទៀត បន្តទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ផងដែរ។ ប៉ុន្តែប្រទេសស្ទើរតែទាំងអស់ជុំវិញ ពិភពលោក ក្នុងនោះមានទាំងប្រទេសជាសម្ពន្ធមិត្តអាមេរិក នៅតំបន់អឺរ៉ុបបាន ប្រកាសបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់ដូចកាលពីមុន ។

ការដែលប្រទេសជុំវិញពិភពលោកនៅតែរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយ អុីរ៉ង់មានន័យថា ការដាក់ទណ្ឌកម្មរបស់ អាមេរិក គឺជាការបរាជ័យ ។

កន្លងមកថ្មីៗ ប្រទេសទួរគីក៏បានប្រកាសបន្តទិញប្រេងពីអុីរ៉ង់ដដែល ។ ក្នុង ពេលជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការ បរទេសចិនក៏បានប្រកាសផងដែរថា ការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិក ចំពោះអុីរ៉ង់មិនជាប់ពាក់ព័ន្ធអ្វីនឹងច្បាប់ អន្តរជាតិឡើយ និងពាណិជ្ជកម្មសេរី ។ ដូច្នេះការដាក់ទណ្ឌកម្ម នឹងមិនប៉ះពាល់ ដល់អធិបតេយ្យរបស់ចិនក្នុងការជ្រើសរើសដៃគូរកស៊ីនោះឡើយ។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយីង បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មចិន និងអុីរ៉ង់នៅតែបន្តបើកចំហរ និង តម្លាភាពស្របច្បាប់ មិនរំលោភបំពានដល់សេចក្តីសម្រេចណាមួយរបស់អង្គការ សហប្រជាជាតិឡើយ ដូច្នេះកិច្ចសហប្រតិបត្តិការរបស់ចិន និងអុីរ៉ង់ចាំបាច់ត្រូវតែការពារ ។

ចំណែកទួរគី ដែលកំពុងប្រឈមមុខតានតឹងដាក់គ្នាជាមួយអាមេរិក ក៏បានប្រកាសថា ប្រទេសនេះ នឹងបន្តនាំចូលឧស្ម័នធម្មជាតិ បើទោះបីអាមេរិកបានដាក់ទណ្ឌកម្មទៅលើអុីរ៉ង់ក្តី។

រដ្ឋមន្ត្រីថាមពលទួរគី លោក FatihDonmezបានបញ្ជាក់ថា ការដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ា បន្តទិញថាមពលឧស្ម័នហ្គាសពីអុីរ៉ង់ គឺសមស្របទៅលើកិច្ចព្រមព្រៀងរយៈពេលយូររវាងប្រទេសទាំងពីរ ។

លោកបន្តទៀតថា ការដាក់ទណ្ឌកម្មរបស់អាមេរិក ទៅលើអុីរ៉ង់គឺជាសកម្មភាពឯកតោភាគីប៉ុណ្ណោះ ។ លោក FatihDonmez បញ្ជាក់ថា គណប្រតិភូរបស់ទួរគី នឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីពិភាក្សាលើបញ្ហាខាងលើបញ្ចៀសការប្រឈមមុខដាក់គ្នា ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print