ភ្នំពេញ៖ មន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រួសារជនរងគ្រោះ សិស្ស និស្សិត បាននិមន្ដព្រះសង្ឃចំនួន១០៨អង្គ រាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធ ជូនដល់ជន រងគ្រោះដែលស្លាប់ ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាលើអតីតស្ពានកោះពេជ្រ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ។
ពិធីនោះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បាន រាប់បាត្រ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ១០៨អង្គ នៅពីមុខស្តូបក្បែរស្ពាននាគ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ជនរងគ្រោះ ដែលបានបាត់បង់អាយុជីវិត ក្នុងហេតុការណ៍ នៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ នោះ ។
លោកបន្ដថា៖ ជារៀងរាល់ឆ្នាំ អាជា្ញធរគ្រប់ជាន់ថ្នាក់ តែងតែប្រារព្ធធ្វើពិធីនេះ ដើម្បីបង្ហាញពីការយកចិត្ដទុកដាក់ និងគិតគូរថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជាចំពោះសុខទុក្ខ នៃក្រុមគ្រួសារ ជនរងគ្រោះ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានកោះពេជ្រនេះ ។
សូមបញ្ជាក់ថា៖ ឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានកោះពេជ្រ បានកើតឡើងនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃចុងក្រោយយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ដែលយ៉ាងហោចណាស់មានមនុស្សប្រុសស្រី ក្មេងចាស់ជាង ៣០០នាក់ស្លាប់ និងជាង៧០០នាក់ទៀតបានរងរបួស ៕
...
ដោយ៖ សំរិត