ភ្នំពេញ៖ក្នុងជំនួបជាមួយគណៈប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា , សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ ថា សូមគណៈមេធាវីពិនិត្យមើលចំណុចមួយចំនួនដែលមិនសមស្របទៅតាមកាលៈទេសៈព្រោះថាគណៈមេធាវីបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥ រហូតមកដល់ពេលនេះ ក៏មានរយៈពេលយូរអង្វែងដែរហើយ ដែលចំណុចមួយចំនួនមិនសមស្របតាមបរិបទសង្គមនាពេលបច្ចុប្បន្ននេះទេ។
សម្តេចតេជោ បានធ្វើការណែនាំឱ្យគណៈមេធាវីសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីធ្វើការសម្រួលនូវការកែទម្រង់នេះ។
ប្រសាសន៍លើកឡើងរបស់សម្តេចតេជោបែបនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ខណៈទទួលជួបគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ លោក សួន វិសាល ជាប្រធាន ។
លោក សួន វិសាល បានគោរពរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន អំពីប្រវត្តិរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នូវសកម្មភាពកាលពីពេលកន្លងមក។ គណៈមេធាវី បានធ្វើការកែទម្រង់យ៉ាងច្រើន ជាពិសេស លើវិស័យរដ្ឋបាល និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យអប់រំផងដែរ។ ក្នុងន័យនេះ លោកបានមានប្រសាសន៍ថាគណៈមេធាវី បានធ្វើការកែទម្រង់នៃការងារ ដើម្បីធ្វើយ៉ាងណា ឲ្យសមស្របទៅតាមបរិបទនៅកម្ពុជាផង និងអន្តរជាតិបច្ចុប្បន្នផង។ លើសពីនោះទៅទៀត លោកក៏បានគោរពរាយការណ៍ជូនសម្តេចតេជោ អំពីកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ជាមួយគណៈមេធាវីអន្តរជាតិ ក្នុងន័យនេះដែរ លោកបានជម្រាបជូនសម្ដេច អំពីកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាមួយគណៈមេធាវីអន្តរជាតិ ដែលបានដឹកនាំកិច្ចប្រជុំ ហើយនឹងរៀបចំកិច្ចប្រជុំសមាគមមេធាវីអាស៊ាននៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។
លោក សួន វិសាល ក៏បានជម្រាបជូនសម្ដេចតេជោផងដែរ អំពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌ដើម្បីធ្វើយ៉ាងណាជួយទៅដល់ជនក្រីក្រ ហើយធ្វើយ៉ាងណារៀបចំនូវប្រព័ន្ធទិន្នន័យសម្រាប់ការតាមដានករណីនីមួយៗផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះរបាយការណ៍ដែលបានលើកឡើងដោយលោក សួន វិសាល ហើយក៏បានធ្វើការណែនាំថា គប្បីណា រាល់ការកែទម្រង់ទាំងឡាយ ដែលគណៈមេធាវី នឹងធ្វើ គឺត្រូវធ្វើឲ្យស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាផង និងតាមនិយាមអន្តរជាតិផង។ សូមពិនិត្យមើលចំណុចមួយចំនួនដែលមិនសមស្របទៅតាមកាលៈទេសៈព្រោះថាគណៈមេធាវីបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៥ រហូតមកដល់ពេលនេះ ក៏មានរយៈពេលយូរអង្វែងដែរហើយ ដែលចំណុចមួយចំនួនមិនសមស្របតាមបរិបទសង្គមនាពេលបច្ចុប្បន្ននេះទេ។ យ៉ាងណាមិញ សម្ដេចតេជោ ក៏បានធ្វើការណែនាំដោយសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីធ្វើការសម្រួលនូវការកែទម្រង់នេះ។
សម្តេចតេជោក៏បានណែនាំដល់គណៈមេធាវីផងដែរថា សូមពិនិត្យមើលការបញ្ចេញមេធាវី ដោយធ្វើយ៉ាងណា ការបញ្ជូនមេធាវីនេះ គឺរក្សាឲ្យបាននូវសមត្ថភាពមេធាវី ពង្រឹង និងលើកកម្ពស់សមត្ថភាពមេធាវីផង និងធ្វើយ៉ាងណាពង្រាយមេធាវី ដើម្បីជួយដល់កូនក្តីនៅតាមបណ្ដាខេត្ត និងជនបទផង៕ចេស្តា