ភ្នំពេញ៖ទីបំផុត ជម្លោះពាក្យសម្តីរវាងតារាសម្តែង ណាក់ ស្រីណា និង លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សបានបញ្ចប់ដោយសន្តិវិធីក្រោយភាគីទាំងពីចេញមុខសម្របសម្រួលគ្នា ។ ណាក់ ស្រីណា ក៏បានធ្វើការសុំទោសជាមួយម្ចាស់ផលិតកម្ម ហើយម្ចាស់ផលិតកម្មក៏បានទូទាត់ ប្រាក់ឲ្យនាងវិញផងដែរ។
គួររំលឹកដែរថាបានបង្ហាសាររិះគន់របស់ ណាក់ ស្រីណាទៅលើផលិតកម្មមហាហង្សក្រោយមានវិវាទជាមួយគ្នារឿងជំពាក់លុយថតភាពយន្តកាលពីពេលថ្មីៗ។
ទោះសាមីខ្លួនមិនបកស្រាយវែងឆ្ងាយក៏ប៉ុន្តែទស្សនិកជនមើលឃើញថា ការបញ្ចប់ជម្លោះលើរឿងនេះ ព្រោះតែកញ្ញាមិនចង់ឱ្យវែងឆ្ងាយតទៅទៀត ក្រោយមានដំណឹងផលិតកម្ម គ្រោងប្ដឹងពីបទបរិហារទៅកាន់តុលាការ។តារាសម្ដែងរូបនេះបានបញ្ជាក់ថា៖”នាងខ្ញុំសុំទោសចំពោះពាក្យពេចន៍មិនសមរម្យនាពេលកន្លងមកទៅលើលោកអគ្គនាយក និងម្ចាស់ផលិតកម្ម មហាហង្សរាល់ពាក្យពេចន៍មិនល្អទាំងកន្លងមក។ វាជាការយល់ច្រឡំ ហើយក៏គ្មានរឿងអ្វីតទៅទៀតដែរ យើងបានបញ្ចប់វាត្រឹមនេះហើយ”។តារាសម្ដែងកញ្ញា ណាក់ ស្រីណា បន្តថាភាគីទាំងពីរ បានយល់ព្រមដោះស្រាយគ្នាដោយសន្តិវិធី ក្នុងនោះខាងផលិតកម្មមហាហង្ស បានសម្រេចទូទាត់ប្រាក់ទៅឲ្យ ណាក់ ស្រីណា ខណៈពេលដែលតារាសម្តែងរូបនេះ បានធ្វើការសុំទោសជាសាធារណៈ ជាមួយនឹងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យដល់ផលិតកម្ម។
ម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានអះអាងថា បន្ទាប់ពីខាងក្រុមហ៊ុនលោកគ្រោងនឹងរៀបចំពាក្យបណ្តឹង ដើម្បីប្តឹងចំពោះការបង្ហោះខ្លឹមសារមិនសមរម្យមកលើក្រុមហ៊ុន ពីសំណាក់នាង ណាក់ ស្រីណា នោះ ខាងសមាគមសិល្បៈករខ្មែរ ក៏បានចេញមកធ្វើការសម្របសម្រួល។លោកបញ្ជាក់ថា ក្រោយមានការសម្របសម្រួលនេះមកតារាសម្តែង នាង ណាក់ ស្រីណា ក៏បានយល់ព្រមធ្វើការសុំទោសមកក្រុមហ៊ុនវិញ ទើបធ្វើឲ្យខាងលោកក៏បានយល់ព្រមទូទាត់ប្រាក់ឲ្យនាងចប់សព្វគ្រប់ កុំឲ្យមានរឿងវែងឆ្ងាយ។ការបញ្ចប់រឿងរបស់កញ្ញា ណាក់ ស្រីណា និងផលិតកម្មមហាហង្ស ដែលមានលោក អូន ឧសហ្សា ជាតំណាងបានចូលខ្លួនមកសម្រុះសម្រួលគ្នាដោយផ្ទាល់ ដោយមានការជួយអន្តរាគមន៍ពីលោក ហេង ឡុង ជួលមុខឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ៕ ដោយ វឌ្ឍនា