ប៉ូលិសប្រទេសឥណ្ឌាបានថ្លែងថា មនុស្ស៧នាក់ដែលនៅលើឧទ្ធម្ភាគចក្រមួយគ្រឿង ៦នាក់ជាអ្នកធម្មយាត្រា និងម្នាក់ជាអាកាសយានិកនោះបានបាត់បង់ជីវិតកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយសារតែហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះនៅក្នុងតំបន់កាស្មៀរ ឥណ្ឌា បន្ទាប់ពីឧទ្ធម្ភាគចក្រនេះហោះហើរចាកចេញដំណើរពីព្រះវិហារហិណ្ឌូដ៏ល្បីល្បាញមួយស្ថិតនៅតំបន់ភ្នំនោះ ។
ប្រភពបានបញ្ជាក់ថា ឧទ្ធម្ភាគចក្របានធ្លាក់បន្ទាប់ពីចាកចេញពីទីប្រជុំជន Katra ជិតព្រះវិហារ Vaishnodevi ក្នុងតំបន់ Jummu ភាគខាងជើងដែលជាទីតាំងទាក់ទាញអ្នកធម្មយាត្រារាប់លាននាក់ទៅកាន់ទីនោះក្នុងមួយឆ្នាំៗ ។
ស្នងការប៉ូលិសក្នុងតំបន់ លោក Danish Rana បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មនុស្ស៧នាក់បានបាត់បង់ជីវិត ក្នុងនោះមានអ្នកធម្មយាត្រា៦នាក់ និងអាកាសយានិកម្នាក់ ។ លោកអះអាងថា នៅពេលនេះ សមត្ថកិច្ចជំនាញបាននិងកំពុងស៊ើបអង្កេតរកមូលហេតុបណ្តាលឲ្យហេតុការណ៍ធ្លាក់យន្តហោះនេះកើតឡើង ។
បណ្តាញទូរទស្សន៍នៅក្នុងតំបន់បានផ្សព្វផ្សាយឲ្យឃើញរូបភាពបំណែកឧទ្ធម្ភាគចក្រធ្លាក់នៅចំដីវាលមួយកន្លែង និងមានការរោមចោមមើលពីមនុស្សច្រើននាក់ ខណៈដែលមានផ្សែងហ៊ុយចេញពីឧទ្ធម្ភាគចក្រផងដែរនោះ ។
ព្រះវិហារ Vaishnodevi មានចម្ងាយប្រមាណ៦០គីឡូម៉ែត្រភាគឦសានទីក្រុង Jammu ។ អ្នកធម្មយាត្រាខ្លះបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រឯកជនមកពី Katra តំបន់ភ្នំ Trikuta ជាជាងការធ្វើដំណើរតាមផ្លូវជាតិ ។
កាលពីខែកុម្ភៈ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានធ្លាក់នៅភាគខាងជើងទីក្រុង Srinagar ជាតំបន់ប្រជុំជនដ៏កុះកររបស់ Jammu និងរដ្ឋកាស្មៀរនោះសម្លាប់មនុស្ស២នាក់ ។
តំបន់កាស្មៀរត្រូវបែងចែកកាត់ផ្តាច់គ្រប់គ្រងរវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីការបញ្ចប់ការធ្វើអាណានិគមន៍របស់ចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៧មកម្ល៉េះ ។ ប្រទេសទាំងពីរតែងតែផ្ទុះហិង្សាដាក់គ្នាដោយសារតែទាមទារគ្រប់គ្រងដែនអធិបតេយ្យនៅទីនោះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត