ខេត្តបាត់ដំបង ៖ ម៉ូតូធុនធំ២គ្រឿង ដែលសុទ្ធសឹងជាម៉ូតូស៊េរីទំនើបត្រូវចោរលួចពីប្រទេសថៃ ឆ្លងចូលមកកម្ពុជា ត្រូវបានសមត្ថកិច្នគរបាលស្រុកសំពៅលូន ស្ទាក់ចាប់បាន រួចប្រគល់ទៅឲ្យភាគីថៃវិញ កាលពីព្រលប់ថ្ងៃ ចន្ឌ ១ កើត ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចច្រករបៀងមួយកន្លែងក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ក្នុងការស្ទាក់ចាប់ចោរនេះដែរគេបានឮសំឡេងផ្ទុះអាវុធចំនួន២គ្រាប់ ដើម្បីស្ទាក់ចាប់ជនសង្ស័យ ដែលកំពុងធ្វើសកម្មភាពអូសម៉ូតូឆ្លងដែន ចេញពីទឹកដីថៃ មកកាន់កម្ពុជា។
មន្រី្តនគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីភាគីថៃ ឲ្យជួយសហការក្នុងការស្រាវជ្រាវរកមុខសញ្ញាលួចម៉ូតូពីរគ្រឿងពីខេត្តប្រាជីនបុរី ប្រទេសថៃ ដែលគេសង្ស័យថា ក្រុមចោរអាចជាជនជាតិថៃ ហើយយកមកលក់ឲ្យខ្មែរ នៅក្នុងខ្សែបន្ទាត់ព្រំដែននោះ កម្លាំងយើងក៏ត្រៀមកម្លាំងស្ទាក់ចាប់ចោរភ្លាមដែរ។
ប្រភពដដែលអះអាងថា ម៉ូតូទាំង២គ្រឿងនោះ ម៉ាក YAMAHA ប្រភេទ RG 331/M-Slash ពាក់ស្លាកលេខ ប្រាជីនបុរី ១០០៩ និងម៉ាក Honda ប្រភេទ MSX ពាក់ស្លាកលេខ ឆៈឈើងសៅ ២១២៥(លេខថៃ) ត្រូវបានក្រុមជនមិនស្គាល់មុខ លួចចេញពីខេត្ត ប្រាជីនបុរី កាលពីព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨។ បន្ទាប់មកនៅល្ងាចថ្ងៃដដែលនោះ លោកពេជ្រ សារ៉ែន អធិការស្រុក បានដាក់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏បានប្រទះឃើញជនសង្ស័យកំពុងដឹកម៉ូតូទាំង២គ្រឿងនេះ ឆ្លងដែនចូលមកក្នុងស្រុកសំពៅលូន ទើបស្ទាក់ ចាប់ខ្លួនបម្រុងយកមកសាកសួរ ប៉ុន្តែជនសង្ស័យដឹងខ្លួនទាន់បានផ្តួលម៉ូតូហើយរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្តទៀតថា បន្ទាប់មកនៅព្រឹកថ្ងៃទី១១កញ្ញា លោកអធិការ ពេជ្រ សារ៉ែន បានដឹកនាំកម្លាំងប្រគល់ម៉ូតូទាំង២គ្រឿងនេះ ទៅឲ្យភាគីថៃវិញ នៅត្រង់ចំណុចច្រកទ្វារអន្តរជាតិគីឡូ១៣ ក្នុងទឹកដីស្រុកសំពៅលូន ដែលសកម្មភាពនេះ សបញ្ជាក់ឲ្យឃើញថា ចំណងសាមគ្គីភាព និងមិត្តភាពរវាងកម្ពុជា-ថៃ ដែលជាប្រទេសមានព្រំដែនជាប់គ្នា សហការគ្នាកាន់តែស្អិតរមួតក្នុងការទប់ស្កាត់បទល្មើសផ្សេងៗជាពិសេសអំពើចោរកម្មនេះតែម្តង ៕