នគរបាលស្រុកសំពៅលូនស្ទាក់ចាប់ចោរថៃលួចម៉ូតូ២គ្រឿង លក់ឲ្យពលរដ្ឋខ្មែរតាមព្រំដែន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ម៉ូតូធុនធំ២គ្រឿង ដែលសុទ្ធសឹងជាម៉ូតូស៊េរីទំនើបត្រូវចោរលួចពីប្រទេសថៃ ឆ្លងចូលមកកម្ពុជា ត្រូវបានសមត្ថកិច្នគរបាលស្រុកសំពៅលូន ស្ទាក់ចាប់​បាន រួច​ប្រគល់ទៅ​ឲ្យ​ភាគីថៃវិញ កាលពីព្រលប់ថ្ងៃ ចន្ឌ ១ កើត ខែ ភទ្របទ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចច្រករបៀងមួយកន្លែងក្បែរខ្សែ​បន្ទាត់​ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិស្ពានយោល  ឃុំជ្រៃសីមា ស្រុកសំពៅលូន  ខេត្តបាត់ដំ​បង។ក្នុងការស្ទាក់ចាប់ចោរនេះដែរគេបានឮសំឡេងផ្ទុះអាវុធចំនួន២គ្រាប់ ដើម្បីស្ទាក់ចាប់​ជនសង្ស័យ ដែលកំពុងធ្វើសកម្មភាពអូសម៉ូតូឆ្លងដែន ចេញពីទឹកដីថៃ មកកាន់កម្ពុជា។

មន្រី្តនគរបាលស្រុកសំពៅលូន បានឲ្យ​ដឹងថា ក្រោយពីទទួលបានសេចក្តី​រាយការណ៍​ពីភាគីថៃ ឲ្យ​ជួយសហការក្នុងការស្រាវជ្រាវរកមុខសញ្ញាលួចម៉ូតូពីរគ្រឿងពីខេត្តប្រាជីនបុរី ប្រទេសថៃ ដែលគេសង្ស័យថា ក្រុមចោរអាចជាជនជាតិថៃ ហើយយកមកលក់ឲ្យ​ខ្មែរ នៅក្នុងខ្សែបន្ទាត់ព្រំដែននោះ កម្លាំងយើងក៏ត្រៀមកម្លាំងស្ទាក់ចាប់ចោរភ្លាមដែរ។

ប្រភពដដែលអះអាងថា ម៉ូតូទាំង២គ្រឿងនោះ ម៉ាក YAMAHA  ប្រភេទ RG 331/M-Slash  ពាក់ស្លាកលេខ ប្រាជីនបុរី ១០០៩  និងម៉ាក  Honda  ប្រភេទ MSX  ពាក់ស្លាកលេខ ឆៈឈើងសៅ ២១២៥(លេខថៃ) ត្រូវបានក្រុមជនមិនស្គាល់មុខ លួចចេញពីខេត្ត ប្រាជីនបុរី កាលពីព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨។ បន្ទាប់មកនៅល្ងាចថ្ងៃដដែលនោះ​ លោកពេជ្រ សារ៉ែន អធិការស្រុក បានដាក់កម្លាំង​ល្បាតតាមខ្សែ​បន្ទាត់ព្រំដែន ក៏បានប្រទះឃើញជន​សង្ស័យ​កំពុងដឹកម៉ូតូទាំង២គ្រឿងនេះ  ឆ្លងដែនចូលមកក្នុងស្រុកសំពៅលូន ទើបស្ទាក់ ចាប់ខ្លួនបម្រុងយកមកសាកសួរ ប៉ុន្តែជនសង្ស័យដឹងខ្លួនទាន់បានផ្តួលម៉ូតូហើយរត់គេចខ្លួន​បាត់ស្រមោល 

ប្រភពដដែលបន្តទៀតថា បន្ទាប់មក​នៅព្រឹកថ្ងៃទី១១កញ្ញា លោកអធិការ ពេជ្រ សារ៉ែន បានដឹកនាំកម្លាំង​ប្រគល់ម៉ូតូទាំង២គ្រឿងនេះ ទៅឲ្យ​ភាគីថៃវិញ នៅត្រង់ចំណុចច្រកទ្វារ​អន្តរជាតិគីឡូ១៣ ក្នុងទឹកដីស្រុកសំពៅលូន ដែលសកម្មភាពនេះ សបញ្ជាក់ឲ្យ​ឃើញថា ចំណងសាមគ្គីភាព និងមិត្តភាពរវាងកម្ពុជា-ថៃ ដែលជាប្រទេសមានព្រំដែនជាប់គ្នា សហការគ្នាកាន់តែស្អិតរមួតក្នុងការទប់ស្កាត់បទល្មើសផ្សេងៗជាពិសេសអំពើចោរកម្មនេះតែម្តង ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print