ភ្នំពេញ៖ លោក ឃួង ស្រេង ណែនាំឱ្យស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវត្រួតពិនិត្យ និងយកចិត្ដទុកដាក់ ធ្វើសៀវភៅស្នាក់នៅ និងអត្ដសញ្ញាណបណ័្ណជូនពលរដ្ឋឱ្យបានល្អ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំបែបនេះ នៅក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលរាជធានីភ្នំពេញថ្មី នៅស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារ៏ ២កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១១ ខែកញ្ញា ២០១៨ ក្រោមអធិបតីភាព លោក ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ដោយមានការចូលរួម ពីមន្ត្រីរាជការក្រោមឱវាទ ជាច្រើនផងដែរ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ស្នងការដែលទើបតែងតាំងថ្មីត្រូវមើលបញ្ហា ការងារធ្វើសៀវភៅស្នាក់នៅ និងការធ្វើអត្តសញ្ញាណប័ណ្ណជូន ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញឲ្យបានលឿង ដើម្បីឲ្យប្រជាពលរដ្ឋ យកទៅប្រើប្រាស់បានទាន់ពេលវេលា ។ ម្យ៉ាងទៀត ការខិតខំប្រឹងប្រែងរបស់មន្រ្តីនគរបាលក្នុងការ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនេះ គឺស្របទៅនឹងអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលបានដាក់ចេញ ធ្វើយ៉ាងណាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋកុំឲ្យពួកគាត់មាន ការថ្លាំងថ្នាក់ ហើយចំពោះមន្រ្តីនគរបាល ណា ដែលអសកម្មក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋនឹងត្រូវមានការព្រមានផងដែរ។
លោក ចាន់ អ៊ាន បានបញ្ជាក់ថា៖ មន្ដ្រីដែលទើបទទួលបានតំណែងថ្មី គឺត្រូវបន្ដខិតខំ សហការឱ្យបានល្អជាមួយ មន្ដ្រី នៅថ្នាក់ក្រោមៗ ពិសេស មន្ដ្រីនគរបាល នៅមូលដ្ឋានផ្ទាល់តែម្ដង ទើបការងារយើងទទួលបានជោគជ័យ ។ ទន្ទឹមនិងនេះ មន្ដ្រីថ្នាក់លើក៏ត្រូវមានទំនាក់ទំនងល្អ និងស្ដាប់បទបញ្ជា របស់រាជរដ្ឋាភិបាលដែលប្រគល់ភារៈកិច្ចឱ្យដែរ ។ ការខិតខំប្រឹងប្រែងរបស់មន្រ្តីនគរបាលក្នុងការ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនេះ គឺស្របទៅ នឹងអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិ បាល អាណត្តិទី៦ ដែលបានដាក់ចេញ ធ្វើយ៉ាងណាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋកុំឲ្យពួកគាត់មាន ការថ្លាំងថ្នាក់ ហើយចំពោះមន្រ្តីនគរបាលណា ដែលអសកម្មក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋនឹងត្រូវ មានការព្រមានផងដែរ។
លោក ឧត្តមសេនីយ៍ឯកស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាអតីតស្នងការនគរបាល ខេត្តបាត់ដំបង ត្រូវបានប្រកាសតែងតាំងជាស្នងការ នគរបាល រាជធានីភ្នំពេញ ជំនួសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្ទេរភារកិច្ច និងតែងតាំង ជាអនុប្រធានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំង គ្រឿង ញៀនមានឋានៈស្មើ រដ្ឋមន្ត្រីជំនួស លោក កៅ ខុនដារ៉ា ដែលត្រូវទទួលភារកិច្ចថ្មី ជារដ្ឋលេខធិការក្រសួងមហាផ្ទៃ ៕ ដោយ៖ សំរិត