លោក ចាន់ យុត្ថា បើកវគ្គបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តី ស្តីពី ការកសាងផែនការយុទ្ធសាស្រ្តថវិកា វិធីសាស្រ្តរៀបចំថវិកាកម្មវិធី និងការអនុវត្តថវិកា

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ៩ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តី ស្តីពី ការកសាងផែនការយុទ្ធសាស្រ្តថវិកា វិធីសាស្រ្តរៀបចំថវិកាកម្មវិធី និងការអនុវត្តថវិកា នៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ ។

ថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ លោករដ្ឋលេខាធិការបានមានប្រសាសន៍ លើកឡើងថា កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ដំណាក់កាលទី ៣ (២០១៦-២០២០) ហើយបញ្ហាជាស្នូលនៃដំណាក់កាលកំណែទម្រង់នេះគឺ ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ ។ ចំណុចគន្លឹះនៃការកែទម្រង់ប្រព័ន្ធថវិកា គឺការដាក់ឲ្យអនុវត្តថវិកាកម្មវិធី ដើម្បីឈានទៅកែលម្អគុណភាពនៃការគ្រប់គ្រងវដ្តនៃថវិកា រួមមាន ការរៀបចំថវិកា ការអនុម័តថវិកា ការអនុវត្តថវិកា និងការត្រួតពិនិត្យតាមដាន និងវាយតម្លៃ សំដៅធ្វើការផ្លាស់ប្ដូរជាបណ្ដើរៗ ពីប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាសមិទ្ធកម្ម និងវិមជ្ឈការ ។

ក្នុងន័យនេះ គោលដៅសំខាន់បំផុតនៃការដាក់ឲ្យអនុវត្តថវិកាកម្មវិធី គឺមិនត្រឹមតែដើម្បីផ្សារភ្ជាប់ថវិកាទៅនឹង​គោលនយោបាយប៉ុណ្ណោះទេ គឺថែមទាំង ដើម្បីធ្វើឱ្យថវិកាក្លាយជា “ ឧបករណ៍គោលនយោបាយ ” ពិតប្រាកដក្នុងការវិភាជន៍ និងប្រើប្រាស់ធនធានមានកម្រិតរបស់ប្រទេសយើង ប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ។

លោករដ្ឋលេខាធិការ បានបន្តថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ត្រូវបានសហការរៀបចំឡើងដោយក្រសួងធនធានទឹក និងឧតុនិយម ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ( ២០១៦-២០២០) ក្នុងគោលបំណងដើម្បីបង្កើនការកសាងធនធានមនុស្ស ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និយាយជារួម គឺសំដៅពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាថ្ងៃនេះប្រមាណ ១០០ នាក់ មកពីគ្រប់អង្គភាពចំណុះក្រសួងធនធានទឹក និងឧតុនិយម ។

ក្នុងក្របខ័ណ្ឌនៃការអនុវត្តថវិកាកម្មវិធីនេះ យើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុងដំណាក់កាល “ រៀនផង ធ្វើផង ” ។ ស្ថិតក្នុងបរិបទនេះ, យើងខិតខំកសាង និងពង្រឹងសមត្ថភាពដល់គ្រូបង្គោល និងមន្ត្រីជំនាញ នៅផ្ទៃក្នុងក្រសួង ផង ហើយជម្រុញលើកទឹកចិត្តដល់អ្នកចូលរួម ត្រូវបំពេញភារកិច្ចក្នុងការផ្តល់ចំណេះដឹពីវគ្គបណ្តុះបណ្តាលនេះ ទៅចែករំលែកជូនដល់អង្គភាពរបស់ខ្លួនផង ។

លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា តាមរយៈគ្រូបង្គោលដែលអញ្ជើញមកពីអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់នូវបទបង្ហាញដ៏ច្បាស់លាស់ ក្បោះក្បាយ ក៏ដូចជាត្រៀមបកស្រាយនូវចម្ងល់នានាក្នុងការអនុវត្តថវិកា ។

លោកបានស្នើអង្គភាពពាក់ព័ន្ធដែលជាតំណាងអង្គភាពថវិកា មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ រជ្ជទេយ្យករ រជ្ជទេយ្យកររង និងភ្នាក់ងារបើកផ្តល់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ និងលើកទឹកចិត្តឱ្យមានការចោទសួរ ពិភាក្សាឱ្យបានផុលផុស ហើយពាំនាំនូវចំណេះដឹងដែលទទួលបាន ទៅអនុវត្ត ការគ្រប់គ្រងថវិកាកម្មវិធីប្រកបដោយប្រសិទ្ធភាព ភាពសក្តិសិទ្ធិ និងមានការទទួលខុសត្រូវខ្ពស់ ។

ក្នុងនាមក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងធនធានទឹក និងឧតុនិយម លោករដ្ឋលេខាធិការក៏បានសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោករដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម ដែលបានអនុញ្ញាតឲ្យក្រុមការងារបច្ចេកទេសសហការគ្នាបង្កើតនូវវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង ៕ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print