ប៉ោយប៉ែត:ជនមិនស្គាល់មុខចំនួន៤នាក់ជិះម៉ូតូដេញកាប់យុវជន៣នាក់់បណ្តាលឲ្យរងរបួស ពេលពួកគេកំពុងជិះម៉ូតូកាលពីម៉ោង៩និង១៥នាទីយប់ថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាបួនក្នុងបរិវេណកាស៊ីណូផារ៉ាមែក ឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតវខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះទាំង៣នាក់មាន ១-ឈ្មោះបឺត សុធា ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសស្មាស្តាំ ២-ឈ្មោះវ៉ន សម្ភស្ស ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសក្បាល និងស្មាស្តាំ និង៣-ឈ្មោះវិច្ចរ៉ា ភេទប្រុស អាយុ២០ឆ្នាំ រងរបួសថ្ពាល់ស្តាំ ។ ជនរងគ្រោះទាំង៣នាក់ស្នាក់នៅចំណុចអគារបុគ្គលិកកាស៊ីណូហ្គោលដិន ក្នុងភូមិកើតហេតុ។
តាមនគរបាលការពារព្រំដែនគោកលេខ៩១១ ប៉ុស្តិ៍បឹងសាគូប្រាប់ឱ្យដឹងថា យោងតាមការសួរនាំ ជនរងគ្រោះបានប្រាប់ថា ពួកខ្លួនទាំង៣នាក់កំពុងជិះម៉ូតូមួយគ្រឿងម៉ាកសង់ ធុនសេ១២៥ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ស្រាប់តែមានក្រុមជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿងម៉ាកសង់ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ក្រហម និងមួយគ្រឿងទៀតម៉ាកឃ្លីក ពណ៌ខ្មៅ ប្រដាប់ដោយកាំបិតសាម៉ូរ៉ៃតាមកាប់ពីក្រោយដោយមិនដឹងពីមូលហេតុ បណ្តាលឲ្យពួកខ្លួនរងរបួសតែម្តង ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនមួយកន្លែងដែលនៅក្បែរនោះ។
ដោយឡែកក្រុមជនសង្ស័យបានគេចខ្លួនបាត់ដោយសុវត្ថិភាព៕អ្នកឃើញហេតុការបានលើកឡើងថាករណីខាងលើនេះបើជនរងគ្រោះគ្មានការទំនាក់ទំនងជាមួយគូរទំនាស់ក៏គ្មានអ្នកណាម្នាក់មកធ្វើសកម្មភាពវាយប្រហានោះឡើយ៕វណ្ណា