ដីព្រៃនៅតំបន់របៀងអភិរក្សជីវៈចម្រុះត្រូវបានគេលួចកាប់ទន្រ្ទានយកដីធ្វើកម្មសិទ្ធិ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំមន្ទីរជំនាញបរិស្ថានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងស្នងការ​ដ្ឋាននគរបាលខេត្ត ចុះពិនិត្យដោយផ្ទាល់ នៅក្នុងភូមិសាស្រ្តឃុំរយ៉ ស្រុកកោះញែក និងនៅក្នុងតំបន់ច្រករបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលត្រូវបានគេលួចកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិ ប៉ុន្តែសកម្ម​ភាពនេះត្រូវបានចាត់វិធានការភ្លាមៗផងដែរ ដោយមន្រ្តីជំនាញបានដកបង្គោលតម្រុយព្រំ ដែលដាំនៅលើតំបន់ការពារដោយខុសច្បាប់នេះ។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រោយការចុះពិនិត្យផ្ទាល់របស់លោកអភិបាលខេត្ត និងមន្រ្តីជំនាញ គឺជាលទ្ធផលឃើញមានការចូលលួចកាប់ទន្រ្ទាន់ដីព្រៃដោយខុសច្បាប់ ហើយឃើញមានបោះបង្គោលព្រំ និងបាញ់ថ្នាំពណ៌ក្រហមជាសញ្ញាសម្គាល់នៅលើដើមឈើ ហើយករណីនេះ លោកអភិបាលខេត្ត បានបញ្ជាមកមន្ទីរបរិស្ថានខេត្ត ត្រូវចាត់វិធានការស្រាវជ្រាវដើម្បីចាត់វិធានការតាមច្បាប់ ហើយត្រូវសហការជាមួយរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មខេត្ត និងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តការងារល្បាត និងទប់ស្កាត់ឲ្យបានទាន់ពេលវេលាកុំឲ្យមានការលួចកាប់រានបន្តទៀត។

លោកប្រធានមន្ទីរបានបន្ថែមថា ក្រុមការងារដែលដឹកនាំដោយលោកអភិបាលខេត្ត បានពិនិត្យនិងដើរដកតម្រុយ បង្គោល​នោះចេញ ហើយបានបញ្ជាឲ្យមន្ទីរបរិស្ថានខេត្ត ធ្វើស្លាកសញ្ញាហាមឃាត់មិនឲ្យមានការលួចកាប់ព្រៃ ឈើជាដាច់ខាត។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ បានចេញអនុក្រឹត្យស្ដីពីការបង្កើតរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលមានផ្ទៃដីសរុបចំនួន ១.៤២៧.៩៤០ ហិកតា ដើម្បីតភ្ជាប់តំបន់ការពារធម្មជាតិក្នុងព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានបែងចែកជា ៣ ប្រភេទរួមមាន ៖

-ទី១.របៀងអភិរក្សជីវៈចម្រុះឦសាន មានផ្ទៃដី ៧៥៧.៦៦១ ហិកតា

-ទី២.របៀងអភិរក្សជីវៈចម្រុះឧត្តរ មានផ្ទៃដី ៥០០.៨១០ ហិកតា

-ទី៣.របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ មានផ្ទៃដី ១៦៩.៤៦៩ ហិកតា។

អនុក្រឹត្យនេះ មានគោលបំណងដូចតទៅ ៖
-ធានាស្ថិរភាព និងសុវត្ថិភាពមៃប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ ជាពិសេសប្រភេទជិតផុតពូជ ប្រភេទមានដោយកម្រ និងប្រភេទងាយរងគ្រោះ។
-បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីតំបន់ការពារធម្មជាតិ សម្រាប់ជាប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់
-រក្សាទេសភាពធម្មជាតិ ដើម្បីបម្រើដល់សុខមាលភាពសាធារណៈ
-រក្សាលំនឹងបរិស្ថាន ការពារនិងអភិរក្សធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ
-លើកទឹកចិត្តឲ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារ អភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print