ខេត្ដកោះកុង៖ គេដឹងថាមន្ដ្រី២រូប ស្ថិតក្នុងស្ថាប័នច្បាប់បានប្រព្រឹត្ដទង្វើ ខុសច្បាប់ដោយបើកបនល្បែងបញ្ជល់ មាន់ យូគីនិង អាប៉ោង យ៉ាងគគ្រឹកគគ្រេង នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌល សីមា ខេត្ដកោះកុង ដែលធ្វើឱ្យប្រជាពល រដ្ឋរិះគន់យ៉ាងខ្លាំង ។
គេបានរាយការណ៍ថា មន្ដ្រីការិយា ល័យតំណាងរាស្ដ្រមណ្ឌលខេត្ដកោះកុង ២រូបបាននិងកំពុងបើកបនល្បែងគ្រប់ ប្រភេទដោយរួមមានល្បែងបញ្ជល់មាន់ ល្បែងយូគី ល្បែងបៀ និងអាប៉ោងលេង យ៉ាងគគ្រឹគគគ្រេងដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសួនសត្វកោះកុងក្នុងភូមិសាស្ដ្រ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌល សីមា ខេត្ដកោះកុង ។
ប្រភពបានរាយការណ៍បន្ដទៀតថា បន ល្បែងដ៏ធំមួយនេះកំពុងទាក់ទាញទាំងឈ្មួញរកស៊ីធំៗទាំងមន្ដ្រីរាជការនៅខេត្ដកោះកុងរាប់រយនាក់ដែលញៀននឹងល្បែង ចូលលេងជារៀងរាល់ថ្ងៃ ។ ប្រជាពលរដ្ឋ បានបញ្ជាក់ថា ម្ចាស់បនល្បែងដ៏ធំមួយ នេះ ត្រូវបានគេស្គាល់ឈ្មោះ ជា លាងហេង ជាប្ដី និងឈ្មោះ ថាត ម៉ារី ជាប្រពន្ធ ហើយ ទាំងពីរនាក់នេះជាមន្ដ្រីបម្រើីការងារនៅ ក្នុងការិយាល័យតំណាងរាស្ដ្រមណ្ឌលខេត្ដកោះកុង ។ ប្រជាពលរដ្ឋបានឱ្យដឹងទៀត ថា ទីតាំងបនល្បែងខាងលើនេះត្រូវបាន មន្ដ្រីពីរនាក់ប្ដីប្រពន្ធជួលពីម្ចាស់ដីក្នុង តម្លៃប្រមាណ៣០លានរៀលក្នុងមួយខែ ពោលគឺ១លានរៀលក្នុងមួយថ្ងៃ ។ ចំណែក ការសាងសង់បនល្បែងគឺអស់រាប់ម៉ឺន ដុល្លារបន្ថែមទៀត ។
តាមប្រភពខាងលើបនល្បែងមួយនេះត្រូវបានសម្ពោធបើកទ្វារលេងជាផ្លូវ ការចំថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន ព្រមានឱ្យមន្ដ្រីរាជការកងកម្លាំងដក ខ្លួនចេញឱ្យឆ្ងាយពីបនល្បែងនិងអំពើ ល្មើសច្បាប់ ព្រោះការជាប់ពាក់ព័ន្ធនឹងបទ ល្មើសទាំងនេះនឹងនាំឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាល ។ យ៉ាង ណាក៏ដោយបនល្បែងដ៏ធំមួយនេះដែលម្ចាស់វាជាមន្ដ្រីការិយាល័យតំណាងរាស្ដ្រខេត្ដកោះកុងហាក់ដូចជាធ្វើផ្គើនទៅនឹងការព្រមានរបស់សម្ដេច ហ៊ុន សែន ឬ អាចនិយាយថា ពួកគេមិនសូវជាខ្លាច អំណាចសម្ដេច ហ៊ុន សែន នោះឡើយ ។
មន្ដ្រីសាលាខេត្ដកោះកុងម្នាក់បាន និយាយថាបនល្បែងខាងលើនេះកំពុងតែជ្រកក្រោមស្លាកកាស៊ីណូមួយ ប៉ុន្ដែបន ល្បែងនេះ ស្ថិតនៅក្នុងអតីតសួនសត្វ កោះកុងនិងលេងយ៉ាងអនាធិបតេយ្យក្នុងសួនសត្វខេត្ដកោះកុង និងមិនស្ថិតក្នុង កាស៊ីណូមានច្បាប់នោះទេ ។
មជ្ឈដ្ឋានទូទៅរួមទាំងប្រជាពលរដ្ឋ បានរិះគន់ចំពោះសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានដែលមិនហ៊ានចុះបង្ក្រាបបនល្បែងមួយនេះ បើទោះជាដឹងថា បនល្បែង មួយនេះខុសច្បាប់យ៉ាងណាក៏ដោយចុះ ព្រោះគេគិតថា ទាំងសមត្ថកិច្ច និងអាជ្ញា ធរមូលដ្ឋានកំពុងតែរស់យ៉ាងស្រួលជា មួយបនល្បែងរបស់មន្ដ្រីការិយាល័យ តំណាងរាស្ដ្រមណ្ឌលកោះកុង ។
ស្នងការនគរបាលខេត្ដកោះកុងមិន អាចទាក់ទងសុំការបំភ្លឺបានទេ ៕
ដោយ៖ ហេង នរិន្ទ្រ