ហុងកុងសាងសង់ស្ថានីយ៍ រថភ្លើងទំនើប តភ្ជាប់ក្រុងប៉េកាំង

ចែករំលែក៖

ការធ្វើដំណើរពីទីក្រុងប៉េកាំងមកកាន់កោះហុងកុង ឬពីហុងកុងទៅកាន់ប៉េកាំង អាចចំណាយពេលតែពីរម៉ោង ប៉ុណ្ណោះជាមួយខ្សែរថភ្លើងល្បឿនលឿនជាមួយនិងស្ថានីយ៍រថភ្លើងថ្មីទំនើប ទទួលអ្នកដំណើរ បានដល់ទៅ​២សែននាក់ក្នុងមួយថ្ងៃ។

ផ្លូវរថភ្លើងល្បឿនលឿននេះ ជាគម្រោង​សាងសង់​​ដែល​ផ្តួច​ផ្តើម​ឡើង​តាំង​ពី​ឆ្នាំ​២០០៨ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ​៤ពាន់​លាន​​អឺរ៉ូ។ 

  អ្នក​ដំណើរ​ដំបូងៗ​បានសម្តែង​ការ​រីករាយ ចំពោះ​ខ្សែរថភ្លើង​ថ្មី ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​ ផ្លាស់​ទី​ពី​ក្រុង​ដែន​កោះ ទៅ​ក្រុង​ដែន​គោក​ក្នុង​រយៈ​ពេល​តែ​ពីរ​ម៉ោង​ ទល់​នឹង​បីម៉ោងកន្លះ បើ​ប្រៀប​ទៅនឹង​មធ្យោបាយ​ចាស់។

ប៉ុន្តែ​គម្រោង​នេះ​ មាន​ភាព​ចម្រូងចម្រាស់ខ្លាំង នៅ​ពេល​ចាប់​ដំណើរ​ការ​ដោយ​ការ​បញ្ឈប់​ការិយាល័យ​ត្រួតពិនិត្យ​ពន្ធគយ និង​ព្រំដែន​ នៅ​ប្រមាណ​ពីរ​បី​ម៉ែត្រ​ពី​ស្ថានីយ៍ ដែល​បង្ក​បង្កើត​ឱ្យមាន​គំនិត​គិត​ដល់​ការ​វាតទទី​ដី។ ពីព្រោះ​រដ្ឋាភិបាល​ហុងកុង​ សុខ​ចិត្ត​ចែក​រំលែក​ទីស្នាក់ការ​របស់​ខ្លួន កណ្តាល​ក្រុង​ ទៅ​ឱ្យ​អាជ្ញាធរ​ចិន​គ្រប់គ្រង​​ជា​តំបន់​ពិសេស​ ស្ថិត​ក្រោម​អធិបតេយ្យភាព​ប៉េកាំង​។ ភ្នាក់ងារ​សន្តិសុខ​ចិន ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​តំបន់​ពិសេស​​នៃ​ស្ថានីយ៍​។

សម្រាប់​បក្ស​ប្រឆាំង​និង​អ្នក​វិភាគ​ នេះ​ជា​ចំណែក​មួយ​នៃ​​យុទ្ធសាស្ត្រ​នយោបាយ​ដ៏​ស្មុគស្មាញ​របស់​ចិន ដែល​ចង់​ត្រួតត្រា​ និង​កំរិត​សេរីភាពហុងកុង ​ ​តាម​រយៈ​រដ្ឋាភិបាល​ហុងកុង​ដែល​គាំទ្រ​ប៉េកាំង ឬ​ដោយ​ផ្ទាល់​តែ​ម្តង។ តាំង​ពី​ឆ្នាំ​មុន​មក​ គេ​ចិន​សម្រុក​ខ្លាំង​គួរ​ឱ្យ​ព្រួយ​បារម្ភ​​ ខ្លាច​តែ​ទម្រង់​​​កិច្ចព្រមព្រៀងចិន-អង់គ្លេស ​​ ​“ប្រទេស​មួយ​ប្រព័ន្ធ​ដឹកនាំ​ពីរ”​ មិន​អាច​ធន់​បាន​យូរ។

ចេញ​ផុតពី​អាណានិគម​អង់គ្លេស​នៅ​ឆ្នាំ​១៩៩៧ ​ហុងកុង​​បាន​ប្រគល់​មក​ឱ្យ​​ចិន​ តែ​រក្សា​ប្រព័ន្ធ​ដឹកនាំ និង​ច្បាប់​​ដាច់​ដោយ​ឡែក ខុស​ពី​ចិន​ដី​គោក។ ប៉ុន្តែ​ជាមួយ​នឹង​ការ​បង្កើត​ស្ថានីយ៍​រថភ្លើង​ថ្មី​ អ្នក​វិភាគ​យល់​ថា​ ការ​សាកល្បង​បិទ​ខ្ទប់​សេរីភាព​ អាច​នឹង​មាន​ឥទ្ធិពល​កាន់​ច្បាស់ ជាពិសេស​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ព្រោះ​ដោយ​ជាក់​ស្តែង​ កាសែត និង​សៀវភៅ​ដែល​ដាក់លក់​នៅ​ក្នុង​ស្ថានីយ៍​ មាន​កំរិត​មិន​ដូច​នៅកន្លែង​​នៃ​ហុងកុង​ឡើយ៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print