ការធ្វើដំណើរពីទីក្រុងប៉េកាំងមកកាន់កោះហុងកុង ឬពីហុងកុងទៅកាន់ប៉េកាំង អាចចំណាយពេលតែពីរម៉ោង ប៉ុណ្ណោះជាមួយខ្សែរថភ្លើងល្បឿនលឿនជាមួយនិងស្ថានីយ៍រថភ្លើងថ្មីទំនើប ទទួលអ្នកដំណើរ បានដល់ទៅ២សែននាក់ក្នុងមួយថ្ងៃ។
ផ្លូវរថភ្លើងល្បឿនលឿននេះ ជាគម្រោងសាងសង់ដែលផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០០៨ ដោយចំណាយថវិកាអស់ប្រមាណ៤ពាន់លានអឺរ៉ូ។
អ្នកដំណើរដំបូងៗបានសម្តែងការរីករាយ ចំពោះខ្សែរថភ្លើងថ្មី ដែលអនុញ្ញាតឱ្យពួកគេ ផ្លាស់ទីពីក្រុងដែនកោះ ទៅក្រុងដែនគោកក្នុងរយៈពេលតែពីរម៉ោង ទល់នឹងបីម៉ោងកន្លះ បើប្រៀបទៅនឹងមធ្យោបាយចាស់។
ប៉ុន្តែគម្រោងនេះ មានភាពចម្រូងចម្រាស់ខ្លាំង នៅពេលចាប់ដំណើរការដោយការបញ្ឈប់ការិយាល័យត្រួតពិនិត្យពន្ធគយ និងព្រំដែន នៅប្រមាណពីរបីម៉ែត្រពីស្ថានីយ៍ ដែលបង្កបង្កើតឱ្យមានគំនិតគិតដល់ការវាតទទីដី។ ពីព្រោះរដ្ឋាភិបាលហុងកុង សុខចិត្តចែករំលែកទីស្នាក់ការរបស់ខ្លួន កណ្តាលក្រុង ទៅឱ្យអាជ្ញាធរចិនគ្រប់គ្រងជាតំបន់ពិសេស ស្ថិតក្រោមអធិបតេយ្យភាពប៉េកាំង។ ភ្នាក់ងារសន្តិសុខចិន ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ពិសេសនៃស្ថានីយ៍។
សម្រាប់បក្សប្រឆាំងនិងអ្នកវិភាគ នេះជាចំណែកមួយនៃយុទ្ធសាស្ត្រនយោបាយដ៏ស្មុគស្មាញរបស់ចិន ដែលចង់ត្រួតត្រា និងកំរិតសេរីភាពហុងកុង តាមរយៈរដ្ឋាភិបាលហុងកុងដែលគាំទ្រប៉េកាំង ឬដោយផ្ទាល់តែម្តង។ តាំងពីឆ្នាំមុនមក គេចិនសម្រុកខ្លាំងគួរឱ្យព្រួយបារម្ភ ខ្លាចតែទម្រង់កិច្ចព្រមព្រៀងចិន-អង់គ្លេស “ប្រទេសមួយប្រព័ន្ធដឹកនាំពីរ” មិនអាចធន់បានយូរ។
ចេញផុតពីអាណានិគមអង់គ្លេសនៅឆ្នាំ១៩៩៧ ហុងកុងបានប្រគល់មកឱ្យចិន តែរក្សាប្រព័ន្ធដឹកនាំ និងច្បាប់ដាច់ដោយឡែក ខុសពីចិនដីគោក។ ប៉ុន្តែជាមួយនឹងការបង្កើតស្ថានីយ៍រថភ្លើងថ្មី អ្នកវិភាគយល់ថា ការសាកល្បងបិទខ្ទប់សេរីភាព អាចនឹងមានឥទ្ធិពលកាន់ច្បាស់ ជាពិសេសសេរីភាពនៃការបញ្ចេញមតិ ព្រោះដោយជាក់ស្តែង កាសែត និងសៀវភៅដែលដាក់លក់នៅក្នុងស្ថានីយ៍ មានកំរិតមិនដូចនៅកន្លែងនៃហុងកុងឡើយ៕
ដោយ៖ មែវ សាធី