ភ្នំពេញ៖ការប្រគំតន្ត្រីដែលប្រមូលផ្តុំដោយតារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជា នៅលើទឹកដីនៃប្រទេសកូរ៉េ បានប្រព្រឹត្តិទៅតាមការគ្រោងទុក។ ប៉ុន្តែកូនប្រុសច្បងរបស់តារាចម្រៀងព្រាប សុវត្ថិ បានខកខានក្នុងការចូលរួមព្រោះតែតារាចម្រៀងរូបនេះមានជំងឺគ្រុនឈាម។
ប្រភពពីអ្នកសិល្បៈដែលបានចូលរួមកម្មវិធីប្រគុំតន្ត្រីខ្នាតធំនេះបានបញ្ជាក់ថាសុវត្ថិ មុន្នីវណ្ណជាកូនប្រុសច្បងរបស់លោកព្រាប សុវត្ថិខកខានក្នុងសម្តែងនៅប្រទេសកូរ៉េតាមការកំណត់ព្រោះតែតារាចម្រៀងរូបនេះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ ដើម្បីពិនិត្យព្យាបាលជំងឺ ដែលក្រោយពីពិនិត្យរកឃើញថាកូនប្រុសច្បងរបស់ព្រាប សុវត្វិគឺមានជំងឺគ្រុនឈាម បន្ទាប់ពីប្អូនប្រុសពីរនាក់ផ្សងទៀតទើបនឹងជាសះស្បើយហើយថ្មីៗ។ ការខកខានរបស់កូនប្រុសច្បងរបស់លោកព្រាប សុវត្ថិក៏បានធ្វើឲ្យគម្រោងចេញមកច្រៀង និងកម្សាន្តរួមគ្នាទាំងគ្រួសារ ត្រូវបានខកខានផងដែរព្រោះតែសមាជិកគ្រួសារត្រូវនៅជួយមើលថែ។ ទោះជាយ៉ាងណាគម្រោងនៃការឡើងឆាកមិនបានលុបចោលនោះទេពោលគឺលោកព្រាបសុវត្ថិរួមទាំងកូនប្រុសទាំងពីរ និងតារាចម្រៀងប្រុសស្រីល្បីឈ្មោះដ៏ទៃទៀតនៅតែបន្តការច្រៀងរាំយ៉ាងជោគជ័យជាមួយនឹងការចូលរួមច្រើនពីអ្នកទស្សនា ពិសេសពលរដ្ឋខ្មែរដែលជាពលករបម្រើការងារនៅប្រទេសកូរ៉េនោះ។
គួរបញ្ជាក់ដែរថាតារាចម្រៀងល្បីៗ មួយក្រុមបាន ចេញដំណើរទៅប្រទេសកូរ៉េ កាលពីយប់ថ្ងៃសៅរ៍ ទី២២ កញ្ញា ២០១៨ ក្នុងដំណើរចេញច្រៀងរាំនោះ គឺមានកំពូលតារាចម្រៀងល្បីលំដាប់ប្រទេស លោក ព្រាប សុវត្ថិ អ្នកនាងពេជ្រ សោភា លោក ឆាយ វីរៈយុទ្ធ កញ្ញា រ៉ាប៊ី នាយពែកមី លោក ប៉ែន ចំរ៉ុងជាដើម ក្រោមការរៀបចំរបស់លោកឧកញ៉ា វ័យក្មេង ឡេង ណាវ៉ាត្រា។ ថ្ងៃទី២៤តារាចម្រៀងទាំងអស់បានជុំគ្នាច្រៀងរាំបើកឆាកនៅទីក្រុងអាន់សាន់ ហើយនៅថ្ងៃទី២៥ នេះ តារាចម្រៀងទាំងអស់បានបន្តទៅច្រៀងនៅ ទីក្រុង ក្វាងជូខណៈដែលល្ងាចថ្ងៃ ២៦ តារាចម្រៀង និងក្រុមការងារទាំងអស់នឹង ត្រឡប់មកប្រទេសកម្ពុជាវិញ៕
ដោយ វឌ្ឍនា