ប៉ុន្មានឆ្នាំកន្លងមក ចិនបានដើរទិញកំពង់ផែសមុទ្រជាច្រើនចាប់តាំងពីកំពង់ផែនៅតំបន់អាស៊ី មជ្ឈឹមបូព៌ា អាហ្វរិក រួមទាំងអឺរ៉ុប និងអាមេរិកខាងត្បូងផងដែរ។ ការទិញកំពង់ផែជាច្រើននៅជុំវិញពិភពលោក ធ្វើឲ្យមានសំណួរជាច្រើនបានចោទសួរថា ហេតុអ្វីបានជាចិនចាំបាច់ទិញកំពង់ផែសមុទ្រនៅជុំវិញពិភពលោក ?
ដើម្បីតែផលប្រយោជន៍សេដ្ឋកិច្ច!
មនុស្សជាច្រើនបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងថា តើចិន អាចប្រើប្រាស់ ការទិញពាណិជ្ជកម្មនិងកំពង់ផែ របស់បណ្តាប្រទេសនៅជុំវិញពិភពលោកដើម្បីបម្រើគោលដៅយោធា ដែរឬទេ ក្រោម ការបិទបាំងគឺបញ្ជូនបច្ចេកវិទ្យា និង ធនធានមនុស្ស មកប្រើប្រាស់ ក្នុងគោលដៅយោធា។
រយៈពេលកន្លងមកចិនបានអនុវត្តវិនិយោគនៅជុំវិញពិភពលោក ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធដែនសមុទ្រ កំពង់ផែ។ក្រុមហ៊ុននាំមុខរបស់ចិន ក្នុងការសាងសង់កំពង់ផែ មានដូចជា Cosco Shipping Ports និង China Merchants Port Holdings កំពុងតែទិញភាគហ៊ុន ឬក៏ចុះកិច្ចព្រមព្រៀង សាងសង់ ស្ថានីយ៍ កំពង់ផែនៅក្រៅប្រទេស។ ក្រុមហ៊ុន Cosco បានចាប់ផ្តើម សាងសង់កំពង់ផែកុងទឺន័រ នៅតំបន់ Piraeus ប្រទេសក្រិច កាលពីឆ្នាំ២០០៨ នៅពេលដែលរដ្ឋាភិបាលក្រិច ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ។ ទីក្រុងប៉កាំងបានក្លាយទៅជាអ្នកវិនិយោគធំបំផុត ជួយដល់ប្រទេសនេះ ក្នុងវិស័យកំពង់ផែនៅអឺរ៉ុប។
បច្ចុប្បន្នចិន មានកន្លែងឈរជើង នៅក្នុងកំពង់ផែធំៗចំនួន៣នៅអឺរ៉ុប ក្នុងនោះមាន កំពង់ផែ Euromaz នៅទីក្រុង Rotterdam ប្រទេសហុល្លង់ ដោយចិនគ្រប់គ្រងភាគហ៊ុនដល់ទៅ៣៥ភាគរយ ។ កំពង់ផែ Antwerp នៅប្រទេសប៊ែលហ្សិច ដោយចិនមានភាគហ៊ុន ២០ភាគរយ និង កំពង់ផែនៅទីក្រុងហាំប៊ឺត ប្រទេសអាល្លឺម៉ង់ជាកំពង់ផែទើបសាងសងថ្មី។
ប៉ុន្តែ រាល់ការសាងសង់កំពង់ផែ របស់ទីក្រុងប៉េកាំង មិនមែនទៅមុខរលូនទាំងអស់នោះឡើយ ។នៅក្នុងប្រទេសអីស្រាអែល ចិនកំពុងសាងសង់កំពង់ផែពីរផ្សេងគ្នាគឺ នៅតំបន់ Haifa និង Ashdod ។ ប៉ុន្តែ ការសាងសង់នោះរងការជំទាស់ ពីក្រុមអ្នកនយោបាយ មួយចំនួន ហើយអំពាវនាវដល់រដ្ឋាភិបាលវាយតម្លៃជាថ្មីឡើងវិញនៅកំពង់ផែរបស់ចិន អាចប៉ះបាល់ដល់សន្តិសុខជាតិដែរឬទេ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា មេដឹកនាំចិនបានប្រើប្រាស់ ឱកាសនៃសេដ្ឋកិច្ចរីកចំរើន ទំនាក់ទំនងការបរទេសល្អ និងយោធា កាន់តែរឹងមាំដើម្បីពង្រីកឥទ្ធិពលនៅលើពិភពលោកទាំងមូល។
លោក Frans Paul Vander Putten អ្នកឯកទេសស្រាវជ្រាវ មកពីមជ្ឈមណ្ឌុល ទំនាក់ទំនងអន្តរជាតិនៅហុល្លង់ បានប្រកាសឲ្យដឹងថា ចិនកំពុងតែ ប្រើប្រាស់កំពង់ផែនៅអឺរ៉ុប ដើម្បី បង្កើនឥទ្ធិពល នយោបាយដល់បណ្តាប្រទេសជាសមាជិក ។ លោកបន្តទៀតថា ការលូកដៃចូលជ្រៅនៅក្នុងតំបន់កំពង់ផែអឺរ៉ូប បានបង្ករឲ្យមានប្រតិកម្មប្រឆាំងយ៉ាងខ្លាំង ។ ចំណុចទាំងនោះហើយបានធ្វើឲ្យបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប មានការមន្ទិលសង្ស័យ ពីឥទ្ធិពលសេដ្ឋកិច្ចរបស់ចិន ។
ផលប្រយោជន៍យូអង្វែង..!
សកម្មភាពកំពង់ផែរបស់ចិន ក៏រងប្រតិកម្មយ៉ាងខ្លាំងពីអាមេរិក ដោយសារតែបានគំរាមកំហែងដល់សន្តិសុខ ព័ត៌មាន និង សន្តិសុខបណ្តាញ ។ ក្រុមអ្នកវិនិយោគកំពង់ផែរបស់ចិន បានតាមដានយ៉ាងយកចិត្តទុកដាក់ រាល់សកម្មភាព របស់នាវាអាមេរិក ។ ក្រុមអ្នកឯកទេស បានលើកឡើង សកម្មភាពគឺអភិវឌ្ឍន៍ទាំងវិស័យស៊ីវិល និងយោធា ។ ចិនបានដើរតាម អាមេរិក ប្រកបដោយមហិច្ឆិតា ដោយ ដាក់បញ្ជូនទាំងវិស័យឧស្សាហកម្មការពារជាតិនិងស៊ីវិលរួមគ្នា ។បណ្តាលកំពង់ផែរបស់ចិន គឺមានក្រុមអ្នកឯកទេសជួសជុលទាំងនាវាចម្បាំង និងសម្ភារៈយោធា ទៀតផង។
លោក Zhang Jie អ្នកឯកទេសស្រាវជ្រាវមកពីមជ្ឈមណ្ឌុល ស្រាវជ្រាវសង្គម ចិនបានសរសេរនូវអត្ថបទមួយ តាំងពីឆ្នាំ២០១៥ថា « ដំបូងគឺស៊ីវិល ក្រោយមកក្លាយជាយោធា »។ បណ្តាកំពង់ផែពាណិជ្ជកម្មដែលចិនបានសាងសង ក្នុងគោលដៅអភិវឌ្ឍន៍ បន្តិចម្តងៗ ប្រែក្លាយទៅជា កំពង់ផែយោធា ជួយដល់ ចិន ការពារ សន្តិសុខ ចរាចរណ៍លើដែនសមុទ្រ នឹងគ្រប់គ្រង ផ្លូវសមុទ្រដ៏សំខាន់។
ក្រុមអ្នកឯកទេសបានលើកឡើងថា បណ្តាកំពុងផែរបស់ចិននៅជុំវិញពិភពលោក នាពេលអនាគត អាមេរិក ក៏ត្រូវ ខ្ចីកំពង់ផែរបស់ចិនមកប្រើប្រាស់ផងដែរ ។ ទាំងនោះហើយធ្វើឲ្យឥទ្ធិពលរដ្ឋចិននៅលើពិភពលោក កាន់តែខ្លាំង គ្រប់ដណ្តបពិភពលោកទាំងមូល ។
កន្លងមក ចិនក៏បានអនុវត្តគម្រោងរថភ្លើងឆ្លងទ្វីប សម្រាប់ដឹកទំនិញនិងរថភ្លើងល្បឿនលឿនសម្រាប់ដឹកអ្នកដំណើរ ជុំវិញពិភពលោក ដោយ អ្នកដំណើរពីអឺរ៉ុបអាមេរិកទៅកាន់ចិន មិនបាច់បាច់ជិះយន្តហោះអាច ធ្វើដំណើរតាមរថភ្លើងបាន ។
លើសពីនេះទៅទៀត ក៏មានរថភ្លើងដឹកទំនិញ ដែលអាច បញ្ជូនទំនិញពីចិនទៅអឺរ៉ុប បានយ៉ាងឆាប់រហ័ស បំផុត។ កត្តាទាំងនោះហើយបានធ្វើឲ្យចិនមានប្រៀបនៅក្នុងវិស័យ សេដ្ឋកិច្ច ហើយនៅពេលដ៏ខ្លីខាងមុខ ចិន អាចក្លាយជាមហាអំណាចទីមួយលើពិភពលោក ។ ចំណុចទាំងនោះទើបអាមេរិក អនុវត្តគោលនយោបាយ «អាវុធ ពន្ធដា»សម្រាប់វាយប្រហារទៅលើចិន ឲ្យទាន់ពេលវេលា បង្កើតឲ្យមានសង្គ្រាមពាណិជ្ជកម្ម ដើម្បី ទប់ស្កាត់មហិច្ឆិតា ដណ្តើមមហាអំណាចទីមួយរបស់អាមេរិកនៅលើពិភពលោក៕
ដោយ៖ មែវ សាធី