ចិនបង្កើនការទិញ កំពង់ផែសមុទ្រ ធ្វើឲ្យអាមេរិក អឺរ៉ុបកាន់តែបារម្ភហើយ

ចែករំលែក៖

ប៉ុន្មានឆ្នាំកន្លងមក ចិនបានដើរទិញកំពង់ផែសមុទ្រ​ជាច្រើនចាប់តាំងពី​កំពង់ផែនៅតំបន់អាស៊ី​ មជ្ឈឹមបូព៌ា អាហ្វរិក រួមទាំងអឺរ៉ុប និងអាមេរិកខាងត្បូងផងដែរ។ ការទិញកំពង់ផែជាច្រើននៅជុំវិញពិភពលោក ធ្វើឲ្យមានសំណួរជាច្រើនបានចោទសួរថា​ ហេតុអ្វីបានជាចិន​ចាំបាច់ទិញកំពង់ផែសមុទ្រ​នៅជុំវិញពិភពលោក ?

ដើម្បីតែផលប្រយោជន៍សេដ្ឋកិច្ច!

មនុស្សជាច្រើនបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង​ថា តើចិន អាចប្រើប្រាស់ ការទិញពាណិជ្ជកម្មនិងកំពង់ផែ របស់បណ្តាប្រទេស​នៅជុំវិញពិភពលោកដើម្បីបម្រើគោលដៅ​យោធា ដែរឬទេ ក្រោម ការបិទបាំង​គឺបញ្ជូន​បច្ចេកវិទ្យា និង ធនធានមនុស្ស មកប្រើប្រាស់ ក្នុងគោលដៅយោធា។

រយៈពេលកន្លងមកចិនបានអនុវត្តវិនិយោគនៅជុំវិញពិភពលោក ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធដែនសមុទ្រ កំពង់ផែ។ក្រុមហ៊ុននាំមុខរបស់ចិន ក្នុងការសាងសង់កំពង់ផែ មានដូចជា​ Cosco Shipping Ports និង China Merchants Port Holdings ​កំពុងតែទិញភាគហ៊ុន ឬក៏ចុះកិច្ចព្រមព្រៀង សាងសង់ ស្ថានីយ៍ កំពង់ផែនៅក្រៅប្រទេស។ ក្រុមហ៊ុន​ Cosco ​បានចាប់ផ្តើម សាងសង់កំពង់ផែកុងទឺន័រ នៅតំបន់​ Piraeus ​ប្រទេសក្រិច កាលពីឆ្នាំ​២០០៨ នៅពេលដែលរដ្ឋាភិបាលក្រិច ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ។ ទីក្រុងប៉កាំងបានក្លាយទៅជាអ្នកវិនិយោគធំបំផុត ជួយដល់ប្រទេសនេះ ក្នុងវិស័យកំពង់ផែនៅអឺរ៉ុប។

បច្ចុប្បន្នចិន មានកន្លែងឈរជើង នៅក្នុងកំពង់ផែធំៗចំនួន​៣នៅអឺរ៉ុប​ ក្នុងនោះមាន កំពង់ផែ Euromaz ​នៅទីក្រុង Rotterdam ​ប្រទេសហុល្លង់ ដោយចិនគ្រប់គ្រងភាគហ៊ុនដល់ទៅ​៣៥ភាគរយ ។ កំពង់ផែ Antwerp នៅប្រទេសប៊ែលហ្សិច ដោយចិនមានភាគហ៊ុន ២០ភាគរយ និង កំពង់ផែនៅទីក្រុងហាំប៊ឺត ប្រទេសអាល្លឺម៉ង់ជាកំពង់ផែទើបសាងសងថ្មី។

ប៉ុន្តែ រាល់ការសាងសង់កំពង់ផែ របស់ទីក្រុងប៉េកាំង មិនមែនទៅមុខរលូនទាំងអស់នោះឡើយ ។នៅក្នុងប្រទេសអីស្រាអែល ចិន​កំពុងសាងសង់កំពង់ផែពីរផ្សេងគ្នាគឺ​ នៅតំបន់​ Haifa និង​ Ashdod ។ ប៉ុន្តែ ការសាងសង់នោះរងការជំទាស់ ពីក្រុមអ្នកនយោបាយ មួយចំនួន ហើយអំពាវនាវដល់រដ្ឋាភិបាលវាយតម្លៃ​ជាថ្មីឡើងវិញ​នៅកំពង់ផែរបស់ចិន អាចប៉ះបាល់ដល់សន្តិសុខជាតិដែរឬទេ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា មេដឹកនាំចិន​បានប្រើប្រាស់ ឱកាសនៃសេដ្ឋកិច្ចរីកចំរើន ទំនាក់ទំនងការបរទេសល្អ និងយោធា កាន់តែរឹងមាំ​ដើម្បីពង្រីកឥទ្ធិពលនៅលើពិភពលោកទាំងមូល។

លោក​ Frans Paul Vander Putten ​អ្នកឯកទេសស្រាវជ្រាវ មកពីមជ្ឈមណ្ឌុល ទំនាក់ទំនងអន្តរជាតិនៅហុល្លង់ បានប្រកាសឲ្យដឹងថា ចិនកំពុងតែ ប្រើប្រាស់កំពង់ផែនៅអឺរ៉ុប ដើម្បី បង្កើនឥទ្ធិពល នយោបាយដល់បណ្តាប្រទេសជាសមាជិក ។ លោកបន្តទៀតថា ការលូកដៃចូលជ្រៅនៅក្នុងតំបន់កំពង់ផែអឺរ៉ូប បានបង្ករឲ្យមានប្រតិកម្មប្រឆាំងយ៉ាងខ្លាំង ។ ចំណុចទាំងនោះហើយបានធ្វើឲ្យបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប មានការមន្ទិលសង្ស័យ ពីឥទ្ធិពលសេដ្ឋកិច្ចរបស់ចិន ។

ផលប្រយោជន៍យូអង្វែង..!

សកម្មភាព​កំពង់ផែរបស់ចិន ក៏រងប្រតិកម្មយ៉ាងខ្លាំងពីអាមេរិក ដោយសារតែបានគំរាមកំហែងដល់​សន្តិសុខ ព័ត៌មាន និង សន្តិសុខបណ្តាញ ។ ក្រុមអ្នកវិនិយោគកំពង់ផែរបស់ចិន បានតាមដានយ៉ាងយកចិត្តទុកដាក់ រាល់សកម្មភាព របស់នាវាអាមេរិក ។ ក្រុមអ្នកឯកទេស បានលើកឡើង សកម្មភាពគឺអភិវឌ្ឍន៍ទាំងវិស័យស៊ីវិល និងយោធា ។ ចិនបានដើរតាម អាមេរិក ប្រកបដោយមហិច្ឆិតា​ ដោយ ដាក់បញ្ជូនទាំងវិស័យឧស្សាហកម្មការពារជាតិ​និងស៊ីវិល​រួមគ្នា ។បណ្តាលកំពង់ផែរបស់ចិន គឺមានក្រុមអ្នកឯកទេសជួសជុលទាំងនាវាចម្បាំង និងសម្ភារៈយោធា ទៀតផង។

លោក​ Zhang Jie អ្នកឯកទេសស្រាវជ្រាវមកពីមជ្ឈមណ្ឌុល ស្រាវជ្រាវសង្គម ចិន​បានសរសេរនូវអត្ថបទមួយ តាំងពីឆ្នាំ​២០១៥ថា « ដំបូងគឺស៊ីវិល ក្រោយមកក្លាយជាយោធា »​។ បណ្តាកំពង់ផែពាណិជ្ជកម្មដែលចិនបានសាងសង ក្នុងគោលដៅអភិវឌ្ឍន៍ បន្តិចម្តងៗ ប្រែក្លាយទៅជា កំពង់ផែយោធា ជួយដល់ ចិន ការពារ សន្តិសុខ ចរាចរណ៍លើដែនសមុទ្រ នឹងគ្រប់គ្រង ផ្លូវសមុទ្រដ៏សំខាន់។

ក្រុមអ្នកឯកទេសបានលើកឡើងថា បណ្តាកំពុងផែរបស់ចិននៅជុំវិញពិភពលោក នាពេលអនាគត អាមេរិក ក៏ត្រូវ ខ្ចីកំពង់ផែរបស់ចិន​មកប្រើប្រាស់ផងដែរ ។ ទាំងនោះហើយធ្វើឲ្យឥទ្ធិពលរដ្ឋចិននៅលើពិភពលោក កាន់តែខ្លាំង គ្រប់ដណ្តបពិភពលោកទាំងមូល ។

កន្លងមក ចិនក៏បានអនុវត្តគម្រោងរថភ្លើងឆ្លងទ្វីប សម្រាប់ដឹកទំនិញនិងរថភ្លើងល្បឿនលឿនសម្រាប់ដឹកអ្នកដំណើរ ជុំវិញពិភពលោក ដោយ អ្នកដំណើរពីអឺរ៉ុបអាមេរិកទៅកាន់ចិន មិនបាច់បាច់ជិះយន្តហោះ​អាច ធ្វើដំណើរតាមរថភ្លើងបាន ។

លើសពីនេះទៅទៀត ក៏មានរថភ្លើងដឹកទំនិញ ដែលអាច បញ្ជូនទំនិញពីចិនទៅអឺរ៉ុប បានយ៉ាងឆាប់រហ័ស បំផុត។ កត្តាទាំងនោះហើយបានធ្វើឲ្យចិនមានប្រៀបនៅក្នុងវិស័យ សេដ្ឋកិច្ច ហើយនៅពេលដ៏ខ្លីខាងមុខ ចិន អាចក្លាយជាមហាអំណាចទីមួយលើពិភពលោក ។ ចំណុចទាំងនោះទើបអាមេរិក អនុវត្តគោលនយោបាយ «អាវុធ ពន្ធដា»សម្រាប់វាយប្រហារទៅលើចិន ឲ្យទាន់ពេលវេលា បង្កើតឲ្យមានសង្គ្រាមពាណិជ្ជកម្ម ដើម្បី ទប់ស្កាត់មហិច្ឆិតា ដណ្តើមមហាអំណាចទីមួយរបស់អាមេរិកនៅលើពិភពលោក៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print