ខេត្តពោធិ៍សាត់៖ រថយន្ត ១គ្រឿងម៉ាក LUXUS RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-4180 ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត ក្នុងរថយន្តនោះមានក្រុមជនជាតិចិនចំនួន ៥នាក់ លុះមកដល់ចំណុចខាងលើស្រាប់តែផ្ទុះធុងហ្គាស បណ្ដាលឲ្យឆាបឆេះពេញអណ្ដាត់ភ្លើងយ៉ាងសន្ធោសន្ធៅរងរបួសធ្ងន់ស្រាលទាំងអស់តែម្ដង។
ករណីផ្ទុះធុងហ្គាសឆាបឆេះរថយន្តខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២ និង៤០នាទីយប់ ថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧០.១៧១(លើស្ពានធ្លាម្អម)ស្ថិតនៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ករណីខាងលើនេះរថយន្តត្រូវបានភ្លើងឆាបឆេះខ្ទេចទាំងស្រុង និងបណ្ដាលឲ្យជនជាតិចិន(ប្រុស)ចំនួន ៥នាក់បានរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ហេតុការណ៍ដដែលនោះគេឃើញសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿងទើបគ្រប់គ្រងស្ថានភាពបាន បច្ចុប្បន្នរថយន្តខូចខាតកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ យកទៅរក្សាទុកជាបណ្ដោះអាសន្ន៕ ដោយ បឹុម ពិន