សិស្សប៊ែលធី Level 6 ចំនួន៧៨៧នាក់ទទួលវិញ្ញាបនបត្រភាសាអង់គ្លេស

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​ កញ្ញា ឆ្នាំ​២០១៨ សា​លា ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ប្រា​រព្ធ​​ពិ​ធី​ប្រ​គល់​វិ​ញ្ញា​បន​បត្រ​ជូនដល់​សិស្ស​ ភា​សា​អង់​គ្លេស​ទូ​ទៅ Level 6 ជំនាន់ទី៤៥ និងទី៤៦ ចំ​នួន ៧៨៧នាក់ នៅ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិទី១​ (សាខាទួល​ស្លែង)​ក្រោម​ អ​ធិប​តី​ភាព​ដ៏ខ្ពង់ខ្ពស់របស់ ​លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ​ ។

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានឲ្យដឹងថា៖​ បច្ចុប្បន្ននេះ សាលា ប៊ែលធី​ អន្តរជាតិ មាន២១ សាខា​​ ក្នុងនោះ ១៩សាខា កំពុងដំណើរការ និង០២សាខា កំពុងសាង​សង់ ដែលមានសិស្សកំពុងសិក្សាជាង ៤០.០០០នាក់។ ដោយឡែកសិស្សភាសាអង់គ្លេស Level​​ 6 ដែលបានប្រឡងបញ្ចប់ទាំង ៤៦ជំនាន់ មានចំនួន ១១.៩៣៩ នាក់។

កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ(ESL Program) ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសុទ្ធតែមុខវិជ្ជាទំនើបៗ ហើយសៀវភៅសិក្សាត្រូវបានសហការគាំទ្រដោយក្រុមហ៊ុន McGraw-HILL Education នៅសហរដ្ឋអាមេរិក។ ក្នុងនោះដែរ សាលាក៏បានបន្ថែមកម្មវិធីសិក្សាដូចជាៈ ចម្រៀង រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ ដល់សិស្សគ្រប់កម្រិតចាប់ពី Preschool 1 ដល់ Level 12 ដើម្បីធ្វើឲ្យសិស្សមានគំនិតថ្មីៗ មានភាពក្លាហាន ហ៊ានបញ្ចេញយោបល់ ចេះវែកញែក ។

នៅពេលបញ្ចប់ Level 12 សិស្សមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ជាពិសេស ទទួលបានពិន្ទុតេស្តអន្តរជាតិ អាយអែល (IELTS) យ៉ាងតិច 5.5 ឡើងទៅ ដែលអាចដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសបានយ៉ាងងាយ។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។

លោក បណ្ឌិត ក៏បានបន្ថែមទៀតថាសិស្សដែលសិក្សាភាសាអង់គ្លេសទាំងអស់ នៅពេលបញ្ចប់កម្រិតទី១២ (Level 12) សាលានឹងរៀបចំឲ្យប្រឡងតេស្តអន្តរជាតិ អាយអែល (IELTS) ហើយសិស្សដែលទទួលបានពិន្ទុ ចាប់ពី 6.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ១០០% សិក្សានៅសាកលវិទ្យាល័យ ប៊ែល​ធី​ អន្តរ​ជាតិ រយៈពេល ៤ឆ្នាំ ចំណែកឯសិស្ស ដែលទទួលបានពិន្ទុ ចាប់ពី 7.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេស ផងដែរ។

ដោយឡែក សាកលវិទ្យាល័យ ប៊ែល​ធី​ អន្តរ​ជាតិ ក៏មានកម្មវិធីសិក្សាជាភាសាជាតិ និង អន្តរជាតិ ដែលកម្មវិធីសិក្សា អន្តរជាតិ គឺបង្រៀនផ្តោតទៅលើភាសាអង់គ្លេស ១០០% ជាកម្រិតអន្តរជាតិ ដើម្បីធ្វើឲ្យសិស្សមានទំនាក់ទំនងគ្នា ពីសាលា រហូតដល់ សាកលវិទ្យាល័យ នៅថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

សាកលវិទ្យាល័យ ក៏បានបើកកម្មវិធីសិក្សាជា ភាសាជាតិ ដោយបង្រៀនជា ពីរភាសា គឺភាសាខ្មែរ និងភាសា​អង់គ្លេស ដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតប៊ែលធី ទទួលបាននូវចំណេះដឹង ទាំងភាសាជាតិ និងអន្តរជាតិ និងផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការទំនាក់ទំនងរវាងជាតិ និងអន្តរជាតិ ដែលជាឱកាសក្នុងការប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនដោយជោគជ័យ និងក្លាយជាសហគ្រិនភាពដ៏ល្បីក្នុងពេលអនាគត។

បន្ទាប់​មក ឯក​ឧត្តម បណ្ឌិត ​ប្រ​ធាន​គណៈ​អ​ធិប​តី​ ក៏​បាន​ចូល​រួម​អប​អរ​សា​ទរ​ និង​ប្រ​គល់​វិញ្ញាបនបត្រដល់​សិស្ស​ជ័យ​លាភី​ទាំង​ ៧៨៧​នាក់​នា​ពេល​នោះ​ផង​ដែរ​ ៕ ស រស្មី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print