ខេត្តបន្ទាយមានជ័យ៖ ប្រជាជនខ្មែរនិងថៃជាង៥ពាន់នាក់នៅជាប់ព្រំដែនកម្ពុជា-ថៃស្រុកម៉ាឡៃនិងស្រុកអារញ្ញត្រូវគេមើលឃើញថាបានចូលរួមសប្បាយរីករាយក្នុងថ្ងៃអបអរសារទពិធីបុណ្យអ៊ុំទូកអកអំបុកសំពះព្រះខែនិងបណ្តែតប្រទីប ដែលមានការរៀបចំរួមគ្នាររវាងអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាប្រចាំស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យនិងអាជ្ញាធរសមត្ថកិច្ចថៃប្រចាំស្រុកអាររញ្ញ ខេត្តស្រះកែវនៅច្រកតំបន់ព្រំដែនម៉ាឡៃឈមនិងច្រកណងព្រឺ ។
ពិធីនោះបានរៀបចំដំណើរការទៅមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៤រហូតលដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ទើបបញ្ចប់កម្មវិធី។ នៅយប់ថ្ងៃទី២ ដែលត្រូវនិងថ្ងៃទី២៥ ខែវិច្ឆិកា ម្សិលមិញ ត្រូវគេមើលឃើញថាអាជ្ញាធរ និងសមត្ថកិច្ចនៃស្រុកទាំង២បានរៀបចំពិធីបណ្តែតប្រទីបនៅអូរព្រំដែនច្រកតំបន់ម៉ាឡៃ-ណងព្រឺ ដោយមិនមានការអ៊ុំទូកនោះទេ។
ក្នុងឱកាសនោះគេក៏សង្កេតឃើញមានការចូលរួមខាងអាជ្ញាធរកម្ពុជាដោយលោកទេព ឃុនណាល់ ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោហ៊ុនសែន និងលោក អែម សុខា អភិបាលស្រុកម៉ាឡៃ ចំណែកភាគីថៃ ចូលរួមដោយ លោកវរសេនីយ៍ឯក ផារ៉ាម៉ាផន ប៊ុនណាត មេបញ្ជាការនៃវរៈសេនាធំឈុតខ្មៅលេខ១២ ពិធីនោះដែរក៏មានការនិមន្តព្រះសង្ឃខ្មែរ-ថៃចំនួន៥អង្គអនុវត្តតាមប្រពៃណីទំនៀមទំលាប់ធ្វើពិធីសូត្រយន្តោប្រសិទ្ធពរ ជ័យវិបុលសុខសិរីសួស្តីជូនដល់ប្រជាជនក៏ដូចជាថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំង២ឱ្យទទួលបានសេចក្តីសុខគ្រប់ប្រការ។
តមកលោកវរសេនីយ៍ឯក ផារ៉ាម៉ាផន ប៊ុនណាត មេបញ្ជាការនៃវរៈសេនាធំឈុតខ្មៅលេខ១២ បានឡើងមានមតិសំណេះសំណាលនាឱកាសនោះថា ប្រទេសកម្ពុជានិងថៃជាប្រទេសភូមិផងរបងជាប់គ្នាហើយប្រជាជននៃប្រទេសទាំង២មានជំនឿជឿរជាក់គោរពប្រតិបត្តិទៅលើសាសនាព្រះពុទ្ធនិងមានប្រពៃណីទនៀមទម្លាប់ប្រហាស់ប្រហែលគ្នា។ ពិធីបុណ្យអ៊ុំទូកអកអំបុកសំពះព្រះខែនិងបណ្តែតប្រទីប ប្រជាជនថៃក៏មានទំនៀមទំលាប់ប្រពៃណីហើយរៀងរាល់ឆ្នាំក៏បាន ប្រារព្ធរៀបចំពិធីបុណ្យដូចប្រជាជនកម្ពុជានោះផងដែរ។ ដូច្នេះការរៀបចំពិធីនេះឡើង រវាងអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជា និងថៃ គឺក្នុងគោលបំណងដើម្បីបង្កើនសហប្រតិបត្តិការមិត្តភាពសាមគ្គឺភាពរវាងអាជ្ញាធរកងកម្លាំងប្រដាប់អាវុធក៏ដូចជាប្រជាជននៃប្រទេសទាំង២ ឱ្យកាន់តែមានភាពស្និទ្ធស្នាលខ្លាំងឡើងនិងកិច្ចសហការរក្សាស្ថេរភាពគង់វង្សនៅតាមខ្សែបន្ទាត់ព្រំដែននិងបង្កើនកិច្ចសហការទៅលើវប្បធម៌ ប្រពៃណីទំនៀទំលាប់ សេដ្ឋកិច្ចពាណិជ្ជកម្ម និងទេសចរណ៍ នោះផងដែរ។
តមកលោក អែម សុខ អភិបាលស្រុកម៉ាឡៃបានមានស្វាគមន៍នាឱកាសនោះថាលក្ខណៈភូមិសាស្រ្តនៅអូរព្រំដែនមិនអាចធ្វើពិធីប្រណាំទូកបាននោះទេ អាជ្ញាធរនិងសមត្ថកិច្ចនៃស្រុកទាំង២ជាប់ព្រំដែនបានរៀបចំរួមគ្នានូវការបណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ រៀបចំតាមប្រណៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរនិងថៃ។ រដ្ឋបាលស្រុកម៉ាឡៃ និងស្រុកអារញ្ញ តែងតែរួមសាមគ្គឺគ្នារៀបប្រារព្ធពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំ ហើយបានបង្ហាញឱ្យឃើញថាអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធក៏ដូចជាប្រជាជននៃស្រុកជាប់ព្រំដែនទាំង២ បានរួមសាមគ្គឺគ្នាមានកិច្ចសហប្រតិបត្តិការគ្នាបានល្អ ។
លោកក៏សូមឱ្យការទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការនេះគឺរក្សាឱ្យបានគង់វង្សជារៀងរហូត ។
សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសារទបុណ្យអ៊ុំទូកអកអំបុកសំពះព្រះខែនិងបណ្តែតប្រទីបនៅច្រកតំបន់ម៉ាឡៃ-ណងព្រឺនោះដែរ គេសង្កេតឃើញក៏មានការរៀបចំបាញ់កាំជ្រួច និង តាំងលក់ផលិតផលខ្មែរ-ថៃនិងការរៀបចំពិធីប្រគុំតន្ត្រីរាំកំសាន្តលេងនោះផងទៀត ៕
ដោយ៖ សំវិច្ឆិកា