ភ្នំពេញ៖ កីឡាករ ឡុង សំណាង ជា សិស្សគុនលោកឡុងសាលវ័ន្ដត្រូវឡើង ប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយ កីឡាករ ផៃ គឹមហឿត មកពីខេត្ដសៀម ដណ្ដើមខ្សែ ក្រវាត់ និងគ្រងតំណែងជើងឯក TIFFY SUPER FIGHT ក្នុងប្រភេទទម្ងន់៦០ គីឡូក្រាម ខណៈដែលកីឡាករឌុន ប៊ុនធឿន មកពីខេត្ដព្រៃវែងត្រូវប្រកួតជាមួយកីឡា ករ ញ៉េ សិទ្ធ មកពីក្លិបអេភូថងកីឡា ដែលជាសិស្សរួមគ្រូនាល្ងាចថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ០១៥ នៅលើសង្វៀន ទូរទស្សន៍ប៉ុស្ដិ៍លេខ៥អារីណា ។
ជំនួបប្រកួតរវាងកីឡាករ ឡុង សំណាង នឹង កីឡាករ ផៃ គឹមហឿត នៅវគ្គផ្ដាច់ ព្រ័ត្រនេះត្រូវបានអ្នកទស្សនាលាន់ម៉ាត់សរសើរតាំងពីបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៥មកម្ល៉េះ បន្ទាប់ពីពួក គេបានវាយឈ្នះគូប្រកួតរៀងៗខ្លួននោះ ។
តាមរបាយការណ៍របស់គណៈកម្ម ការរៀបចំការប្រកួតប្រចាំនៅសង្វៀន ប្រដាល់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥បានបង្ហាញឱ្យដឹងថា កីឡាករផៃ គឹមហឿត ពេល ប្រកួតនៅវគ្គជម្រុះចំនួន៤ដំណាក់កាលកន្លងទៅគេវាយឈ្នះទាំង៤ប្រកួតក្នុងនោះ ជំនួបប្រកួតជុំទី១-គឹមហឿត វាយឈ្នះ កីឡាករ ឈាន រស្មី របស់ក្លិបរាជសីហ៍ ខេត្ដរតនគិរីដោយពិន្ទុ។ ជុំទី២-ផៃ គឹម ហឿត វាយឈ្នះកីឡាករ សេក ចាន់រាជ មកពីក្លិបអង្គរមានជ័យខេត្ដសៀមរាប ដោយពិន្ទុ, ជុំទី៣-ផៃ គឹមហឿតបានបន្ដ វាយឈ្នះកីឡាករ ឃីម សាវ៉េត មកពី ក្លិបព្រះខ័នរាជ្យដោយពិន្ទុនិងប្រកួតចុង ក្រោយនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ផៃ គឹមហឿត បានវាយឈ្នះកីឡាករ ញ៉េ សិទ្ធសិស្សលោក អេភូថងដោយពិន្ទុ ។
របាយការណ៍ខាងលើបានបញ្ជាក់ឱ្យ ដឹងទៀតថា សម្រាប់កីឡាករ ឡុង សំណាង សិស្សលោក ឡុង សាលវ័ន្ដ ក៏មិនអន់ ជាងកីឡាករ ផៃ គឹមហឿត នោះដែរ ដោយ៤ប្រកួតរបស់គេគឺវាយវាយឈ្នះកីឡាករម៉ន គឹមឡុង ក្លិបការិយាល័យ ទី៥កងទ័ពជើងគោកដោយពិន្ទុ ។ លើក ទី២-វាយឈ្នះ កីឡាករផុន ផុល ក្លិប តាព្រហ្មមានជ័យដោយពិន្ទ្បុលើកទី៣ វាយឈ្នះកីឡាករ ថន ភឿត របស់ក្លិប ឃ្លាំងមឿងកីឡាដោយពិន្ទុនិងប្រកួតចុងក្រោយនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សំណាង វាយឈ្នះកីឡាករ ឌុន ប៊ុនធឿន មកពីខេត្ដព្រៃវែងដោយពិន្ទុ ។
សម្រាប់ជ័យលាភីលេខ៣និងលេខ៤ តម្រូវលើកីឡាករ ញ៉េ សិទ្ធ អ្នកប្រដាល់ មកពីក្លិបអេភូថងកីឡាប៉ះជាមួយកីឡាករ ឌុន ប៊ុនធឿន មកពីខេត្ដព្រៃវែង ដែលគេដឹងថាពួកគេទាំង២នាក់ជាមិត្ដ រួមគ្រូ ។
គួររំលឹកថា សម្រាប់ប្រាក់រង្វាន់កម្ម វិធីប្រដាល់ជើងឯកខ្សែក្រវាត់ TIFFY SUPER FIGHT ទម្ងន់៦០គីឡូក្រាម នេះកីឡាករដែលដណ្ដើមបានចំណាត់ ថ្នាក់លេខ១នឹងទទួលបានខ្សែក្រវាត់ចំនួន១ពានរង្វាន់១អមជាមួយទឹកប្រាក់ចំនួន៤.០០០ដុល្លារ, ចំណាត់ថ្នាក់លេខ២ ទទួលបានពានតូច១និងប្រាក់រង្វាន់ចំនួន២.០០០ដុល្លារ, ចំណាត់ថ្នាក់លេខ៣ ទទួលបានពានតូច១អមជាមួយប្រាក់ រង្វាន់ចំនួន៧៥០ដុល្លារ និងលេខ៤ទទួល បានថវិកាចំនួន៥០០ដុល្លារ ៕
ដោយ៖ សារីម