ខេត្តរតនគិរី៖ បើទោះបីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកធ្វើព្រះរាជពិធីបុណ្យអុំទូកដោយហេតុផលថាទឹកតិច មិនអាចអុំកើតយ៉ាងណាក៏ដោយ តែការរៀបចំពីធីអបអរសាទរ និងពិធីផ្សេងៗទៀតនៅតែបន្តធ្វើធម្មតាដូចសព្វមួយដង ។
ដោយឡែកក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែរយៈពេលបីថ្ងៃនេះ គេសង្កេតឃើញថា មានភ្ញៀវទេសចរណ៏មកពីតាមបណ្តាខេត្តជាច្រើន បានមកទស្សនាកម្សាន្តក្នុងខេត្តរតនគិរីក្នុងវិស្សមកាលរបស់ពួកគាត់ក្នុងបំណងលំហែកាយ ក្រោយសំរាកពីការងារ និងសិក្សាស្វែងយល់ពីតំបន់ទេសចរណ៏ធម្មជាតិ វប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចក្នុងខេត្តនេះ ។ ក្នុងកំឡុងពេលនេះអាជ្ញាធរខេត្តក៏បានរៀបចំការសំអាតអនាម័យបរិស្ថាន ភ្លើងពណ៌នៅតាមផ្លូវសាធារណៈនិងតាមរមណីដ្ឋាននានា ការប្រគុំតន្ត្រី ការសម្តែងរបាំប្រណី និងការរៀបចំបាញ់កាំជ្រួចដើម្បីជាការអបអរសាទរនៃពិធីនេះផងដែរ ។
ប្រធានសហគមន៏ទេសចរណ៏រមណីដ្ឋានបឹងយក្សឡោមលោក វេន ចឹ បានឲ្យដឹងថា ក្នុងពិធីបុណ្យអ៊ុំទូកភ្ញៀវទេសចរណ៏មិនមានច្រើនដូចពិធីបុណ្យចូលឆ្នាំខ្មែរឡើយ តែយ៉ាងណាក៏ដោយលោកបញ្ជាក់ថា ក្នុងកំឡុងពេលនេះសង្កេតឃើញមានភ្ញៀវទេសចរណ៏មកពីតាមបណ្តាខេត្តនានាបានមកកម្សាន្តនៅរមណីដ្ឋានប្រវត្តិសាស្ត្រធម្មជាតិនេះជាបន្តបន្ទាប់ ។
របាយការណ៏មន្ទីរទេសចរណ៏ខេត្តរតនគិរីបានបង្ហាញថា រយៈពេលបីថ្ងៃនៃព្រះរាជពីធីបុណ្យអ៊ុំទូកនៃភ្ញៀវទេសចរណ៏ដែលបានមកកម្សាន្តនៅខេត្តនេះមានការកើនឡើងប្រមាន៦.១២%បើប្រៀបធៀបជាមួយឆ្នាំ២០១៤កន្លងទៅ ពោលគឺមានភ្ញៀវទេសចរណ៏ជាតិ និងអន្តជាតិប្រមាណជាង៥,០០០នាក់ដែលបានលំហែកម្សាន្តតាមរមណីដ្ឋានធម្មជាតិ វប្បធម៌នានានៅក្នុងខេត្ត ។ របាយការណ៏បានបញ្ជាក់ថា តម្លៃសេវាកម្មផ្ទះសំណាក់ និងសេវាកម្មម្ហូបអាហារនានាមិនមានការឡើងថ្លៃគួរឲ្យកត់សម្គាល់ឡើយ ដោយឡែកបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៏ក៏មិនមានអ្វីកើតឡើងជាបញ្ហាប្រឈមដែរ ។
សូមបញ្ជាក់ថា រមណីដ្ឋានធម្មជាតិគោលដៅនៅក្នុងខេត្តរតនគិរីមានចំនួន៧ ដែលមានភ្ញៀវនិយមទៅទស្សនានាថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យជាតិ អន្តរជាតិនានា ក្នុងនោះរមណីដ្ឋានប្រវត្តិសាស្ត្របឹងយក្សឡោមជារមណីដ្ឋានដែលមានភ្ញៀវទេសចរណ៏ច្រើនជាង និងជាបេះដូងនៃខេត្តនេះផងដែរ ៕
ដោយ៖ អ៊ុច សាវុទ្ធ