អាមេរិក ក្រោមកដារដឹកនាំរបស់ប្រធានាធិបតី ដូណាលត្រាំ កំពុងតែបរាជ័យជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ ពិសេសនៅក្នុងអង្គការអន្តរជាតិធំៗ ។ កន្លងមកអាមេរិកបានបរាជ័យ នៅក្នុងអង្គការ UNESCO អង្គការសិទ្ធិមនុស្ស … ហើយពេលនេះនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ ICJទៀត ។ តាមក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នៅពេលខាងមុខ អាមេរិក បន្តបរាជ័យ នៅក្នុងអង្គការពណិជ្ជកម្មពិភពលោកជាបន្តទៀត។
ការបរាជ័យ ទាំងនោះគឺជាលទ្ធផល នៃការដឹកនាំរបស់ប្រធានាធិបតីដូណាលត្រាំ ដែលគិតតែពីផលប្រយោជន៍របស់ខ្លួន បំពាន់ច្បាប់អន្តរជាតិ ។ ការធ្វើខុស មិនអាច ការពារបានឡើយ បើទោះបីអាមេរិក ប្រើប្រាស់អំណាច និងទឹកប្រាក់ សេដ្ឋកិច្ចគំរាមកំហែងក្តី។
នៅពេលនេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិចំនួន០២ បន្ទាប់ពីអ៊ីរ៉ង់ និងប៉ាឡេស្ទីនបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីប្រឆាំងនឹង គោលនយោបាយអាមេរិក។ មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរបានយកឈ្នះអាមេរក នៅក្នុងតុលាការ ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton លើកឡើងបែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធ សប្ដាហ៍នេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយ ICJ សម្រេចឱ្យសហរដ្ឋអាមេរិកចាញ់ក្ដីអ៊ីរ៉ង់ ជាមួយការបង្គាប់ឱ្យទីក្រុងវ៉ាស៊ីនតោន លុបចោលការដាក់ទណ្ឌកម្មមួយចំនួនប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ជាពិសេសគឺទណ្ឌកម្មទាំងឡាយណាដែលប៉ះពាល់ដល់កិច្ចការ មនុស្សធម៌ និងសុវត្ថិភាពអាកាសចរណ៍ស៊ីវិល។
ក៏ប៉ុន្តែ សេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ មានមូលដ្ឋានក្នុង ទីក្រុងឡាអេ ប្រទេសហូឡង់ មិនមានអំណាចអ្វីចាប់បង្ខំ ឱ្យសហរដ្ឋអាមេរិកអនុវត្តតាមនោះទេ។ មួយវិញទៀត លោក Bolton ក៏បានចាត់ទុកថាផងដែរថា ICJ គឺជាស្ថាប័នមួយ គ្មានប្រសិទ្ធិភាព និងមានចរិកនយោបាយ ហើយថាសហរដ្ឋអាមេរិកនឹងពិនិត្យឡើងវិញនូវរាល់កិច្ចព្រមព្រៀងអន្តរជាតិទាំងអស់ ដែលមានពាក់ព័ន្ធនឹង ICJ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងចំនួន០២ ដែលសហរដ្ឋអាមេរិកប្រកាសដកខ្លួន ក្នុងនោះរួមមានកិច្ចព្រមព្រៀងមិត្តភាពឆ្នាំ១៩៥៥ និងកិច្ចព្រមពៀងស្ដីពីពិធីសារបន្ថែម ដែលស្ថិតនៅក្រោមអនុសញ្ញាទំនាក់ទំនងការទូតទីក្រុងវីយ្យែន ឆ្នាំ១៩៦១។
នៅក្នុងសេចក្ដីបង្គាប់របស់ខ្លួនចេញផ្សាយនៅថ្ងៃពុធនេះ ICJ បាននិយាយថាការនាំចេញផលិតផលពាក់ព័ន្ធនឹងកិច្ចការមនុស្សធម៌ ដូចជាម្ហូបអាហារ និងថ្នាំពេទ្យជាដើម គួរតែត្រូវបានអនុញ្ញាត។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិកបានអះអាងថាតុលាការអន្តរជាតិមួយនេះ គ្មានយុត្ថាធិការលើសំណុំរឿងនេះឡើយ។ ម្យ៉ាងវិញទៀត សេចក្ដីសម្រេចខាងលើរបស់តុលាការយុត្តិធម៌អន្តរជាតិ មានមូលដ្ឋានក្នុង ទីក្រុងឡាអេ ប្រទេសហូឡង់ ក៏មិនមានអំណាចអ្វីចាប់បង្ខំឱ្យសហរដ្ឋអាមេរិកអនុវត្តតាមនោះដែរ។
សេចក្តីសម្រេចរបស់តុលាការក្រុងឡាអេ នៅថ្ងៃពុធនេះ ត្រូវបានធ្វើឡើង ទៅតាមបណ្តឹងរបស់អ៊ីរ៉ង់ដែលតវ៉ាប្រឆាំងនឹងទណ្ឌកម្ម ដែលរដ្ឋការរបស់លោកដូណាលត្រាំសម្រេចដាក់លើអ៊ីរ៉ង់ ក្រោយពីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ យោងតាមរដ្ឋាភិបាលក្រុងតេហេរ៉ង់ ទណ្ឌកម្មរបស់អាមេរិកបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ចអ៊ីរ៉ង់ ហើយក៏ជាការរំលោភបំពានទៅលើកិច្ចព្រមព្រៀងជាច្រើនផងដែរ។
ចៅក្រមតុលាការយុត្តិធម៌អន្តរជាតិ បានចេញសេចក្តីសម្រេច ដោយសំឡេងឯកចន្ឆន្ទ កំណត់ថា ទណ្ឌកម្មរបស់អាមេរិកទៅលើអ៊ីរ៉ង់ គឺពិតជារំលោភបំពានមែន ទៅលើសន្ធិសញ្ញាមិត្តភាពអ៊ីរ៉ង់-អាមេរិក ដែលចុះកាលពីឆ្នាំ១៩៥៥ ពោលគឺ តាំងពីមិនទាន់មានបដិវត្តន៍នៅអ៊ីរ៉ង់។
ដូច្នេះហើយបានជាតុលាការបានកំណត់ថា សហរដ្ឋអាមេរិកត្រូវតែដកចេញវិញទាំងអស់ នូវរាល់ទណ្ឌកម្មទាំងឡាយណា ដែលដាក់ចាប់តាំងពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨មក ហើយដែលបង្កនូវផលប៉ះពាល់ទៅដល់ការនាំចេញនាំចូលមុខទំនិញមួយចំនួន រួមមានដូចជា ថ្នាំពេទ្យ បរិក្ខាពេទ្យ ចំណីអាហារ ផលិតផលកសិកម្ម ព្រមទាំងផលិតផលផ្សេងទៀត ដែលចាំបាច់នៅក្នុងការធានាសន្តិសុខខាងអាកាសចរណ៍ស៊ីវិល។
គួរបញ្ជាក់ថា សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ គឺជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា ហើយមានអានុភាពតាមផ្លូវច្បាប់បង្ខំឲ្យប្រទេសជាភាគីជម្លោះត្រូវតែអនុវត្តតាម។ ក៏ប៉ុន្តែ នៅក្នុងការអនុវត្តជាក់ស្តែង ប្រសិនបើប្រទេសណាមួយមិនអនុវត្តតាម ក៏តុលាការមិនមានកម្លាំងប៉ូលិស ដែលអាចទៅចាប់បង្ខំឲ្យអនុវត្តនោះដែរ។
កាលពីពេលកន្លងទៅ គេសង្កេតឃើញថា ទាំងសហរដ្ឋអាមេរិក និងទាំងអ៉ីរ៉ង់ សុទ្ធតែធ្លាប់មិនអនុវត្តសេចក្តីសម្រេច ដែលចេញដោយតុលាការយុត្តិធម៌អន្តរជាតិ។ នៅក្នុងសំណុំរឿងក្តីក្តាំជាមួយអ៊ីរ៉ង់ពេលនេះទៀត អាមេរិកធ្លាប់បានប្រកាសជាច្រើនលើករួចមកហើយថា ខ្លួនមិនទទួលស្គាល់សមត្ថកិច្ចតុលាការក្រុងឡាអេ នៅក្នុងការជំនុំជម្រះបណ្តឹងរបស់អ៊ីរ៉ង់នេះទេ។
ទោះជាយ៉ាងណា តាមផ្លូវនយោបាយ និងការទូត សេចក្តីសម្រេចរបស់តុលាការក្រុងឡាអេនៅថ្ងៃពុធនេះ អាចនឹងធ្វើឲ្យលោកដូណាល់ត្រាំកាន់តែត្រូវឯកោខ្លាំងឡើងថែមទៀត នៅក្នុងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងពេលដែលបណ្តាប្រទេសជាច្រើន ក្នុងនោះ រួមមានទាំងប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិកផង និងស្ថាប័នអន្តរជាតិដ៏ល្បីល្បាញ ដូចជាទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិផង សុទ្ធតែបានបង្ហាញនូវជំហរជំទាស់នឹងការដកខ្លួនរបស់អាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលចុះកាលពីឆ្នាំ២០១៥ ក្នុងអាណត្តិរបស់លោកអូបាម៉ា៕