ខេត្តស្ទឹងត្រែង៖ យុវជនម្នាក់ មានអាការៈក្អួតចង្អោរ រហូតសន្លប់ស្ដូកស្ដឹង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិតភ្លាមៗ បន្ទាប់ពីគេបានផឹកភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវអស់មួយកំប៉ុង។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ស្រ្តីជាម្តាយយុវជនរងគ្រោះបានឲ្យដឹងថា កូនប្រុសរបស់គាត់ដែលផឹកភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវមួយកំប៉ុង ក្អួតចង្អោរសន្លប់ស្តូកស្តឹងនេះ មានឈ្មោះ ស្រ៊ុន សូណា អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសង្កាត់កើតហេតុខាងលើ ក្នុងបន្ទុករបស់កាត់។
ស្ត្រីជាម្តាយជនរងគ្រោះរូបនេះបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ គឺក្រោយពីកូនរបស់គាត់ ត្រឡប់មកពីជួយលក់ពងទានៅឯផ្សាររួចមក រូបគេក៏បានដើរទៅមើលគេលេងល្បែងប្រជាប្រិយនៅឯវត្តបាចុង។ ប៉ុន្តែមិនយូរនោះទេ កូនប្រុសគាត់ក៏ត្រឡប់មកផ្ទះវិញ ស្រាប់តែមានអាការៈក្អួតចង្អោរតែម្ដង។ ភ្លាមៗនោះ គាត់ក៏បានសួរកូនថា កូនឯងកើតអី? កូនក៏ឆ្លើយថា “ខ្ញុំអស់កម្លាំង រកតែសន្លប់” ហើយគាត់ក៏សួរថា ម៉េចចឹងកូន? ទើបកូនប្រាប់ថា “ខ្ញុំមិនដឹងទេ មុននេះ ខ្ញុំបានផឹកខារ៉ាបាវអស់មួយកំប៉ុង ស្រាប់តែងងឹតមុខ រកដួល ទើបគារដើរមកផ្ទះឲ្យម៉ែឯងកោសខ្យល់ឲ្យខ្ញុំហ្នឹង។ ពេលឃើញកូនខ្សោយកម្លាំង ហើយសន្លប់ស្តូកស្តឹង យ៉ាងនេះ ទើបគាត់ឲ្យបងប្អូនដឹកកូនប្រុសម្នាក់នេះទៅកាន់មន្ទីរពេទ្យខេត្តស្ទឹងត្រែងដើម្បី ឲ្យគ្រូពេទ្យជួយសង្រ្គោះភ្លាមៗតែម្តងទៅ ។
ជុំវិញករណីនេះគេនៅមិនទាន់ដឹងថា តើយុវជនរូបនេះពុលភេសជ្ជៈខារ៉ាបាវដូចការអះអាង របស់គាត់ឬយ៉ាងណានោះទេ ហើយក៏នៅមិនទាន់មានការបញ្ជាក់ពីស្ថាប័នជំនាញសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ឬក៏ក្រុមគ្រូពេទ្យជំនាញនៅឡើយដែរ ៕