អាមេរិកបន្តបរាជ័យ នៅលើឆាក់អន្តរជាតិ​ ដោយចាញ់ក្តីនៅអ៊ីរ៉ង់ នៅតុលាការយុត្តិធម៌អន្តរជាតិ

ចែករំលែក៖

អាមេរិក ក្រោមកដារដឹកនាំរបស់ប្រធានាធិបតី ដូណាលត្រាំ កំពុងតែបរាជ័យជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ ពិសេសនៅក្នុងអង្គការអន្តរជាតិធំៗ ។ កន្លងមកអាមេរិកបានបរាជ័យ នៅក្នុងអង្គការ UNESCO អង្គការសិទ្ធិមនុស្ស … ហើយពេលនេះនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ  ICJទៀត ។ តាមក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នៅពេលខាងមុខ អាមេរិក បន្តបរាជ័យ នៅក្នុងអង្គការពណិជ្ជកម្មពិភពលោកជាបន្តទៀត។

ការបរាជ័យ ទាំងនោះគឺជាលទ្ធផល នៃការដឹកនាំរបស់ប្រធានាធិបតីដូណាលត្រាំ ដែលគិតតែពីផលប្រយោជន៍របស់ខ្លួន បំពាន់ច្បាប់អន្តរជាតិ ។​ ការធ្វើខុស មិនអាច ការពារបានឡើយ បើទោះបីអាមេរិក ប្រើប្រាស់អំណាច និងទឹកប្រាក់  សេដ្ឋកិច្ចគំរាមកំហែងក្តី។

នៅពេលនេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិចំនួន០២ បន្ទាប់ពីអ៊ីរ៉ង់ និងប៉ាឡេស្ទីនបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីប្រឆាំងនឹង គោលនយោបាយអាមេរិក។ មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរបានយកឈ្នះអាមេរក នៅក្នុងតុលាការ ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton លើកឡើងបែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធ សប្ដាហ៍នេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយ ICJ សម្រេចឱ្យសហរដ្ឋអាមេរិកចាញ់ក្ដីអ៊ីរ៉ង់ ជាមួយការបង្គាប់ឱ្យទីក្រុងវ៉ាស៊ីនតោន លុបចោលការដាក់ទណ្ឌកម្មមួយចំនួនប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ជាពិសេសគឺទណ្ឌកម្មទាំងឡាយណាដែលប៉ះពាល់ដល់កិច្ចការ មនុស្សធម៌ និងសុវត្ថិភាពអាកាសចរណ៍ស៊ីវិល។

ក៏ប៉ុន្តែ សេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ មានមូលដ្ឋានក្នុង ទីក្រុងឡាអេ ប្រទេសហូឡង់ មិនមានអំណាចអ្វីចាប់បង្ខំ ឱ្យសហរដ្ឋអាមេរិកអនុវត្តតាមនោះទេ។ មួយវិញទៀត លោក Bolton ក៏បានចាត់ទុកថាផងដែរថា ICJ គឺជាស្ថាប័នមួយ គ្មានប្រសិទ្ធិភាព និងមានចរិកនយោបាយ ហើយថាសហរដ្ឋអាមេរិកនឹងពិនិត្យឡើងវិញនូវរាល់កិច្ចព្រមព្រៀងអន្តរជាតិទាំងអស់ ដែលមានពាក់ព័ន្ធនឹង ICJ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងចំនួន០២ ដែលសហរដ្ឋអាមេរិកប្រកាសដកខ្លួន ក្នុងនោះរួមមានកិច្ចព្រមព្រៀងមិត្តភាពឆ្នាំ១៩៥៥ និងកិច្ចព្រមពៀងស្ដីពីពិធីសារបន្ថែម ដែលស្ថិតនៅក្រោមអនុសញ្ញាទំនាក់ទំនងការទូតទីក្រុងវីយ្យែន ឆ្នាំ១៩៦១។

នៅក្នុងសេចក្ដីបង្គាប់របស់ខ្លួនចេញផ្សាយនៅថ្ងៃពុធនេះ ICJ បាននិយាយថាការនាំចេញផលិតផលពាក់ព័ន្ធនឹងកិច្ចការមនុស្សធម៌ ដូចជាម្ហូបអាហារ និងថ្នាំពេទ្យជាដើម គួរតែត្រូវបានអនុញ្ញាត។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិកបានអះអាងថាតុលាការអន្តរជាតិមួយនេះ គ្មានយុត្ថាធិការលើសំណុំរឿងនេះឡើយ។ ម្យ៉ាងវិញទៀត សេចក្ដីសម្រេចខាងលើរបស់តុលាការយុត្តិធម៌អន្តរជាតិ មានមូលដ្ឋានក្នុង ទីក្រុងឡាអេ ប្រទេសហូឡង់ ក៏មិនមានអំណាចអ្វីចាប់បង្ខំឱ្យសហរដ្ឋអាមេរិកអនុវត្តតាមនោះដែរ។

សេចក្តីសម្រេច​របស់​តុលាការ​ក្រុងឡាអេ នៅថ្ងៃ​ពុធ​នេះ ត្រូវ​បាន​ធ្វើឡើង ទៅតាម​បណ្តឹង​របស់​អ៊ីរ៉ង់​ដែល​តវ៉ា​ប្រឆាំង​នឹង​ទណ្ឌកម្ម ដែល​រដ្ឋការ​របស់​លោក​ដូណាលត្រាំ​សម្រេច​ដាក់​លើ​អ៊ីរ៉ង់ ក្រោយ​ពី​បាន​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ យោងតាម​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ ទណ្ឌកម្ម​របស់​អាមេរិក​បង្ក​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សេដ្ឋកិច្ច​អ៊ីរ៉ង់ ហើយ​ក៏​ជា​ការ​រំលោភ​បំពាន​​​ទៅលើ​កិច្ចព្រមព្រៀងជាច្រើន​ផងដែរ។

ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​ចេញ​សេចក្តីសម្រេច ដោយ​សំឡេង​ឯកចន្ឆន្ទ កំណត់​ថា ទណ្ឌកម្ម​របស់​អាមេរិក​ទៅលើ​អ៊ីរ៉ង់ គឺ​ពិត​ជា​រំលោភ​បំពាន​មែន ​ទៅលើសន្ធិសញ្ញា​មិត្តភាពអ៊ីរ៉ង់-អាមេរិក ដែល​ចុះ​កាល​ពី​ឆ្នាំ១៩៥៥ ពោលគឺ តាំង​ពី​មិន​ទាន់​មាន​បដិវត្តន៍​នៅ​អ៊ីរ៉ង់។

ដូច្នេះហើយ​បាន​ជា​តុលាការ​បាន​កំណត់​ថា សហរដ្ឋ​អាមេរិក​ត្រូវតែ​ដកចេញ​វិញ​ទាំងអស់ នូវ​រាល់​ទណ្ឌកម្ម​ទាំងឡាយណា ដែល​ដាក់​ចាប់តាំង​ពី​ថ្ងៃ​ទី៨ ខែឧសភា ឆ្នាំ២០១៨​មក ហើយ​ដែល​បង្ក​នូវ​ផលប៉ះពាល់​ទៅដល់​​ការនាំចេញនាំចូល​មុខទំនិញ​មួយ​ចំនួន រួមមាន​ដូចជា ថ្នាំពេទ្យ បរិក្ខាពេទ្យ ចំណីអាហារ ផលិតផល​កសិកម្ម ព្រមទាំង​ផលិតផល​ផ្សេងទៀត ដែល​ចាំបាច់​នៅ​ក្នុង​ការ​ធានា​សន្តិសុខ​ខាង​អាកាសចរណ៍​​ស៊ីវិល។

គួរបញ្ជាក់ថា សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ គឺ​ជា​សេចក្តីសម្រេច​ស្ថាពរ​បិទផ្លូវ​តវ៉ា ហើយ​មាន​អានុភាព​តាម​ផ្លូវច្បាប់​បង្ខំ​ឲ្យ​ប្រទេស​ជា​ភាគី​ជម្លោះ​ត្រូវ​តែ​អនុវត្ត​តាម។ ក៏ប៉ុន្តែ នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង ប្រសិន​បើ​ប្រទេស​ណាមួយ​មិន​អនុវត្ត​តាម ក៏​តុលាការ​មិនមាន​កម្លាំង​ប៉ូលិស ដែល​អាច​ទៅ​ចាប់​បង្ខំ​ឲ្យ​អនុវត្ត​នោះដែរ។

កាលពី​ពេល​កន្លងទៅ គេ​សង្កេតឃើញ​ថា ទាំង​សហរដ្ឋ​អាមេរិក និង​ទាំង​អ៉ីរ៉ង់ សុទ្ធតែ​ធ្លាប់​មិន​អនុវត្ត​សេចក្តីសម្រេច​ ដែល​ចេញ​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ នៅ​ក្នុង​សំណុំរឿង​ក្តីក្តាំ​ជាមួយ​អ៊ីរ៉ង់​ពេលនេះ​ទៀត អាមេរិក​ធ្លាប់​បាន​ប្រកាស​ជាច្រើន​លើក​រួចមកហើយ​ថា ខ្លួន​មិន​ទទួល​ស្គាល់​សមត្ថកិច្ច​តុលាការ​ក្រុងឡាអេ នៅ​ក្នុង​ការ​ជំនុំជម្រះ​បណ្តឹង​របស់​អ៊ីរ៉ង់​នេះ​ទេ។

ទោះជាយ៉ាងណា តាម​ផ្លូវ​នយោបាយ និង​ការទូត សេចក្តីសម្រេច​របស់​តុលាការ​ក្រុងឡាអេ​នៅថ្ងៃ​ពុធ​នេះ អាច​នឹង​ធ្វើ​ឲ្យ​លោក​ដូណាល់ត្រាំ​កាន់តែ​ត្រូវ​​ឯកោ​​​ខ្លាំង​ឡើង​ថែម​ទៀត នៅ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ក្នុងពេល​ដែល​បណ្តា​ប្រទេស​ជាច្រើន ក្នុងនោះ រួមមាន​ទាំង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ផង និង​ស្ថាប័ន​អន្តរជាតិ​ដ៏ល្បីល្បាញ ដូចជា​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ​ផង សុទ្ធតែ​បាន​បង្ហាញ​នូវ​ជំហរ​ជំទាស់​នឹង​ការ​ដកខ្លួន​របស់​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​ចុះ​កាល​ពី​ឆ្នាំ២០១៥ ក្នុង​អាណត្តិ​របស់​លោក​អូបាម៉ា៕


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print