ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់មានមនុស្សចំនួន១៤៧នាក់បានស្លាប់និង៤៤០នាក់ទៀតទទួលរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០១៥ដែលបានកើតឡើងសរុបចំនួន២៨៨ករណី ។
គ្រោះថ្នាក់ចរាចរណ៍ប្រចាំឆ្នាំ២០១៥ ត្រូវគេមើលឃើញមានការថយចុះចំនួន១៨ករណីបើប្រៀបធៀបនិងឆ្នាំ២០១៤ កើតឡើងចំនួន៣០៦ករណី ។ គ្រោះថ្នាក់ចរាចរណ៍ប្រចាំឆ្នាំ២០១៥ មានការថយចុះពិតមែន ក៏ប៉ុន្តែចំនួនមនុស្សស្លាប់និងរងរបួសធ្ងន់ស្រាលមានការកើនឡើងទៅវិញដោយអ្នកចូលរួមគ្រោះថ្នាកចរាចរណ៍កើតឡើងជាក្រុមៗ ។
នេះបើតាមរបាយការណ៍របស់ការិយាល័យនគរបាលចរាចរ ណ៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបង្ហាញឱ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ។
លោកវរសនីយ៍ត្រី សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ខេត្តប្រាប់ឱ្យដឹងថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបន្ទាយមានជ័យសមត្ថកិច្ចពិនិត្យឃើញថាបង្កឡើងភាគច្រើនផ្តើមចេញ ពីអ្នកបើបរយានយន្តមិនគោរពច្បាប់ចរាចរណ៍។បង្កដោយកត្តាមនុស្សចំនួន២៨០ករណី បង្កដោយកត្តាយានយន្ត៦ករណី កត្តាអាកាសធាតុ១ករណី និងកត្តាផ្លូវ១ករណី។ករណីសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើជនសង្ស័យចំនួន១១នាក់ជាអ្នកបើកបរបង្កហេតុត្រូវបានកម្លាំងនគរបាលចរាចរកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការយកទៅចាត់ការតាមផ្លូវច្បាប់រួចហើយផងដែរ ។
លោកនាយរងការិយាល័យបានបញ្ជាក់ឱ្យដឹងទៀតថា ជុំវិញបញ្ហាការអនុវត្តច្បាប់ចរាចរណ៍នៅខេត្តបន្ទាយមានជ័យ កន្លងមកដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងទិសដៅផែនការរបស់អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលចរាចរ បានប្រើប្រាស់នូវវិធានការបង្កាទប់ស្កាត់ដូចជា ចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សនិស្សិត នៅតាមសាលារៀននានាក្នុងខេត្តបន្ទាយមានជ័យដើម្បីឱ្យពួកគាត់បានយល់ចេះដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកហើយឱ្យនាំគ្នាចូលរួមគោរច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីការពារទប់ស្កាត់ និងបញ្ចៀសនូវការរងគ្រោះបាត់បង់ជីវិតនិងទទួលរងបួសដោយការប្រផ្សេងពីបញ្ហាថ្នាក់ចរាចរណ៍។អត្រាគ្រោះថ្នាក់ចរាចរណ៍គិតជាមធ្យមនៅទូទាំងប្រទេសត្រូវគេមើលឃើញថាយ៉ាងហោចណាស់មានមនុស្សស្លាប់ពី៥ទៅ៦នាក់ក្នុង១ថ្ងៃ។មិនតែប៉ុណ្ណោះកម្លាំងនគរបាលចរាចរបានរិតបណ្តឹងនូវការត្រួតពិត្យតាមដងផ្លូវនោះផងដែរ ។
ទន្ទឹមនោះលោកសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់នាំគ្នាចូលរួមគោរច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅម គឺដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាកចរាចរណ៍នៅខេត្តបន្ទាយមានជ័យ ៕
ដោយ៖ សំ វិច្ឆិកា