ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារតែរថយន្តឡិចស៊ីសRX300មួយគ្រឿងដោយម្ចាស់ច្រលំជាន់ហ្គាក៏ជ្រុលបុកតកន្តុយគ្នាចំនួន៤គ្រឿងទៀត ខណៈពេលផ្លូវកំពុងតែស្ទះចរាចរណ៍ បណ្តាលអោយរងការខូចខាត និងរិតតែស្ទះចរាចរណ៍រាប់ម៉ោងផងដែរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅខាងលិចរង្វង់មូលចោមចៅ ភូមិថ្នល់បំបែកសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុនៅចំណុចរង្វង់មូលចោមចៅដោយសារបងប្អូនប្រជាពលរដ្ឋបាននាំគ្នាទៅមើលការបង្គុំតន្ត្រីនិងពិធីបុណ្យអុំទូកធ្វើអោយមានការកកស្ទះចរាចរណ៍តាំងពីម៉ោង៦ព្រលប់រហូតដល់ម៉ោង៩យប់។ ខណះកំពុងស្ទុះនោះ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ស្ករពាក់ស្លាក់លេខភ្នំពេញ2AA-3815 ក៏បានច្រឡំជាន់ហ្គាថាជាហ្រ្វាំងជ្រុលទៅបុករថយន្តរ៉េវហ្វ័រ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2T-4923ដែលបើកសន្សិមៗនៅខាងមុខនិងរុញទៅបុករថយន្ត៣គ្រឿងទៀតដោយមានរថយន្តហ្វ័រធឺន័រ ពណ៌ស្លែពាក់ស្លាក់ភ្នំពេញ2D-1546 រថយន្តឡិចស៊ីស RX300 ពណ៌ស្ករពាក់ស្លាកភ្នំពេញ2G-6217 និងរថយន្តហ្វត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AC-2656បណ្តាលឲ្យរថយន្ដទាំង៥គ្រឿងរងការខូចខាត តែមិនមានអ្នករងរបួសទេ និងរិតធ្វើអោយមានការកកស្ទុះចរាចរណ៍រាប់ម៉ោងផងដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ និងធ្វើការវាស់វែងយករថយន្តទាំង៥គ្រឿងទៅខាង ដើម្បីសម្រួលចរាចរណ៍ ។ បន្ទាប់មកម្ចាស់រថយន្តបង្កទទួលខុសត្រូវធានាសងគ្រប់រថយន្តដែលរងការខូចខាត ទាំង៤គ្រឿងសរុបទាំងអស់ 1050ដុល្លារបញ្ចប់រឿង ៕
...
ដោយ៖ សុខាសែនជ័យ