ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបាននគរបាលព្រហ្មទ័ណ្ឌ ក្រុងបាត់ដំបង ឃាត់ខ្លួនបន្ទាប់ពីប្រើហិង្សាកៃច្នៃយកកំប៉ុងហ្គាស និងផាវគ្រាប់បែក រុំស្គុតជាប់នឹងកំប៉ុងហ្គាស រួចដុតផាវបោះសំដៅចូលក្នុងផ្ទះគូទំនាស់នៅផ្ទះជិតគ្នា តែមិនផ្ទុះ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង៣០នាទីរសៀល ថ្ងៃ អាទិត្យ ៥ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅក្រុមទី៦ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។
មន្ត្រីនគរបាល ក្រុងបាត់ដំបងបានឲ្យដឹងថា ជនបង្កឈ្មោះ ចំរើន ឆេងឡា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ បានយកកំប៉ុងហ្គាស និងផាវគ្រាប់បែក រុំស្គុតជាប់នឹងកំប៉ុងហ្គាស រួចដុតផាវបោះសំដៅចូលក្នុងផ្ទះជនរងគ្រោះឈ្មោះ ម៉ៅ វណ្ណី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិសង្កាត់ជាមួយគ្នា (ផ្ទះជាប់គ្នា) ក្នុងពេលជនរងគ្រោះ កំពុងតែអង្គុយលាងចានតែម្នាក់ឯង។ ប៉ុន្តែពេលឃើញផាវឆេះដូច្នោះ ម្ចាស់ផ្ទះបានជះទឹកសាប៊ូពន្លត់ទាន់ ទើបមិនផ្ទុះ ។ អ្វីដែលហួសចិត្តទៀនោះគឺក្រោយពេលពន្លត់ផាវរួចហើយ ជនសង្ស័យបានរត់ ទៅយកកូនកាំបិតចុងស្រួច មកគំរាមចាក់សម្លាប់ជនរងគ្រោះបន្ថែមទៀត តែមិនបណ្ដាលឲ្យរបួសនោះទេ ។ ករណីនេះកើតឡើងដោយសារគំនុំឈ្លោះប្រកែកគ្នានៅផ្ទះជិតគ្នា នាពេលកន្លងមក ។
ប្រភពដដែលបន្តទៀតថា ក្រោយកើតហេតុជនរងគ្រោះទៅប្តឹងនគរបាលមូលដ្ឋានឲ្យឃាត់ខ្លួនជនបង្ក ហើយកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ជាមួយភស្តុតាងដែលចាប់យកបានមានកំប៉ុងហ្គាស១ និងកាំបិតចុងស្រួចមួយ ៕