ចាប់ខ្លួនបុរសម្នាក់ច្នៃគ្រឿងបំផ្ទុះបោះដាក់ជនរងគ្រោះតែមិនផ្ទុះព្រោះរឿងទំនាស់ផ្ទះជិតគ្នា

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបាននគរបាលព្រហ្មទ័ណ្ឌ ក្រុងបាត់ដំបង ឃាត់ខ្លួន​បន្ទាប់ពី​ប្រើហិង្សា​កៃច្នៃយក​កំប៉ុង​ហ្គាស និង​ផាវ​គ្រាប់បែក រុំ​ស្គុ​ត​ជាប់​នឹង​កំប៉ុង​ហ្គាស រួច​ដុត​ផាវ​បោះ​សំដៅ​ចូល​ក្នុងផ្ទះគូទំនាស់នៅផ្ទះជិតគ្នា តែមិនផ្ទុះ ។

ហេតុការណ៍នេះកើតឡើងកាលពី​​វេលា​ម៉ោង ១ និង៣០នាទី​រសៀល ថ្ងៃ អាទិត្យ ៥ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅ​ក្រុមទី៦ ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ។

មន្ត្រីនគរបាល ក្រុងបាត់ដំបងបានឲ្យដឹងថា ​ជនបង្ក​ឈ្មោះ ចំរើន ឆេង​ឡា ភេទ​ប្រុស អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​ខាងលើ បាន​យក​កំប៉ុង​ហ្គាស និង​ផាវ​គ្រាប់បែក រុំ​ស្គុ​ត​ជាប់​នឹង​កំប៉ុង​ហ្គាស រួច​ដុត​ផាវ​បោះ​សំដៅ​ចូល​ក្នុងផ្ទះ​ជនរងគ្រោះ​ឈ្មោះ ម៉ៅ វ​ណ្ណី ភេទ​ស្រី អាយុ៣៥ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​ជាមួយគ្នា (ផ្ទះ​ជាប់​គ្នា) ក្នុងពេល​ជនរងគ្រោះ កំពុងតែ​អង្គុយ​លាងចាន​តែម្នាក់ឯង។ ប៉ុន្តែពេលឃើញ​ផាវ​ឆេះ​ដូច្នោះ ម្ចាស់ផ្ទះបាន​ជះ​ទឹកសាប៊ូ​ពន្លត់ទាន់ ទើបមិនផ្ទុះ ។ អ្វីដែលហួសចិត្តទៀនោះគឺក្រោយពេល​ពន្លត់​ផាវ​រួចហើយ ជនសង្ស័យ​បាន​រត់ ទៅយក​កូនកាំបិត​ចុង​ស្រួច មក​គំរាម​ចាក់​សម្លាប់​ជនរងគ្រោះ​បន្ថែមទៀត តែ​មិន​បណ្ដាល​ឲ្យ​របួស​នោះទេ ។ ករណីនេះកើតឡើងដោយសារគំនុំឈ្លោះប្រកែកគ្នានៅផ្ទះជិតគ្នា នាពេលកន្លងមក ។

ប្រភពដដែលបន្តទៀតថា ក្រោយកើតហេតុជនរងគ្រោះទៅប្តឹងនគរបាលមូលដ្ឋាន​ឲ្យឃាត់​ខ្លួន​ជនបង្ក ហើយ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាមច្បាប់ ជាមួយ​ភស្តុតាងដែលចាប់យកបានមានកំប៉ុងហ្គាស១ និងកាំបិតចុងស្រួចមួយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print