ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់បង់ជីវិតភ្លាមៗនៅកណ្ដាលផ្លូវ៣៧១ ត្រង់ចំណុចជិតនឹងផ្សារប៉េសេ (PC) ដែលស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈពេលដែររូបគាត់កំពុងជិះម៉ូតូ Today មួយគ្រឿង ហើយត្រូវរថយន្តធុនធំមិនស្គាល់ម៉ាកមួយគ្រឿងបុកពេញទំហឹងកាលពីវេលាម៉ោង០៩ និង៥០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ។
សពបុរសរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយរូបគាត់ជិះម៉ូតូមួយគ្រឿង ម៉ាក Today ពាក់ស្លាកលេខភ្នំពេញ 1FK-0880 ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះខាងលើជិះម៉ូតូTodayមួយគ្រឿងតែម្នាក់ឯង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីកើតមកលិច ក្នុងល្បឿនធម្មតា លុះដល់ចំណុចកើតហេតុស្រាប់តែ មានរថយន្តមួយគ្រឿងមិនចាំម៉ាក និងស្លាកលេខ បានធ្វើដំណើរបញ្ច្រាសទិសគ្នា ក៏បុកចំម៉ូតូរងគ្រោះពីមុខពេញទំហឹង បណ្ដាលឲ្យម៉ូតូរបស់ជនរងគ្រោះដួល និងកិនជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង ភ្លាមនោះរថយន្តបង្កក៏បានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលផងដែរ ។
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ឲ្យចុះមកកន្លែងកើតហេតុដើម្បីធ្វើការវាស់វែង និងធ្វើកំណត់ហេតុប្រគល់សពឲ្យរថយន្តដឹកសពយកទៅរក្សាទុកនៅវត្តទឹកថ្លា ដើម្បីរងចាំធ្វើការស្រាវជ្រាវរកសាច់ញាតិរបស់ជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ភារ៉ា ដង្កោ