ភ្នំពេញ៖ តួឯកក្នុងភាពយន្តខ្នាតធំរឿង “បិសាចគំនូរ” បានបង្ហាញវត្តមានក្នុងថ្ងៃសម្ពោធប្រកាសការចាក់បញ្ចាំងភាពយន្តនេះក្នុងរោងភាពយន្តលេជេន TK Avenue កាលពីរាត្រីថ្ងៃទី៣០ ខែតុលានេះ។ ទោះជួបគ្នាច្រើនលើកក្នុងការសម្តែងរួមគ្នាក៏គៀត សុវណ្ណាឡាង នៅតែបង្ហាញអារម្មណ៍ខ្មាសអៀនខ្លាំង នឹងឈុតមួយចំនួនពិសេសឈុតឱបថើបប៉ឺតមាត់ជាដើម។
គៀត សុវណ្ណាឡាង លើកឡើងថា ជួបសម្តែងរួមគ្នាជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែនាងនៅតែមានអារម្មណ៍ថាអៀនខ្លាំង ហើយពេលខ្លះមានការសម្តែងខុសដែរនឹងឈុតឱបថើបនេះ។ នាងបន្តថាភាពយន្តរឿង “បិសាចគំនូរ”នេះមិនសំដៅទៅលើឈុតឆាកឱបថើបទេគឺមានការលាយបញ្ចូលគ្នាច្រើនរសជាតិ ទាំងភ័យរន្ធត់ កំប្លែង និងស្នេហា។នាងរំពឹងទុកថាភាពយន្តដែលសម្រិតសម្រាំងរបស់ផលិតកម្ម RED Pictureនឹងទទួលបានការគាំទ្រច្រើននៅពេលចាប់ផ្តើមចាក់បញ្ចាំងនៅរោងភាពយន្តថ្ងៃទី០១ខែវិច្ឆិកាខាងមុខនេះ។
តារាសម្តែង លឹម ជាឡាយ ដែលគេល្បីថាមានស្នេហាក្រៅឆាកជាមួយតារាស្រីខាងលើនេះវិញលើកឡើងថា មិនមានអ្វីដែលធ្វើឲ្យលោកអៀនទេគឺរំភើបទៅវិញព្រោះមានឈុតឆាកបែបនេះ ហើយក៏មិនមែនជាលើកទីមួយដែរ ។ លោកថាធ្លាប់លេងឈុតបែបនេះជាមួយគៀត សុវណ្ណាឡាង ក្នុងភាពយន្តភាគជាច្រើនបន្តបន្ទាប់។ ទោះជាយ៉ាងណាលោកលើកឡើងថាអ្វីដែលប្លែកគឺសាច់រឿង ដែលមានលាយឡំគ្នានូវឈុតឆាកច្រើនប្រភេទទាំងរំភើប សើច កម្សត់។
ចាងហ្វាងផលិតកម្ម RED Picture លោក ឌៀប សុណ្ណតារា បញ្ជាក់ថា ក្រោយដកឃ្លាទៅផលិតភាពយន្តភាគផ្គត់ផ្គង់ទូរទស្សន៍ រឿង “បិសាចគំនូរ” គឺជាភាពយន្តថ្មីដែលសម្រិតសម្រាំងផលិតប្រមាណ៦ខែមកហើយក្រោមដើមទុនចំណាយប្រមាណជាង៥ម៉ឺនដុល្លារអាមេរិក។ លោកថា ក្រៅពីតារាសម្តែង គៀត សុវណ្ណាឡាង និងលឹម ជាឡាយ នៅមានតារាប្រុសស្រីល្បីឈ្មោះទៀតជាច្រើនបានរួមគ្នាសម្តែងដូចជាលោក ជាសុណ្ណនរាហ៍ កញ្ញា សុខ សោម៉ាវត្តី នាយBIG លោក ងួន សុមិន្ត ជាដើម។ លោកថារំពឹងថាអ្នកដែលធ្លាប់គាំទ្រភាពយន្តខ្មែរ ពិសេសធ្លាប់គាំទ្ររឿង”ភូមិអត់មនុស្ស” និងរឿង”ទង់ព្រលឹង”ដែលជាស្នាដៃរបស់ផលិតកម្មលោក នឹងបន្តចូលរួមគាំទ្រស្នាដៃថ្មី ដែលជាការជួយលើកទឹកចិត្តផលិតករ សិល្បករ និងបន្តជំរុញឲ្យភាពយន្តខ្មែរកាន់តែមានសន្ទុះទៅមុខ៕