ព្រូដិនសល លើកកម្ពស់ការអប់រំកុមារតូចតាមរយៈកម្មវិធីអំណានដំបូង

ចែករំលែក៖

កំពង់ចាម ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានជំរុញនិងចូលរួមលើកកម្ពស់លទ្ធភាពទទួលបានការអប់រំសម្រាប់កុមារតូច  នៅក្នុងសហគមន៍ក្រីក្រ តាមរយៈការចែកចាយសម្ភារៈសិក្សារៀនសូត្រដល់ប្រជាពលរដ្ឋជាង ៥០ គ្រួសារនៅក្នុងខេត្តកំពង់ចាម។

ថ្មីៗនេះបុគ្គលិកស្ម័គ្រចិត្តក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចែកចាយសៀវភៅកុមារ និងបានរៀបចំសកម្មភាពមួយចំនួន ដើម្បីលើកកម្ពស់ជំនាញអាននិងសមត្ថភាពសិក្សារបស់កុមារ។ តាមរយៈល្បែងកំសាន្ត និងសកម្មភាពរីករាយមួយចំនួនដែលបានរៀបចំនេះ  ឪពុកម្តាយត្រូវបានលើកទឹកចិត្តឱ្យយកចិត្តទុកដាក់កាន់តែសកម្ម ចំពោះការអភិវឌ្ឍកូនៗរបស់ពួកគាត់ក្នុងវ័យកុមារភាព ។ការស្ម័គ្រចិត្តនេះ គឺជាផ្នែកមួយនៃការគាំទ្ររបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា លើកម្មវិធីអំណានដំបូង ជាកម្មវិធីគាំពារនិងអភិវឌ្ឍកុមារតូច ដោយសហការជាមួយអង្គការសង្គ្រោះកុមារកម្ពុជា (Save the Children) និងមូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍសហគមន៍ប្រចាំតំបន់របស់ សាជីវកម្មព្រូដិនសលអាស៊ី។

លោកស្រី ខូយ រ៉ានី ទីប្រឹក្សាជាន់ខ្ពស់ផ្នែកគាំពារនិងអភិវឌ្ឍកុមារតូច នៃអង្គការសង្គ្រោះកុមារប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការផ្ដល់អំណោយសៀវភៅ និងប្រដាប់ក្មេងលេង ដែលមានតម្លៃសមរម្យសម្រាប់កុមារតូច គឺជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការលើកកម្ពស់តម្លៃ និងអត្ថប្រយោជន៍នៃការអប់រំ ដើម្បីឱ្យគ្រួសារកម្ពុជានៅទូទាំងប្រទេសបានយល់។

លោកស្រី បានបន្ថែមថា៖ សម្ភារសម្រាប់សិក្សា និងអាន ដែលសមស្របតាមអាយុ គឺជាធាតុផ្សំដ៏សំខាន់ក្នុងការបង្កើតទម្លាប់នៃការអានរបស់កុមារ។ កុមារអាចស្គាល់អក្សរ លេខ រូបរាង ពណ៌ដោយប្រើសម្ភារទាំងនេះយើងសូមថ្លែងអំណរគុណចំពោះ មូលនិធិព្រូដិនស៍ ដែលបានក្លាយជាអ្នកគាំទ្រដ៏រឹងមាំនៃ កម្មវិធីគាំពារនិងអភិវឌ្ឍកុមារវ័យក្មេង តាមរយៈកម្មវិធីអានដំបូង។

លោក ហ័ង វុទ្ធី នាយកផ្នែកអតិថិជននិងទីផ្សារ នៃ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ ការអប់រំគឺជាស្នូលនៃការអភិវឌ្ឍទេពកោសល្យសម្រាប់ប្រទេស ហើយវាចាប់ផ្តើមជាមួយនឹងការអប់រំកុមារតូចៗ។ ការលើកទឹកចិត្តកុមារតូចឱ្យអាន និងលេងជាមួយសម្ភារអប់រំអាចជួយឱ្យពួកគេមានសុខភាពល្អ។ ខ្ញុំជឿជាក់ថាកម្មវិធីអំណានដំបូងនឹងជួយកុមាររបស់យើង ឱ្យយល់ដឹងពីសក្តានុពលពេញលេញរបស់ពួកគេ និងពង្រឹងការអភិវឌ្ឍយូរអង្វែងរបស់ប្រទេសកម្ពុជា។

ដោយចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣ កម្មវិធីអំណានដំបូងមានគោលបំណងផ្តល់ឱ្យមាតាបិតានិងអាណាព្យាបាល នូវជំនាញដើម្បីជួយបង្រៀនដល់កូនៗរបស់ពួកគេឱ្យចេះអាន ហើយនឹងធ្វើឱ្យកុមារកាន់តែច្រើនឡើង អាចសម្រេចជោគជ័យលើការសិក្សារបស់ពួកគេ និងដើម្បីទទួលបានគុណភាពជីវិតដែលកាន់តែល្អប្រសើរ។

គួរបញ្ជាក់ដែរថាតាមរយៈកម្មវិធីអំណានដំបូង អង្គការ Save the Children និងមូលនិធិព្រូដិនស៍ បានផ្ដល់ ជួយដល់កុមារជាង ២១,០០០ នាក់ ដែលមានអាយុក្រោម ៦ ឆ្នាំ ដែលក្នុងនោះមានក្មេងស្រីចំនួន ១៥,៣០០ នាក់។ កម្មវិធីនេះក៏ផ្តល់អត្ថប្រយោជន៍ដល់មនុស្សពេញវ័យជិត ២៣,០០០ នាក់ផងដែរ ដែលរួមមានដូចជាឪពុកម្តាយ បុគ្គលិកមន្ទីរអប់រំខេត្ត និងគ្រូបង្រៀន ព្រមទាំងបង្កើតតួនាទីសម្រាប់អ្នកនិពន្ធ អ្នកគំនូរ ក៏ដូចជាអ្នកបោះពុម្ពផ្សាយសម្ភារសិក្សារបស់កុមារ។កម្មវិធីអំណានដំបូងត្រូវបានអនុវត្តការនៅតាមភូមិចំនួន ៤២៥ នៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តក្រចេះ។ វាគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីសំខាន់ៗ នៃគំនិតផ្តួចផ្តើមវិនិយោគសហគមន៍របស់ មូលនិធិព្រូដិនស៍ សម្រាប់ប្រទេស កម្ពុជា ដោយផ្តោតលើការអប់រំ  សុខភាព និងសុវត្ថិភាព៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print