ក្មេងប្រុសអាយុ១៥ឆ្នាំត្រូវនគរបាលស្រុកស្អាងចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្តាល៖ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួនពីបទ“ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ដោយអនុវត្តតាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ។

20151129215207

ប្រតិបត្តិការចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀននេះធ្វើឡើងកាលពីវេលាម៉ោង១០ និង១០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅត្រង់ចំណុចភូមិបារ៉េលើ ឃុំស្វាយប្រទាល ស្រុកស្អាង ។

អធិការនគរបាលស្រុកស្អាងលោកវរសេនីយ៍ទោ សេង សុជាតិ បានឲ្យដឹងថា ជនត្រូវចោទដែលត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួននោះមានឈ្មោះ សុត ឆែប ភេទប្រុស អាយុ១៥ឆ្នាំជនជតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្នុងភូមិចុងកោះគ ឃុំស្វាយប្រទា​ល ស្រុកស្អាង ។

លោកវរសេនីយ៍ទោ សេង សុជាតិ បានបន្តថា ជនត្រូវចោទខាងលើនេះមានឈ្មោះក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦២៩ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ របស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលបានសម្រេចចោទប្រកាន់ឈ្មោះ សុត ឆែប ពីបទ “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ នៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

លោក គឹម ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានបញ្ជាក់នៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនថា បទ “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” គឺជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនត្រង់មាត្រា៤០បានចែងថា ការក្សាទុក ដឹកជញ្ជូន ឫជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងទី២ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ។ ក្រៅពីទោសដាក់ពន្ធនាគារ ជនល្មើសនឹងអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី៤លានរៀលទៅដល់១០លានរៀល ។

នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះសមត្ថកិច្ចនគរបាលស្រុកស្អាងបានបញ្ជូនខ្លួនជនត្រូវចោទខាងលើនេះទៅកាន់ផ្នែកអនុវត្តដីកា នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមច្បាប់ ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print