ភ្នំពេញ៖ គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា បានប្រគល់សៀវភៅសិក្សាភាសាឥស្លាម កម្រិតបឋម ដែលបោះពុម្ភលើកទី៣ ចំនួន១៨០០០ក្បាល ជូនដល់បណ្ដាសាលារៀនខ្មែរឥស្លាមនានានៅទូទាំងប្រទេស ។ នេះគឺជាអំណោយ របស់ ស្ថាប័នឥស្លាមរដ្ឋស្លាងូរប្រទេសម៉ាឡេស៊ី ដែលបានចំណាយទឹកប្រាក់អស់ចំនួន ៧៩០០០ រិញគិត ម៉ាឡេស៊ី ស្មើនឹងប្រមាណ ២០៨០០ដុល្លារអាមេរិក ។ ដោយមានការចូលរួមពីលោកអូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកសុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា នៅស្នាក់ការកណ្ដាល គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ខណ្ឌឬស្សីកែវ កាលពីថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០១៥។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដោយមានការខិត ខំប្រឹងប្រែង និងយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំពុះពារកសាងប្រទេសជាតិពីបាតដៃទទេរ រហូតមកដល់កម្ពុជាពេលនេះមានការវិវត្តន៍ គ្រប់វិស័យ ជាពិសេសវិស័យអប់រំ គឺជាវិស័យយ៉ាងសំខាន់ ដែលត្រូវបានយកចិត្តទុកដាក់ ។ ដើម្បីអនុវត្តតាមគោលការណ៍ដែលថ្មីៗនេះរាជរដ្ឋាភិបាលទើបបានសម្រេចអោយបញ្ចូលគ្រូខ្មែរឥស្លាមចំនួន១៥០០នាក់ ទៅក្នុងក្របខណ្ឌ ក្នុងកាលនេះ ក៏យើងខ្ញំុតំណាងថ្នាកដឹកនាំឥស្លាមកម្ពុជា ក៏បានគិតគូដោះស្រាយជាបណ្តើរៗ ដើម្បីកំណត់កម្រិតអប់រំសាសនាឥស្លានតាមស្តង់ដាម៉ាឡេស៊ី ដោយត្រូវបកប្រែជា២ភាសា គឺភាសាខ្មែរ និងភាសាចាម ។ ទោះបីយ៉ាងណា សរុបទាំងការបោះពុម្ភទាំង បីដំណាក់កាលជាបណ្តោះអាសន្ននេះ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានធ្វើការប្រែសម្រួល និងបោះពុម្ភជាភាសាចាម កម្រិតបឋមសិន ។ ជាមួយគ្នានេះដែរលោកក៏បានថ្លែងអំណរគុណ ដល់ស្ថាប័នឥស្លាមរដ្ឋស្លាងូរ ម៉ាឡេស៊ី ចំពោះកិច្ចសហប្រតិបត្តិការ និងជួយជ្រោមជ្រែង វិស័យអប់រំនេះបានល្អប្រសើរ។
លោក សុះ កំរ៉ី បានបញ្ជាក់ថា៖ កាលពីមុនស្ថាប័នឥស្លាមរដ្ឋស្លាងូរប្រទេសម៉ាឡេស៊ីនេះ ទើប តែបានឧបត្ថម្ភ ការបោះពុម្ភសៀវភៅកម្រិតបឋម ចំនួន២លើករួចមកហើយ កាលពីលើកទី១ចំនួន១២០០០ក្បាល និងលើកទី២ចំនួន១២០០០ក្បាលបន្ថែមទៀ។ ស្ថាប័នឥស្លាមរដ្ឋស្លាងូរ ប្រទេសម៉ាឡេស៊ី ជាដៃគូសប្បុរសជនដ៏ឆ្នើមដែល បានចូលរួមយ៉ាង សកម្មក្នុងការទ្រទ្រង់លើវិស័យនានាដល់សហគមន៍ខ្មែរឥស្លាម តាមរយៈគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ក្នុងនោះមានដូចជា ការបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនខ្មែរឥស្លាម ការចូលរួមឧបត្ថម្ភ និងគាំទ្រ លើការបកប្រែសៀវភៅរបស់ស្ថាប័ននេះ ដែលកំពុងដំណើរ ការបង្រៀននៅម៉ាឡេស៊ី ទៅជាភាសាចាមកម្រិតបឋម ដើម្បីអនុវត្តជាកម្មវិធី សិក្សាលើ ប្រព័ន្ឋ តែមួយនៅកម្ពុជា និង ពង្រឹងវិស័យរដ្ឋបាល ក្នុងកិច្ចដំណើរការវិស័យអប់រំ ក្នុងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
លោក Pro Dr Mujaini Tarimain ប្រធានគណៈកម្មការអភិវឌ្ឍន៍វិស័យអប់រំឥស្លាម រដ្ឋស្លាងូរ ប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា៖ ស្ថាប័នរបស់លោក ពិតជារីករាយនឹងបន្តគាំទ្រ ទាំងស្មារតី បច្ចេកទេស និងថវិការដើម្បីពង្រឹងវិស័យអប់រំឥស្លាមកម្ពុជា ខណៈដែលរដ្ឋាភិបាលកម្ពុជា បានដោះ ស្រាយជូនជាស្រេចនូវការបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម១៥០០នាក់ ទៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជននិងកីឡា ដែលនេះគឺជាការរ៉ាប់រងទាំងស្រុង ដែលពុំទាន់មានឡើយក្នុងប្រវត្តិសាស្ត្រ ហើយក៏ជាការដោះរបាំងមួយ ធ្វើអោយវិស័យអប់រំក្នុងស្រទាប់យុវជនយុវតី នៃសហគមន៍ខ្មែរឥស្លាម បានទទួលនូវ កម្រិតអប់រំលក្ខណៈស្តង់ដារទាំងចំណេះដឹងទូទៅផង និង ចំណេះដឹងសាសនាផង។
ជាមួយគ្នានេះគណៈប្រតិភូម៉ាឡេស៊ីក៏បានឧបត្ថម្ភ ជាទឹកប្រាក់បន្ថែមចំនួន២៤០០ ដុល្លារ ព្រមទាំង Laptop និង LCD ដល់គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា សម្រាប់ប្រើប្រាស់ការងារ រដ្ឋបាល ក្នុងការិយាល័យផ្នែកអប់រំ នឹងថ្លៃបោះពុម្ភសៀវភៅស្មើនឹង២៣២០០ដុល្លារផងដែរ ៕
ដោយ៖ សំរិត