ចិនបានប្រកាសថា បានត្រៀមលក្ខណះពិភាក្សាជាមួយអាមេរិក ដើម្បីដោះស្រាយវិវាទនៅក្នុងវិស័យពាណិជ្ជកម្ម បញ្ចប់ការប្រឈមមុខដាក់គ្នា។
បសារព័ត៌មានរ៉យទ័រនៅថ្ងៃទី៦ខែវិច្ឆិកានេះបានផ្សាយថា៖ នៅក្នុងវេទិការសេដ្ឋកិច្ចថ្មី Bloomberg ដែលបានរៀបចំឡើងនៅក្នុងប្រទេសសឹង្ហបុរី អនុប្រធានាធិបតីចិន លោក Wang Qishan បានបញ្ជាក់ថា៖ ចិននិងអាមេរិក ចង់សហការ ធំជាងនេះនៅក្នុងវិស័យពាណិជ្ជកម្មសេដ្ឋកិច្ច ។ ដូច្នេះភាគីចិនបានត្រៀមលក្ខណះដើម្បីពីភាក្សាជាមួយអាមេរិក ស្វែងរកដំណោះស្រាយបញ្ចប់វិវាទ និងវិស័យពាណិជ្ជកម្មដែលភាគីទាំងពីរ អាចទទួលយកបាន។
តាមការលើកឡើងរបស់លោក Wang Qishan ពិភពលោកទាំងមូលកំពុងប្រឈមនិងបញ្ហាធំៗជាច្រើន ទាមទាឲ្យមានកិច្ចសហប្រតិបត្តិការ អាមេរិក ចិន ដើម្បីដោះស្រាយ វិវាទនិងការប្រឈមមុខទាំងឡើយ ។ មន្ត្រីចិនបានបញ្ជាក់ថា ការប្រឈមមុខដាក់គ្នាមិនមែនជាមធ្យោបាយដោះស្រាយសមស្រប ទៅលើបញ្ហាសេដ្ឋកិច្ចពិភពលោកនោះឡើយ ។ ជាមួយគ្នានោះរនាំង ពាណិជ្ជកម្ម និងការតម្លើងពន្ធ មិនមែនជាបញ្ហាដោះស្រាយវិវាទឡើយ។
អនុប្រធានាធិបតីចិនបានបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម នឹងធ្វើឲ្យ ទំនាក់ទំនងកាន់តែរឹងមាំនិងទទួលបានផលប្រយោជនដូចគ្នា។ លោកបន្តទៀតថា បច្ចុប្បន្នចិន បានរក្សាឥរិយាបទ បើកជំហរនិង សហប្រតិបត្តិការ ដើម្បីផលប្រយោជនរួម។ កន្លងមកប្រធានាធិបតីចិន លោកស៊ីជីងពីងក៏បានបញ្ជាក់ផងដែរថា ចិន និងបើកទ្វារ ស្វាគមន៍ បើទោះបីមានវិវាទពាណីជ្ជកម្មជាមួយអាមេរិកក្តី។
រយៈពេលកន្លងមករដ្ឋាភិបាលទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនបានសងសឹកគ្នាទៅវិញទៅមក តាមរយៈតម្លៃពន្ធនាំចូលទំនិញរៀងៗខ្លួនមានតម្លៃរាប់រយពាន់លានដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះ ការម្លើងពន្ធទាំងនោះបានគ្រប់ដណ្តប់ទៅលើបញ្ហាសេដ្ឋកិច្ច ពិភពលោក។
តាមគម្រោង ប្រធានាធិបតីចិន និង អាមេរិក នឹងជួបពិភាក្សាគ្នានៅក្នុងខែវិច្ឆិកានេះ ។ នៅមុនជំនួប រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និងរដ្ឋមន្ត្រីការពារជាតិ James Mattis នឹងទទួលស្វាគមន៍ សមភាគីចិន ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខ និង កិច្ចការបរទេស នាថ្ងៃទី៩ខែវិច្ឆិកាខាងមុខ។
កន្លងមកប្រធានាធិបតីដូណាលត្រាំបានព្រមាន តម្លើងពន្ធ២៦៧ពាន់លានដុល្លារដល់ទំនិញនាំចូលពីចិន ។
កាលពីថ្ងៃទី ៥វិច្ឆិកា ចិនបានបើកសម្ពោធ ជាលើកទី១ ពិព័រណ៌អន្តរជាតិស្តីពីការនាំចូល។ នៅក្នុងពិព័រណ៌ ដែលរៀបចំធ្វើនៅទីក្រុងសៀងហៃ ពីថ្ងៃនេះ រហូតដល់ថ្ងៃសៅរ៍ទី ១០វិច្ឆិកា និងដែលមានការចូលរួមពីក្រុមហ៊ុនបរទេស ៣ពាន់ មកពី ប្រទេសចំនួន ១៣០ ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានប្រកាសសន្យាបើកចំហរទីផ្សារចិន ឲ្យធំទូលាយជាងមុន។
សម្រាប់សេដ្ឋកិច្ចវិទូបរទេស ពិព័រណ៌អន្តរជាតិស្តីពីការនាំចូល នៅ ប្រទេសចិន មានលក្ខណៈ នយោបាយ ច្រើនជាង សេដ្ឋកិច្ច ព្រោះវារៀបចំធ្វើឡើងនៅក្នុងបរិបទដែលចិន កំពុងធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយ អាមេរិក។
នៅក្នុងសុន្ទរកថា ថ្លែងបើកសម្ពោធ ពិព័រណ៌អន្តរជាតិស្តីពី ការនាំចូល នៅទីក្រុងសៀងហៃ ប្រធានាធិបតីចិន លោកស៊ី ជីនពីង ប្រកាសបើកចំហរទីផ្សារចិន ឲ្យធំទូលាយជាងមុន។ តាមលោកស៊ី ជីនពីង ប្រទេសចិននឹងប្រឹងប្រែង ជំរុញ ការនាំចូល កាត់បន្ថយតម្លៃពន្ធនាំចូល លើកចោល របាំងរដ្ឋបាល ហើយនិងដាក់ឲ្យអនុវត្តច្បាប់ ដ៏តឹងរ៉ឹង ដើម្បីពិន័យលើការលួចកម្មសិទ្ធិបញ្ញា។
នៅក្នុងសុន្ទរកថា បើកពិព័រណ៌នៅថ្ងៃនេះ ដោយនិយាយមិនចំៗដល់លោកដូណាល់ ត្រាំ លោកប្រធានាធិបតីចិន បានរិះគន់ផងដែរ នយោបាយ ការពារជាតិនិយម ហើយនិងនយោបាយដាក់ខ្លួនឲ្យឆ្ងាយពីគេឯង។
នៅថ្ងៃនេះ នៅចំពោះមុខអ្នកតំណាងក្រុមហ៊ុនបរទេស ដល់ទៅជិត ៣ពាន់ មកពីប្រទេស ១៣០ ប្រធានាធិបតីចិន បានប្រកាសថា នៅក្នុងរយៈពេល១៥ឆ្នាំទៅមុខ ការនាំចូលទំនិញ នៅប្រទេសចិន នឹងមានតម្លៃសរុប ដល់ ទៅ ៣ម៉ឺន ពាន់លានដុល្លារ។ អាចថា ក្នុងរយៈពេលមួយឆ្នាំ ការនាំចូលទៅប្រទេសចិន នឹងមានតម្លៃប្រមាណ ២ពាន់ ពាន់លានដុល្លារអាមេរិក ពោលគឺនៅតែតិចជាងអាមេរិក ដែលនាំចូលរួចទៅហើយ ទំនិញ មានតម្លៃ សរុប ជាង ២៤០០ពាន់លានដុល្លារ។
ចិនជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីអាមេរិក ក្នុងនាមជាប្រទេសនាំចូលច្រើនជាងគេក្នុងពិភពលោក ពោលគឺនាំមុខ អាល្លឺម៉ង់ដែលជាប់ចំណាត់ថ្នាក់ទី៣ និងជប៉ុនចំណាត់ថ្នាក់ទី៤។ នៅឆ្នាំ ២០១៧ ប្រទេសចិន នាំចូលទំនិញ ដែលតម្លៃ ១៨៤២ពាន់ លានដុល្លារ ចំណែក អាមេរិកវិញ នាំចូលទំនិញ ពីបរទេស ដែលមានតម្លៃ ២៤០៩ពាន់លានដុល្លារ គឺច្រើនជាងចិន ដល់ទៅ ជាង ៥០០ពាន់លានដុល្លារ។
ប្រទេសចិន ដែលនៅឆ្នាំ នេះ ប្រារព្ធខួប៤០ ឆ្នាំ នៃជោគជ័យ នៃកំណែទម្រង់សេដ្ឋកិច្ច ចង់បង្ហាញថា ខ្លួនលែងតឹ្រមជាកន្លែង ផលិត ដូចមុន របស់ក្រុមហ៊ុនបរទេសហើយ។ ឥលូវនេះ ចិនអាចក្លាយជាទីផ្សារ ធំសម្បើម សម្រាប់ទំនិញបរទេស ជាពិសេស ជាមួយនឹងសន្ទុះកំណើន ចំនួនប្រជាជនចិន មានជីវភាពមធ្យម ដែលសព្វថ្ងៃនេះបានកើនដល់ទៅជាង ២៤០លាននាក់ រួចហើយនោះ។ ការប្រកាសបង្កើនការនាំចូលទំនិញពីបរទេស ក៏ដើម្បី ឆ្លើយតបនឹងតម្រូវការកើនឡើង ក្នុងស្រុកនេះដែរ។
ដំណឹងល្អណាស់ សម្រាប់ក្រុមហ៊ុនបរទេស?
ពិព័រណ៌អន្តរជាតិស្តីពីការនាំចូលទើបត្រូវបានរៀបចំ ឡើងជាលើកទី១ នៅប្រទេសចិន ជាទីដែលតាំងពីដើមរៀងមក គេផ្តោតសំខាន់ខ្លាំង ទៅលើការនាំចេញ ដើម្បី ជំរុញ កំណើនសេដ្ឋកិច្ចក្នុងស្រុក។ សម្រាប់ អ្នកវិនិយោគបរទេស ការប្រកាសរបស់ប្រធានាធិបតីចិន តាមពិត មិនមែនជារឿងថ្មីប្លែកនោះទេ។ ប្រធានាធិបតីចិន លោកស៊ី ជីនពីងធ្លាប់បានសន្យាច្រើនដង ហើយ ក្នុងការធ្វើកំណែទម្រង់ ដើម្បី សម្របសម្រួលការបោះទុនវិនិយោគរបស់ក្រុមហ៊ុនបរទេស។ ប៉ុន្តែ ការសន្យាមានតែនៅលើបបូរមាត់ ព្រោះថា នៅក្នុងការពិតជាក់ស្តែង ទីផ្សារចិន នៅតែបើកទ្វារតូចចង្អៀត សម្រាប់ក្រុមហ៊ុនបរទេស។
អង្គការដើម្បីសហប្រតិបត្តិការសេដ្ឋកិច្ឋ និងអភិវឌ្ឍន៍ ហៅកាត់ថា OCDEបានចាត់ប្រទេសចិន ក្នុងចំណាត់ថ្នាក់ទី ៥៩ ក្នុងចំណោមប្រទេសសរុប ៦២ ដែលបើកទា្វរសម្រាប់ការវិនិយោគដោយផ្ទាល់ពី ក្រុមហ៊ុនបរទេស។
តាំងពីណាពីមក ក្រុមហ៊ុនបរទេសបានរអ៊ូរទាំ តវ៉ាខ្លាំងពីនយោបាយរបស់រដ្ឋាភិបាលចិន ដែលរើសអើងក្រុមហ៊ុនបរទេស ដើម្បីផលប្រយោជន៍ក្រុមហ៊ុនក្នុងស្រុកចិន។ ក្រុមហ៊ុនបរទេស ត្រូវបានចាប់តម្រូវដោយច្បាប់ចិន ដើម្បី សហការជាមួយក្រុមហ៊ុនក្នុងស្រុក បើសិនចង់នាំចូល ឬ បោះទុននិយោគផលិតក្នុងស្រុក ចិន។ អ្នកវិនិយោគ និងរដ្ឋាភិបាលបរទេសជាច្រើនបានតវ៉ាផងដែរ ពីរបាំងរដ្ឋបាល ការរំលោភកម្មសិទ្ធិបញ្ញា ការលួចផ្ទេរបច្ចេកវិទ្យា និងការរកស៊ីមិនស្មោះត្រង់ ពីសំណាក់ក្រុមហ៊ុនចិន ដែលភាគច្រើនជាក្រុមហ៊ុនរបស់រដ្ឋ។ ក្រុមហ៊ុនGoogleវិញបានសម្រេចដើរចេញ លែងធ្វើជំនួញនៅចិន ដោយសារតែ គ្មានការការពារសិទ្ធិពីរដ្ឋាភិបាលចិន ឬក៏រងដោយផ្ទាល់ ដោយសារការតាមដានត្រួតពិនិត្យ ពីអាជ្ញាធរ ក៏ដូចជាត្រូវរងការវាយប្រហារពីចោរអ៊ីនធ័រនែតនៅប្រទេសចិន៕
ដោយ៖ មែវ សាធី